ភ្នំពេញ : នាពេលរសៀលសូរិយារៀបអស្ដង្គត នៅបរិវេណកាច់ជ្រុងក្រសួងបរិស្ថាន តុកៅអីជ័រទាបៗតម្រៀបត្រៀបត្រាជាច្រើននៅក្រោម ដើមក្ងោកដែលមានសភាពអ៊ូអរដោយមនុស្សម្នារង់ចាំអាហារចំណូលចិត្ត របស់ខ្លួន។ ម្ចាស់រទេះលក់មីឆា តូបលក់បបរស ចង្ក្រានចង្អើរអាំងសាច់ក្រកគោ និងត្បាល់បុកល្ហុងកំពុងញាប់ដៃញាប់ជើងរៀបចំអាហារជូនភ្ញៀវដែល នៅរង់ចាំត្រៀបត្រា។
ភ្ញៀវដែលទៅទទួលទាននៅទីនោះភាគច្រើនជាយុវវ័យដែលនិយមអាហារ សាមញ្ញតាមចិញ្ចើមថ្នល់ និងបានស្គាល់ទីនេះតាមរយៈការនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយ ជាពិសេសគឺបុកល្ហុងដែលមានម្ចាស់អាជីវកម្មជាខ្មែរកម្ពុជាក្រោម និងបានប្រកបរបរនេះតាំងពីឆ្នាំ ២០០៣មកម្ល៉េះ។ ដ្បិតតែកន្លងទៅជាង១១ឆ្នាំទៅហើយ បុកល្ហុងពូពៅត្រូវបានភ្ញៀវជាច្រើនអះអាងថារសជាតិនៅតែឆ្ងាញ់ និងបន្តទាក់ទាញភ្ញៀវថ្មីៗជានិច្ច។
អ្វីដែលពិសេសនោះគឺអ្នកលក់មានភាពរួសរាយបើទោះជាមមាញឹកនឹងការកុម្ម៉ង់ដ៏ច្រើនពីភ្ញៀវក៏ដោយ។
បុកល្ហុង ក្នុងមួយប្រអប់មានតម្លៃ២៥០០រៀល ហើយភ្ញៀវក៏អាចកុម្មង់បរិមាណម្ទេស និងគ្រឿងផ្សំនានាតាមចំណូលចិត្តរបស់ខ្លួនផងដែរ។
ដោយសារតែតម្លៃថោកសមរម្យ និងរសជាតិឆ្ងាញ់ផងនោះ ទើបភ្ញៀវជាច្រើនមិនសាញនឹងអង្គុយរង់ចាំរយៈពេលយូរបន្តិចនោះឡើយ៕