The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រហុក​ដុតជ្រញ់​អន្លក់ខ្ចី ពី​ភោជនីយដ្ឋាន​ទន្លេ​បាសាក់ ១




ប្រហុក​ដុតជ្រញ់​អន្លក់ខ្ចី ពី​ភោជនីយដ្ឋាន​ទន្លេ​បាសាក់ ១

Content image - Phnom Penh Post
ប្រហុក​ដុតជ្រញ់​បន្ថែម​ម្ទេសហឹរ​ និង​អន្លក់​ខ្ចី​កាន់តែ​ឆ្ងាញ់​។ ហុង មិនា

ប្រហុក​ដុតជ្រញ់​អន្លក់ខ្ចី ពី​ភោជនីយដ្ឋាន​ទន្លេ​បាសាក់ ១

ភ្នំពេញ: ក្រោយការ​ផ្លាស់ប្ដូរ​ពីភោជនីយដ្ឋាន​ប៊ូហ្វេ​ទៅជា​កន្លែង​ទទួលទាន​អាហារ​កុម្ម៉ង់​លំដាប់​ខ្ពស់ ភោជនីយដ្ឋាន​ទន្លេបាសាក់ ១ បច្ចុប្បន្ន​មានការ​តុបតែង​រចនា​ហាង និង​បរិក្ខារ​ប្រើប្រាស់​ដ៏ស្អាត​ល្អ​ប្រណីត។

ទាំង​បរិយាកាស សង្ហារិម ចាន កែវ សម​ស្លាបព្រា ត្រូវបាន​តម្រៀប​លើតុ​យ៉ាង​រៀបរយ​ស្របតាម​លក្ខខណ្ឌ​ហាង​លំដាប់​ផ្កាយ។ ក្រឡេក​ទៅមើល​បញ្ជី​មុខម្ហូប​វិញ ភ្ញៀវ​មាន​ជម្រើស​ជាច្រើន​ដូចជា​អាហារ​ខ្មែរ ចិន ថៃ និង​វៀតណាម ដែល​ចម្អិន​ដោយ​ចុងភៅ​ជនជាតិ​ដើម។

ម្ហូប​ពិសេស​ប្រចាំ​ហាង​មាន​ដូចជា ស៊ុបពីរ​រសជាតិ​ឆ្នាំង​នាគ សាច់មាន់​ឆាម្រេច​ផ្ទាប់​បាយដំណើប ក្ដាមថ្ម​ឆា​ម្រេចខ្ចី បង្គា​បំពង​ម៉ាយូណេស អយស្ទ័រ​ក្រឡុក​ពងទា​បំពង ឆ្អឹងជំនីរ​ជ្រូក​បំពង និង​ប្រហុក​ដុតជ្រញ់ ជាដើម។ សម្រាប់​ម្ហូបខ្មែរ​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់ ១ មុខម្ហូប​ខ្មែរ​ដ៏ពេញ​និយម​ជាងគេ​គឺ​ប្រហុក​ដុត​ជ្រញ់។

សម្រាប់​ម្ហូប​ដុតជ្រញ់​មាន​គ្រឿងផ្សំ: ប្រហុក គល់​ស្លឹកគ្រៃ ក្រសាំង ខ្ទឹមស សាច់ជ្រូក​បីជាន់ ស្ករស ម្សៅ​ស៊ុប។ ចំណែក​បន្លែ​ពិសេស​ប្រើ​សម្រាប់​ជាអន្លក់​នោះ​មាន​ដូចជា ត្រប់ស្រួយ កញ្ឆែត ភ្លៅកង្កែប សណ្តែកកួរ ត្រសក់ ពពាយ និង​ម្ទេស​ហឹរជាដើម។

របៀប​ធ្វើៈ យក​សាច់ជ្រូក​បីជាន់​ចិញ្ច្រាំ​ជាមួយ​ប្រហុក​ខ្ទឹមស និងគល់​ស្លឹកគ្រៃ​ឲ្យ​ម៉ដ្ឋ។

បន្ទាប់មក​ចិញ្ច្រាំ​ក្រសាំង​ដាក់​លាយចូល​ប្រហុក​ដែល​ចិញ្ច្រាំរួច បន្តិច រួចសឹម​បន្ថែម​គ្រឿងផ្សំ​ចូល​ដូចជា​ស្ករស​និង​ម្សៅស៊ុប ច្របល់​ចូលគ្នា​ឲ្យចូលជាតិ​រួចហើយ​ដួសដាក់​លើជ្រញ់​និងបន្ថែម​ម្ទេស​ពីលើ។ បន្ទាប់​មកទៀត​ដាក់​ជ្រញ់​នោះដុត​លើ​ចង្ក្រាន​ធ្យូង​រហូត​ទាល់តែ​ឆ្អិន​ជាការ​ស្រេច។

លោកអ្នក​អាច​បរិភោគ​ជាមួយ​អន្លក់​ទៅតាម​ចំណង់​ចំណូលចិត្ត និង​ដាក់ម្ទេស​បន្ថែមគឺ​រឹតតែ​ឆ្ងាញ់៕

អត្ថបទគួរចាប់អារម្មណ៍