
ហាងខ្ទមស្រែ Plus មានកន្លែងអង្គុយបែបលម្ហែកាយ និងទទួលទានអាហារបែបខ្មែរ។ សហការី
សៀមរាប: អ្នកសៀមរាប និងអ្នកទេសចរមកពីទីក្រុងភ្នំពេញដែលនិយមម្ហូបខ្មែរភាគច្រើនច្បាស់ជាស្គាល់ហាង ខ្ទមស្រែ និងខ្ទមស្រែ Plus របស់លោក ម៉ាន ចាន់ណា ជាមិនខាន។ នៅទីនោះល្បីម្ហូបបែបអ្នកខេត្តសៀមរាប រួមទាំងម្ហូបកម្រធ្លាប់ឮមួយចំនួនដូចជា សម្លក្រិកសាច់ទាជាដើម។
ដោយឡែកសប្តាហ៍នេះ លោក ម៉ាន ចាន់ណា ដែលជាម្ចាស់ ហាងខ្ទមស្រែ និងខ្ទមស្រែ Plus បានបង្ហាញពីវិធីងាយៗក្នុងការធ្វើម្ហូប «បុកសាច់គោជាមួយសណ្តែកកួរ» សម្រាប់អ្នកដែលចង់រៀនធ្វើម្ហូបនៅផ្ទះដោយខ្លួនឯង។
គ្រឿងផ្សំរួមមាន សណ្តែកកួរ ក្រូចឆ្មារ ជីររណារ ជីក្រហម ម្ទេស សាច់គោ ខ្ទឹមក្រហម ខ្ទឹមស រំដេង អំបិល សណ្តែកដីលីង ម្សៅស៊ុប និងប្រហុក។

ម្ហូបបុកសាច់គោសណ្ដែកកួររសជាតិហឹរឆ្ងាញ់។ សហការី
មុនដំបូង យើងត្រូវលាងបន្លែឲ្យស្អាតរួចទុកឲ្យស្រស់ទឹក។ រីឯសាច់គោត្រូវហាន់ឲ្យស្តើងៗ រំដេងបុកវាឲ្យម៉ដ្ឋ ស្លឹកគ្រៃ និងម្ទេសហាន់ឲ្យស្តើងៗ សណ្តែកកួរកាត់ជាកង់ៗ បន្ទាប់ពីនេះ ច្របាច់ក្រូចឆ្មារ និងរំដេងម៉ដ្ឋយកតែទឹកដាក់ពីលើសាច់គោស្រស់ដែរ ក្នុងចានដែកធំមួយ សឹមច្របល់វាចូលគ្នាឲ្យសព្វសាច់រួចទុកមួយអន្លើ។
បន្ទាប់ពីដាក់ស្លឹកគ្រៃ និងម្ទេស ច្របល់ចូលគ្នាជាមួយប្រហុកចិញ្ច្រាំដោយបន្ថែមក្រូចឆ្មារ អំបិល ស្ករស ម្សៅស៊ុបឲ្យចូលជាតិគ្នា ទើបចាក់ប្រហុកចិញ្ច្រាំលាយគ្រឿងហើយនេះ ច្របល់ចូលគ្នាជាមួយសាច់គោ។

លោក ម៉ាន ចាន់ណា ដែលជាម្ចាស់ហាង ខ្ទមស្រែ និងខ្ទមស្រែ Plus។ សហការី
ចុងក្រោយបុកសណ្តែកកួរ ហាន់ជីររណារ និងបេះជីរក្រហម យកមកលាយគ្នាជាមួយនឹងសាច់គោ ដោយបន្ថែមសណ្តែកដីបុកចូលជាការស្រេច។
ហាងខ្ទមស្រែ Plus ស្ថិតនៅ ភូមិស្វាយដង្គុំ ក្រុងសៀមរាប ឬទាក់ទងតាមទូរស័ព្ទលេខ ០៧០ ៣៣៤ ៤៩៕