ភ្នំពេញ: ជា​បេនឡាន​បណ្ដុំ​ដោយ​មនុស្ស​អ៊ូអរ​រញ៉េរញ៉ៃ​តាំងពីព្រឹក​ព្រលឹម​ដល់​ក្បាលព្រលប់​នៅ​ផ្សារ​អូរឫស្សី មិន​ស្មានថា យប់​ឡើង​ទីតាំង​ដដែល​នេះ​ប្តូរ​ទៅជា​តូប​លក់​បាយ​ដ៏មាន​រសជាតិ​ឆ្ងាញ់​យ៉ាងនេះ​សោះ​។

ថ្វីដ្បិតថា មិនមែនជា​ហាង​ប្រណីតៗ​មាន​កន្លែង​អង្គុយ​ទូលំទូលាយ ឬ​សូម្បីតែ​កង្ហារ​ដាក់​បម្រើភ្ញៀវ តែ​តូប​លក់បាយ​តាម​ដង​វិថី​នេះ មាន​អតិថិជន​មកជា​ហូរហែ ខ្លះ​មក​អង្គុយ​រង់ចាំ​ទទួលទាន​នៅ​កៅអី​ជ័រ ហើយ​ខ្លះទៀត​ឆ្លៀត​មក​កុម្ម៉ង់​ខ្ចប់​ទៅផ្ទះ​។

បន្ទាប់ពី​ភ្ញៀវ​បាន​ភ្លក្ស​បាយឆា​សាច់​ក្ដាម និង​បាយ​ប៉ុន្មាន​មុខ​ទៀត​របស់​អ្នកស្រី ទេព ជា​ម្ចាស់​តូប​បាយ​ស្រូប​សៀវម៉ៃ ភាពចម្លែក​ចិត្ត និង​ចម្ងល់​ទាំងឡាយ​លែង​មាន ថែមទាំង​ជាប់ចិត្ត​ជាមួយ​ស្នាដៃ​ម្ចាស់​ហាង​ដ៏រួសរាយ​ទៀតផង​។

អ្នកស្រី ទេព ដែល​ពេល​ថ្ងៃ​ជួយ​អាជីវកម្ម​របស់​ម្ដាយ​នៅ​ហាង​ម៉ាស្សា​មុខ កែ​សម្ផស្ស ហើយ​ពេល​ព្រលប់​ឆ្លៀត​លក់ដូរ​អាហារ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពី​ដើមទង​នាំឱ្យ​អ្នកស្រី​បើក​តូប​លក់​បាយ​នៅ​ផ្សារ​អូរឫស្សី​នេះ​ថា​៖ «​តាមពិត​ទៅមុន​បង​មក​បើក​ទីនេះ បង​លក់​តែ​តាម​អនឡាញ​ប៉ុណ្ណោះ ហើយ​ទីនេះ​ជា​កន្លែង​របស់​បង​ថ្លៃបង តែ​ដោយសារ​គាត់​ឈប់​លក់ បង​ក៏​សម្រេចចិត្ត​សាកល្បង​បើក​លក់​តែម្ដង ហើយ​តូប​នេះ​ទើបតែ​បើក​ឆ្នាំទៅ​កាលពី​ខែតុលា ថ្ងៃទី​ ២៥ តែប៉ុណ្ណោះ​»​។

អ្នកស្រី​ក៏បាន​ឱ្យដឹងទៀតថា ខ្លួន​ចេះ​ធ្វើ​ម្ហូប​ទាំងអស់​នេះ​ដោយ​មិនបាន​ទៅ​រៀន​មកពីណា​ទេ​។ ដោយមាន​ជីតា​ជា​មេ​ចុងភៅ និង​ថៅកែ​តុការ អ្នកស្រី ក៏​ចាប់បាន​ជំនាញ​នេះ​ដោយ​ឯកឯង​តាំងពីក្មេង​។

បច្ចុប្បន្ន តូប​អ្នកស្រី ទេព ដាក់លក់​បាយ​តែ​ ៥ ​មុខ​ទេ ដោយ​មិនមាន​អ្នក​ជួយ​គ្រប់គ្រាន់ ហើយ​ស្ថានភាព​កូវីដ​ក៏​មិនសូវ​អំណោយផល​ក្នុង​ការធ្វើ​អ្វី​បាន​ច្រើនជាង​នេះដែរ​។

បេនឡាន​នៅ​ផ្សារ​អូរឫស្សី​ប្រែក្លាយ​ទៅជា​តូប​លក់​បាយ​នៅពេល​ល្ងាច​ដល់​អធ្រាត្រ​។ ហ៊ាន រង្សី

ត្រឹមតែ​ ៥ ​មុខ​របស់​អ្នកស្រី ទេព វា​អាច​អន្ទង​ចិត្ត​ភ្ញៀវ​មក​មិន​ដាច់​សូរ​ក្នុង​នោះ​រួមមាន បាយឆា​ក្ដាម​បែប​ថៃ​តម្លៃ​ ១ ​ចាន ១៦ ០០០៛ បាយ​គោងៀត តម្លៃ ១០ ០០០៛ បាយ​ឆ្អឹងជំនីរ​ជ្រូក​តម្លៃ ៨ ០០០៛ បាយ​សាច់ជ្រូក ៧ ០០០៛ បាយ​ត្រីងៀត តម្លៃ ៧ ០០០៛ និង​មាន​ពងទាខ ពង​ទា​ក្រឡុក ពងទា​ជ័រព្នៅ ថែម​ក្រៅ​ទៀតផង​។ ភ្ញៀវ​ដែលមាន​ក្រពះ​ទូលាយ​បន្តិច ក៏​អាច​កុម្ម៉ង់​លក្ខណៈ​បរិមាណ​ឌុប​តាម​ចំណូលចិត្ត​។

ក្នុងចំណោម​នោះ​បាយឆា​ក្ដាម​បែប​ថៃ លេចធ្លោ​ជាងគេ​ដោយ​វា​ត្រូវបាន​រៀបចំឡើង​ដោយមាន​សាឡាត់​នៅ​ខាងក្រោម​ហើយ​បាយឆា​ពងទា និង​សាច់​ក្ដាម​ចាក់ចេញ​ជា​ពុម្ព​រាង​មូល ផ្ទាប់​ជាមួយ​ប៉េងប៉ោះ​ខ្ចី ទឹក​ស៊ុប​ ១ ​កូនចាន ចាន​ទឹកត្រី និង​ទឹកត្រី​កោះកុង​ថែមទៀត​។ បរិមាណ​គឺ​សមរម្យ រសជាតិ​ក៏​ឆ្ងាញ់​ប្លែក​។

រីឯ​បាយ​ ៤ ​មុខ​ទៀត​ក៏​សុទ្ធ​តែមាន​រសជាតិ​ឆ្ងាញ់​ប្លែក​ម្យ៉ាង​ម្នាក់ ដោយ​គ្រប់​បាយ​មាន​ទឹកជ្រលក់ ជ្រក់ត្រសក់ និង​ជ្រក់ស្ពៃ​ជូរអែម​ឆ្ងាញ់ រឹតតែ​បន្ថែម​រសជាតិ​បាយ​ឱ្យ​កាន់តែ​មានឱជារស​។

ស្ត្រី​វ័យ​ ២៩ ​ឆ្នាំ ម្ចាស់​តូប​លក់​បាយ​ឆា​ល្បី​រូបនេះ​បាន​រំឭក​ពី​ទិដ្ឋភាព និង​មតិយោបល់​ ២ ដែល​អ្នកស្រី​ទទួលបាន​ហើយ​ចាំ​មិន​ភ្លេច យ៉ាង​ដូច្នេះ​ថា​៖ «​ថ្ងៃ​ដំបូង​ដែល​បង​ដាក់លក់​បាយឆា​ក្ដាម ចាំបាន​ថា កាលនោះ​មាន​មនុស្ស​យ៉ាងច្រើន​ទាំង​តេ​មក​កុម្ម៉ង់ ទាំង​មក​ញ៉ាំ​។ បង​លក់បាន​ជិត ២០០ ​ប្រអប់ ក៏ប៉ុន្តែ​វា​ក៏​ធ្វើឱ្យ​បង​ធ្វេសប្រហែស​ដែរ​»​។

តូប​បាយ​មាន​ភ្ញៀវ​មក​ទទួលទាន​ផ្ទាល់ និង​កុម្ម៉ង់​ខ្ចប់​យ៉ាងច្រើន​ហូរហែ​។ហ៊ាន រង្សី

អ្នកស្រី​បាន​និយាយទៀតថា​៖ «​ដោយសារ​ការប្រញាប់ បងអត់​បាន​ធ្វើ​ដូច​ក្នុង​រូប បង​ដាក់​សាច់​ក្ដាម​ក្រឡុក​ជាមួយ​ពង​ទា​ចៀន​ហើយ​គ្រប​ដាក់​បាយ​។ គេ​មើល​មក​ដូច​ចៀន​ពង​ទា​គ្របពីលើ​បាយ គាត់​យក​បង​ទៅ​ត្រូល ថា​បង​ធ្វើ​មិន​ដូច​ក្នុង​រូប​។ បង​កែតម្រូវ​ហើយ​និយាយ​តាម​ត្រង់​បង​មិនបាន​ខឹង​គាត់​ទេ មាន​គាត់​ទើប​បង​មាន​ថ្ងៃនេះ​»​។

អ្នកស្រី​ក៏បាន​រំឭក​ពី​បងប្រុស​ម្នាក់ទៀត​ដែល​ខ្លួន​ចង់​អរគុណ​ដូចគ្នា​ថា​៖ «​ថ្ងៃទី​ ១ ​គាត់​មក​ញ៉ាំ​បាយ​នៅ​តូប​បង​។ ថ្ងៃទី​ ២ ​គាត់​មក​ខ្ចប់​បាយ​ទៀត​។ គាត់​ហៅ​បង​ទៅប្រាប់ គាត់​ថា​បាយ​អូន​ឯង​ឆ្ងាញ់ ហើយ​ការវេចខ្ចប់​គឺ​ល្អ តែ​គួរតែ​ប្ដូរ​ចាន ព្រោះ​ពេល​ហ្នឹង​បង​អត់​ទាន់​បាន​ទិញ​ចាន​ស​ហ្នឹង​ទេ​។ គាត់​ថា អូន​ឯង​កំពុង​ល្បី​ក្នុងបណ្តាញ​សង្គម អ៊ីចឹង​អូន​ឯង​កុំ​ធ្វេសប្រហែស​»​។

ពេល​ចំនួន​អ្នក​កើត​កូវីដ​ឡើង​ចុះៗ អ្នកស្រី ទេព ក៏​ជួប​បញ្ហា​ដូចគ្នា ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃមុន​មាន​ប្អូនស្រី​ម្នាក់​ដែល​គាត់​ជា​អ្នកល្បី​ក្នុង Tik Tok បានមក​ញ៉ាំ​ហើយ​បង្ហោះ​ក្នុង​ផេច​គាត់ ពេលនោះ​ក៏មាន​មនុស្ស​មក​ច្រើន​វិញ​ហើយ​នាំ​គា្ន​បង្ហាញ Tik Tok ដល់​អ្នកស្រី​គ្រប់គ្នា​។

យ៉ាងណាមិញ អ្នកស្រី​ក៏​ចង់​ធ្វើការ​អរគុណ​ដល់​អតិថិជន​គ្រប់រូប​ដែល​ជួយ​គាំទ្រ និង​ជួយ​បង្ហោះ​តៗ​គ្នា អ្នកស្រី​បាន​ប្រាប់ថា​៖ «​បង​ក៏​អរគុណ​សម្រាប់​ការគាំទ្រ​។ ថ្ងៃ​ខាងមុខ បង​មានបំណង​បើកហាង​តូច​មួយ និង​ដាក់លក់​មុខម្ហូប​បន្ថែម​ទៀត​ដូចជា​នំ​បាញ់ស៊ុង​កំពត នំ​បញ្ចុក​ណាំ​យ៉ា​គ្រឿង​ក្នុង​ជ្រូក និង​ច្រើន​ទៀត​ដែល​បង​ធ្លាប់​លក់​អនឡាញ​»​។

តូប​លក់​បាយ​ស្រូប​សៀវម៉ៃ​ចាប់​បើក​ពី​ម៉ោង​ ៦ ឬ ៧ ​យប់ ដោយ​អាស្រ័យ​លើ​ភាពលឿន ឬ​យឺត នៃ​រថយន្ត​ចេញ​អស់​។ តូប​លក់​បាយ​មាន​ទីតាំងនៅ​ខាងមុខ​ផ្សារ​អូរឫស្សី និង​បម្រើភ្ញៀវ​រហូត​ដល់​ម៉ោង​ ១២ ​យប់​។ ទូរស័ព្ទ​លេខ ០៩៦ ៣៣៣៣៣៧៣ និង ០៨៧ ៦០០ ៦៦០ សម្រាប់​ការដឹកជញ្ជូន​៕