The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ប៊ីស្តឹក​ស្រូប​ទឹក​ជ្រលក់​ជប៉ុន​ថឺរី​យ៉ាគី

ប៊ីស្តឹក​ស្រូប​ទឹក​ជ្រលក់​ជប៉ុន​ថឺរី​យ៉ាគី

ប៊ីស្តឹក​ស្រូប​ទឹក​ជ្រលក់​ជប៉ុន​ថឺរី​យ៉ាគី

Content image - Phnom Penh Post

ភ្នំពេញ : គ្រាន់​តែ​ចូល​ដល់​ភោជនីយដ្ឋាន Fish & Co ភ្លាម ការ​រចនា​ខាង​ក្នុង​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ហាក់​បី​ដូចជា​បាន​ចូល​ទៅ​ក្រោម​បាត​សមុទ្រ។​ផ្កាយ​សមុទ្រ ខ្យង​និង​ត្រី​សមុទ្រ​ធំ​មួយ​ត្រូវ​បាន​ព្យួរ​តាម​ជញ្ជាំង​ហាង ដែល​មាន​លាប​ពណ៌​ទឹក​សមុទ្រ​លើ​ពិតាន មើល​ទៅ​ខៀវ​ស្រងាត់​ដូច​ផ្ទៃ​សាគរ​អ៊ីចឹង។

ថ្វី​ដ្បិត​តែ​យីហោ​ហាង​សរសេរ ថា «ត្រី» ក៏​ពិត​មែន ប៉ុន្តែ​ភោជនីយដ្ឋាន​ល្បី​នៅ​សិង្ហបុរី​មួយ​នេះ​មាន​បម្រើ​នូវ​ជម្រើស​គ្រឿង​សមុទ្រ​ដទៃ​ទៀត​រួម​ទាំង​ប្រភេទ​សាច់​ផ្សេងៗ​ជា​ច្រើន។

130115_22a
130115_22a
Content image - Phnom Penh Post

សម្រាប់​ថ្ងៃ​នេះ ខ្ញុំ​បាន​ជ្រើស​រើស​យក​ម្ហូប​ប៊ីស្តឹក ទឹក​ជ្រលក់​បែប​ជប៉ុន​ដ៏​ល្បី​ល្បាញ​ឈ្មោះ​ថា ថឺរី​យ៉ាគី (Rib-eye Steak with spicy Teriyaki Sauce។ ប៊ីស្តឹក​នេះ​មាន​រស​ជាតិ​បែប​អាស៊ី​កាត់​អឺរ៉ុប​ធ្វើ​ឲ្យ​លោក​អ្នក​ញ៉ាំ​ហើយ​ចង់​ញ៉ាំ​ទៀត​មិន​សូវ​រងាន់។ សូម​រីករាយ​ពី​វិធី​ចម្អិន​ជាមួយ​ខ្ញុំ​ដូច​តទៅ ៖

គ្រឿង​ផ្សំ​: សាច់​គោ​អូស្ត្រាលី ការ៉ុត ផ្កា​ខាត់​ណា ស្ពៃ​តឿ ដំឡូង​បារាំង ស្លឹក​ផា​ស្លី (parsley) ទឹក​ដោះ​គោ ទឹក​ក្រែម (cream sauce) ទឹក​ជ្រលក់​រសជាតិ​ដើម (original sauce) និង​ទឹក​ជ្រលក់​រសជាតិ​បែប​ជប៉ុន ថឺរី​យ៉ាគី (Teriyaki Sauce)។

វិធី​ធ្វើ : មុន​ដំបូង​ត្រូវ​យក​បន្លែ​ការ៉ុត ផ្កា​ខាត់ណា ស្ពៃ​តឿ និង​ដំឡូង​បារាំង ទៅ​កាត់​ជា​ដុំ​តូច​ល្មម មុន​នឹង​ដាក់​ចំហុយ​ដោយ​លាយ​អំបិល​បន្តិច​បន្តួច។ យក​ដំឡូង​បារាំង​ដែល​ចំហុយ​រួច​ទៅ​កិន​ឲ្យ​ម៉ដ្ឋ ដោយ​ប្រើ​ស្លាប​ព្រា​សង្កត់​វា។ សាច់​គោ​ត្រូវ​យក​ទៅ​លាង​ទឹក​ឲ្យ​ស្អាត រួច​ហាន់​ជា​បន្ទះ​ប៉ុន​បាត​ដៃ មុន​នឹង​អាំង​ត្រឡប់​ឲ្យ​ឆ្អិន​ល្មម។ រៀប​ចំ​សាច់​និង​បន្លែ ហើយ​ស្រូប​ទឹក​ជ្រលក់​រីឯ​ដំឡូង​បារាំង​ម៉ដ្ឋ​ត្រូវ​សូន​ឲ្យ​រាង​ដូច​កូន​ចាន មុន​នឹង​ចាក់​ទឹក​ដោះ​គោ​ពី​លើ​ជា​ការ​ស្រេច។

ប្រសិន​បើ​លោក​អ្នក​ចង់​ភ្លក្ស​រសជាតិ​ដើម​នៃ​ប៊ីស្តឹក​នេះ សូម​ទៅ​កាន់​ភោជនីយដ្ឋាន Fish & Co នៅ​ផ្ទះ​លេខ​១៣៩-១៤១ វិថី​ស៊ីសុវត្ថិ សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។ ទាក់​ទង​ទូរស័ព្ទ​លេខ ០២៣ ៩៦៦ ៩៦៩ សម្រាប់​ការ​កក់​កន្លែង៕

អត្ថបទគួរចាប់អារម្មណ៍