ភ្នំពេញ: គុយទាវគឺជាអាហារដ៏ពេញនិយមសម្រាប់ប្រជាជនកម្ពុជា។ អាហារសរសៃវែងៗដែលស្រូបដោយទឹកស៊ុប មានសាច់ និងបន្លែនេះអាចទទួលទានបានគ្រប់ពេលតែម្ដង។
ថ្វីដ្បិតតែហាងគុយទាវនៅរាជធានីភ្នំពេញមានច្រើនហូរហែក៏ពិតមែន ប៉ុន្តែភោជនីយដ្ឋាន អ៊ុយ គុយទាវ បានរក្សាភាពលេចធ្លោទាំងការតុបតែងបែបទំនើប រំលេចនូវពូកសាឡុងអង្គុយពណ៌ក្រហម ផើងរុក្ខជាតិបៃតង គំនូរដើមឈើលើជញ្ជាំង ក្រោមពន្លឺភ្លើងអំពូលរំយោល។
ក្រៅពីទទួលបានការសរសើរពីសរសៃគុយទាវធ្វើពីអង្ករផ្កាម្លិះខ្មែរនោះ ចុងភៅល្បីឈ្មោះនៅកម្ពុជាលោក លូ ម៉េង បានសម្រេចចិត្តបង្កើតហាងនេះឡើងក្នុងគោលបំណងរក្សារសជាតិដើមរបស់គុយទាវខ្មែរ ដោយផ្ដោតលើកត្តាសុខភាព និងអនាម័យល្អ។
ក្នុងចំណោមអាហារក្នុងបញ្ជីមុខម្ហូបទាំងអស់ គុយទាវភ្នំពេញពិសេសមានការពេញនិយមខ្លាំងពីភ្ញៀវ ដោយសារតែមានគន្លឹះពិសេសក្នុងការរម្ងាស់ទឹកស៊ុបជាមួយឆ្អឹងជ្រូកពី ៦ ទៅ ៨ ម៉ោងមិនមានខ្លាញ់ ធ្វើឲ្យទឹកស៊ុបមិនរងាន់ គួបផ្សំនឹងបន្លែថ្មីៗ ស្រស់ៗ ដាំដុះបែបធម្មជាតិ។
ក្រៅពីគុយទាវភ្នំពេញ ភ្ញៀវក៏មានជម្រើសដូចជា គុយទាវគ្រឿងសមុទ្រ គុយទាវខគោ គុយទាវចៀនបន្ទះដែក មីគាវគ្រឿងសមុទ្រ និងម្ហូបខ្មែរដូចជា បាយប្រហុកខ្ទិះ សាច់គោខ្មែរឆាម្រេចខ្ចី និងបង្អែមខ្មែរជាច្រើនមុខ។
ក្រោយពីបង្ហាញវត្តមានឯផ្សារទំនើបអ៊ីុអនម៉ល ភោជនីយដ្ឋាន អ៊ុយ គុយទាវ សាខាទី៣ ទើបនឹងបើកថ្មីថ្មោង តាមបណ្តោយផ្លូវកម្ពុជាក្រោម (ផ្លូវ១២៨) អាសយដ្ឋានផ្ទះលេខ ៨៩៩ សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក ទំនាក់ទំនងទូរស័ព្ទលេខ ០១៥ ៩១៦ ៨៦៨៕