ភ្នំពេញ: បន្ទាប់​ពី​ល្បី​ឈ្មោះ​ថា​ជា​ហាង​លក់​ម្ហូប​ខ្មែរ​ឆ្ងាញ់ បន្លែ​គ្មាន​ជាតិ​គីមី​ហើយ​នោះ ហាង មាតុភូមិ បាន​ពង្រីក​សាខា​របស់​ខ្លួន​រហូត​ដល់​ទៅ ៤ កន្លែង បំពេញ​តម្រូវការ​អតិថិជន​ខ្លួន។

ទន្ទឹម​នឹង​នោះ មាតុភូមិ​នៅតែ​រក្សា​រសជាតិ អនាម័យ សេវាកម្ម និង​ម្ហូប​បែប​ខ្មែរ​ពិតៗ​នៅ​ដដែល។

លោក មាស ម៉ែន បាន​អះអាង​ថា៖ «គ្រួសារ​របស់​ខ្ញុំ​ចង់​រក្សាទុក​នូវ​ម្ហូប​បែប​ខ្មែរ រសជាតិ​ខ្មែរ​នេះ​ឲ្យ​នៅ​ដដែល ជា​ពិសេស​ចង់​ឲ្យ​ម្ហូប​ខ្មែរ​មាន​ឈ្មោះ​ល្បី​ដូច​ម្ហូប​ប្រទេស​ដទៃ​អ៊ីចឹង ទើប​បាន​ជា​ខ្ញុំ​សម្រេច​ចិត្ត​បើក​ហាង​លក់​តែ​ម្ហូប​ខ្មែរ​នេះ​ឡើង គឺ​យើង​មិន​លក់​ម្ហូប​អី​ផ្សេង​នោះ​ទេ»។

លោក​បន្តថា៖ «ជាពិសេស​ជាង​នេះ​ទៅ​ទៀត​គឺ​យើង​ស្វែងរក​ម្ហូប​ខ្មែរ​ចាស់ៗ តាម​ខេត្ត​នានា​ដែល​មិន​សូវ​មាន​អ្នក​ធ្វើ​យក​មក​ចម្អិន​ឡើង​វិញ ដើម្បី​ឲ្យ​ភ្ញៀវ​ខ្មែរ​យើង​ក្មេងៗ​សម័យ​ថ្មី​បាន​ស្គាល់​រសជាតិ​សម្ល​ព្រោង ម្ហូប​ជន​ជាតិ​ភាគ​តិច ម្ជូរ​ខ្ជិល នៅ​រតនគិរី ជាដើម។ យើង​ក៏មាន​ម្ហូប​ទូទៅ​ញាំ​ស្ដៅ ម្ជូរ​ស្លឹក​អម្ពិល​កូន​ត្រី​ចង្វា កង្កែប​បោប​អាំង​ជ្រលក់​ទឹក​ក្រសាំង និង​សៀង​ផង​ដែរ»។

ទន្ទឹមនឹង​នោះ​សប្តាហ៍​នេះ​ហាង​មាតុភូមិ បាន​បង្ហាញ​ម្ហូប​ឆ្ងាញ់​មាត់​មួយ​មុខ​គឺ ប្រហុក​ចិញ្ច្រាំ​ក្រសាំង​ចំហុយ គ្រាន់​តែ​ឃើញ​រូបភាព​គឺ​ស្រក់​ទឹក​មាត់​បាត់​ទៅ​ហើយ។ ចំពោះ​មុខ​ម្ហូប​នេះ កម្រ​មាន​អ្នក​ចេះ​ធ្វើ​ឲ្យ​បាន​រសជាតិ​ឆ្ងាញ់​ណាស់។

ចង់​ញ៉ាំ​ប្រហុក​ចិញ្ច្រាំ​ក្រសាំង​ចំហុយ ថែម​ពង​មាន់ និង​អន្លក់ នៅ​ហាង​មាតុភូមិ អាច​ទាក់​ទង​លេខ​ទូរស័ព្ទ ០១១ ៨៦៨ ០១០៕