ក្រុង​ហាណូយ៖ ដោយ​​ដាក់​ឈ្មោះ​វា​ថា «កូរ៉ូណា​ប៊ើហ្គឺរ​»​ នំប៉័ង​​រាង​មូល​មាន​បន្លា​​ពណ៌​បៃតង​កៀប​ស្នូល​សាច់​បន្លែ​នៅ​ចំ​កណ្ដាល គឺ​ជា​គំនិត​ច្នៃ​ប្រឌិត​ថ្មី​របស់​ហាង ភីហ្សា និង​ប៊ើហ្គឺរ​មួយ ក្នុង​ក្រុង​ហាណូយ ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​អតិថិជន និង​ស្ដារ​ចំណូល​ពី​វិបត្តិ​​សកល បង្ក​ដោយ​វីរុស​កូរ៉ូណា។

ម្ចាស់​ហាង និង​ជា​មេចុង​ភៅ លោក ហ័ង ទុង (Hoang Tung) រំពឹង​ថា ប៊ើហ្គឺរ​រាង​ដូច​មកុដ​នេះ ​មិន​ត្រឹម​តែ​​ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​ឆ្អែត​​​ទេ ថែម​ទាំង​ឲ្យ​ពួក​គេ​មិន​សូវ​តានតឹង​នឹង​ព័ត៌មាន ២៤ ម៉ោង​​នៃ​វីរុស​កូរ៉ូណា​ក្នុង​ពិភព​លោក។

លោក ហ័ង ​​ប្រាប់​​ AFP ថា៖ «ខ្ញុំ​​​ឮ​តែ​​ព័ត៌មាន​អវិជ្ជមាន​ និង​រឿង​​គួរ​ឲ្យ​តក់​ស្លុត​​ពី​វីរុស​កូរ៉ូណា​ ហើយ​ខ្ញុំ​គិត​ថា ខ្ញុំ​គួរ​តែ​ធ្វើ​អ្វី​មួយ​ឲ្យ​មនុស្ស​សប្បាយ​​ចិត្ត​បន្តិច»។

លោក​ថា៖ «គំនិត​​ធ្វើ​ប៊ើហ្គឺរ​នេះ បាន​​ផុស​ឡើង ក្រោយ​ពេល​​​ខ្ញុំ​បាន​មើល​រឿង​តុក្កតា​ Toy Story មាន​តួអង្គ​​​​ពណ៌​បៃតង​ដូច​​មនុស្ស​ភព​ផ្កាយ ហើយ​​វា​មាន​អង់តែន​លើ​ក្បាល ស្រដៀង​​​​នឹង​រូបរាង​វីរុស​កូរ៉ូណា»។

លោក ហ័ង ​​រៀប​រាប់​ថា៖ «ពេល​​ខ្ញុំ​​ច្នៃ​ប៊ើហ្គឺរ​កូរ៉ូណា ខ្ញុំ​ចង់​ផ្ដល់​​អារម្មណ៍​​ល្អ​ដល់​អ្នក​ញ៉ាំ កុំ​ឲ្យ​មាន​ការ​ភិតភ័យ​ក្រោយ​​ពី​ស្ដាប់​ព័ត៌មាន​ជំងឺ​ឆ្លង​ឥត​ឈប់​ឈរ។ ដូច្នេះ​ខ្ញុំ​សម្រេច​ចិត្ត​ច្នៃ​រូបរាង​ប៊ើហ្គឺរ​ឲ្យ​មាន​រូបរាង​ឃ្យូត គួរ​ឲ្យ​ស្រឡាញ់ និង​គួរ​ឲ្យ​ចង់​ញ៉ាំ»។

ប៊ើហ្គឺរ កូរ៉ូណា របស់​យុវជន​វៀតណាម​ អាច​លក់​ចេញ​ ៥០ ដុំ ក្នុង ១ ថ្ងៃ​​​។ រូបថត AFP

បុគ្គលិក​​​លោក​​ចាប់​ផ្ដើម​ពិសោធ​ធ្វើ​នំប៉័ង​​ប៊ើហ្គឺរ​ ដោយ​លាយ​ជាមួយ​ម្សៅ​តែ​ម៉ាត់​ឆា និង​​សារធាតុ​ចម្រាញ់​ពី​ស្លឹក​​ម្នាស់ និង​បន្លែ​ស្លឹក​ផ្អែម​។

ម្ចាស់​ហាង​ភីហ្សា និង​ប៊ើហ្គឺរ រូប​នេះ​​​ថា៖ «យើង​ប្រើ​គ្រឿង​ផ្សំ​ដូច​ប៊ើហ្គឺរ​ដទៃ​​ទៀត​ដែរ ប៉ុន្តែ​ដើម្បី​ឲ្យ​នំប៉័ង​មាន​ពណ៌​បៃតង យើង​​​ប្រើ​គ្រឿង​​ផ្សំ​ធម្មជាតិ ជា​ស្លឹក​បន្លែ​ ជំនួស​ឲ្យ​ការ​ប្រើ​​​ល័ក្ត»។

ទំរាំ​តែ​ស្វែង​រក​គ្រឿង​ផ្សំ និង​រូបមន្ត​ត្រូវ លោក​ត្រូវ​ចំណាយ ​២-៣ សប្ដាហ៍​មុន​ពេល ​​​ប៊ើហ្គឺរ​កូរ៉ូណា​ ​ប្រចាំ​​ហាង​​លោក​បាន​រំលេច​រូបរាង​ និង​ដាក់​ឲ្យ​អតិថិជន​ធ្វើ​ការ​កុម្ម៉ង់​ទទួល​ទាន​។

ចាប់​តាំង​ពី​បើក​លក់​ដើម​សប្ដាហ៍​មុន ហាង​ដ៏​តូច​របស់​លោក ហ័ង មាន​កំណើន​អតិថិជន ដោយ ​១ ​ថ្ងៃ​លក់​​​ប៊ើហ្គឺរ​កូរ៉ូណា​យ៉ាង​តិច​ក៏ ៥០ នំ​ដែរ។

លោក ហ័ង ទុង ​ម្ចាស់​ហាង​ប៊ើហ្គឺរ​ កូរ៉ូណា ដែល​ទទួល​បានការ​គាំទ្រ​ច្រើន​​។ រូបថត AFP

លោក​រីករាយ​នឹង​ប្រជាប្រិយភាព​ដ៏​ឆាប់​រហ័ស​​នៃ​ប៊ើហ្គឺរ​កូរ៉ូណា ហើយ​អ្នក​ចូលចិត្ត​​វា​​ខ្លាំង​បំផុត ​គឺ​កូន​ប្រុស​របស់​លោក​តែ​ម្ដង។

លោក​និយាយ​ថា៖ «កូន​ប្រុស​ខ្ញុំ​ថា ប៊ើហ្គឺរ​នេះ​ពិត​ជា​អស្ចារ្យ​​ហើយ​​គាត់​លែង​សូវ​យំ​ខ្លាច​មេរោគ​​ហើយ»។

មិន​ខុស​ពី​ហាង​លក់​អាហារ​នានា​នៅ​ក្រុង​​ហាណូយ ហាង​ភីហ្សា Pizza Home របស់​លោក​​មាន​ចំនួន​អតិថិជន​​ធ្លាក់​ចុះ​យ៉ាង​គំហុក​ ដោយសារ​តែ​វៀតណាម​បាន​ប្រកាស​បិទ​កន្លែង​ស៊ី​ផឹក​ស្រាបៀរ និង​ភោជនីយដ្ឋាន​​តាំង​ពី​ចុង​ខែ​មិនា ដោយ​អនុញ្ញាត​ត្រឹម​តែ​មាន​ការ​កុម្ម៉ង់​អាហារ​​ដឹក​ជញ្ជូន​ដល់​ផ្ទះ។

ប្រទេស ​វៀតណាម ​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ជាង ២៤១ នាក់​ ហើយ​អាជ្ញាធរ​​រឹត​បន្តឹង​ការ​ដើរ​ហើរ​របស់​ពលរដ្ឋ​ និង​ហាម​​ការ​ជួប​ជុំ​មនុស្ស​ច្រើន ដើម្បី​កាត់បន្ថយ​ការ​រីករាល​ដាល​​នៃ​ជំងឺ​កូវីដ ១៩៕ AFP