
ភ្នំពេញ : ស្ថិតនៅជិតស្ថានទូតអូស្ត្រាលីភោជនីយដ្ឋាន «ផ្ទះត្រាវ» ដែលទើបតែបើកសម្ពោធកាលពីថ្មីៗនេះ តែងមានសភាពអ៊ូអររាល់ៗល្ងាច ដោយសារតែទីនោះសម្បូរមុខម្ហូបច្នៃប្រឌិតថ្មីៗខុសប្លែកពីហាងដទៃ។ ថ្ងៃនេះភ្នំពេញប៉ុស្ដិ៍នឹងនាំលោកអ្នកទៅភ្លក្ស«ប្រហិតសាច់កង្កែប»ដ៏ឈ្ងុយឆ្ងាញ់ពិសា។
គ្រឿងផ្សំ : កង្កែបស្រស់ សាច់ជ្រូក ស្លឹកខ្ទឹម ស្លឹកក្រូចសើចស្រស់ ការ៉ុត ក្រូចឆ្មារ ប៉េងប៉ោះខ្ចី អំពិលទុំ ខ្ទឹមស ម្ទេស អំបិល ស្ករស ប្រេងឆា និងម្សៅស៊ុប។
វិធីចម្អិន : កង្កែបឆៅត្រូវពន្លះយកឆ្អឹងចេញ រួចយកទៅចិញ្ច្រាំលាយជាមួយសាច់ជ្រូក ស្លឹកខ្ទឹម ដោយបន្ថែមនូវគ្រឿងផ្សំរួមមាន អំបិល ស្ករស និងម្សៅស៊ុប។ សាច់ដែលចិញ្ច្រាំនិងលាយគ្រឿងរួចត្រូវយកទៅពូតជាដុំៗដូចប្រហិតមូល រួចយកទៅបំពងជាមួយប្រេងឆាឲ្យឡើងក្រហម។ ស្លឹកក្រូចសើចត្រូវយកទៅបំពងមួយភ្លែតឲ្យស្រួច ហើយរោយពីលើប្រហិតនោះជាការស្រេច។ ប្រហិតនេះអាចទទួលទានជាមួយបន្លែការ៉ុត និងប៉េងប៉ោះ ឬបន្ថែមរសជាតិជាមួយទឹកជ្រលក់អំពិលទុំ។ ទឹកត្រីអំពិលទុំផ្សំឡើងពី អំពិលទុំស្រុះទឹកក្ដៅឲ្យចេញជាតិជូរ។ ទឹកអំពិលទុំនោះចាក់ចូលខ្ទះរួចឆាវាជាមួយខ្ទឹមសចិញ្ច្រាំ ដោយលាយជាមួយស្ករស អំបិល និងម្សៅស៊ុប ហើយបន្ថែមម្ទេសតិចឬច្រើនតាមចំណូលចិត្ត។
បើប្រសិនបើលោកអ្នកចង់ដឹងថា ប្រហិតសាច់កង្កែបមានរសជាតិឆ្ងាញ់យ៉ាងណានោះ លោកអ្នកក៏អាចអញ្ជើញទៅភ្លក្សអាហារនេះផ្ទាល់នៅភោជនីយដ្ឋាន ផ្ទះត្រាវ ស្ថិតនៅជិតស្ថានទូតអូស្ត្រាលី ម្ដុំផ្លូវឡើងទៅស្ពានឆ្ពោះទៅកាន់កោះពេជ្រ។ ទំនាក់ទំនងលេខទូរស័ព្ទ ០៦៩ ៦១ ៩៩ ១៦ និង០៦៩ ២៦ ៧៦ ៧២។ ក្រៅពីម្ហូបខាងលើនេះ ផ្ទះត្រាវក៏ល្បីសម្បូរមុខម្ហូបប្លែកៗដូចជា គោដុតក្រដាស បាយក្ដាំងពិសេស និងខ្យងខ្ទិះអាំង៕