ភ្នំពេញ: ប្រហុកគឺជាមុខម្ហូបដ៏ពេញនិយមសម្រាប់ប្រជាជនខ្មែរយើង ដោយសារតែវាអាចរក្សាទុករហូតពេញមួយឆ្នាំ និងអាចយកមកច្នៃធ្វើម្ហូបបានច្រើនប្រភេទតាំងពីមុខចំហុយ អាំង រហូតដល់ស្ល។

សប្តាហ៍នេះ ភ្នំពេញ ប៉ុស្តិ៍ នឹងនាំអារម្មណ៍អស់លោកអ្នកទៅភ្លក្សម្ហូបរសជាតិបែបខ្មែរថៃគឺ «ប្រហុកចិញ្ច្រាំអាំងជ្រញ់» នៅភោជនីយដ្ឋាន Needa ដែលជាកន្លែងទទួលទានអាហាររចនាបែបទំនើបក្នុងបរិយាកាសមនោរម្យ ហ៊ុមព័ទ្ធដោយរុក្ខជាតិបៃតង។
គ្រឿងផ្សំ : ប្រហុក គល់ស្លឹកគ្រៃ ក្រសាំង ខ្ទឹមស សាច់ជ្រូកបីជាន់ ស្ករស ម្សៅស៊ុប។ ចំណែកបន្លែពិសេសប្រើសម្រាប់ជាអន្លក់នោះមានដូចជា ត្រប់ស្រួយ កញ្ឆែត ភ្លៅកង្កែប សណ្តែកកួរ ត្រសក់ ពពាយ និងម្ទេសហឹរជាដើម។
របៀប ធ្វើៈ យកសាច់ជ្រូកបីជាន់ចិញ្ច្រាំជាមួយប្រហុកខ្ទឹមស និងគល់ស្លឹកគ្រៃឲ្យម៉ដ្ឋ។ បន្ទាប់មកចិញ្រ្ចាំក្រសាំងដាក់លាយចូលប្រហុកដែលចិញ្រ្ចាំរួច បន្តិច រួចសឹមបន្ថែមគ្រឿងផ្សំចូលដូចជាស្ករសនិងម្សៅស៊ុប ច្របល់ចូលគ្នាឲ្យចូលជាតិរួចហើយដួសដាក់លើជ្រញ់និងបន្ថែមម្ទេស ពីលើ។ បន្ទាប់មកទៀតដាក់ជ្រញ់នោះដុតលើចង្ក្រានធ្យូងរហូតទាល់តែឆ្អិន។
លោកអ្នកអាចបរិភោគជាមួយអន្លក់ទៅតាមចំណង់ចំណូលចិត្ត និងដាក់ម្ទេសបន្ថែមគឺរឹតតែឆ្ងាញ់។
ចង់ដឹងថាប្រហុកចិញ្រ្ចាំ អាំងជ្រញ់នេះមានរសជាតិយ៉ាងណា សូមសាកល្បងទៅភ្លក្សផ្ទាល់នៅភោជនីយដ្ឋាន Needa ស្ថិតនៅកាច់ជ្រុងផ្លូវប៉ាស្ទ័រ និងផ្លូវ៣៦០ ក្នុងសង្កាត់បឹងកេងកង១។

ទំនាក់ទំនងទូរស័ព្ទលេខ០២៣៩៧៦៧៨៩ និង០១២៩៨៨៣០០៕