ភ្នំពេញ: បច្ចុប្បន្ន​នេះ​ហាង​សាច់​អាំង​ច្រើន​បាន​នាំ​គ្នា​ច្នៃប្រឌិត​ទីកន្លែង​របស់​ខ្លួន​ឲ្យ​មាន​សោភណភាព​ប្លែក​ទាក់ទាញ​អតិថិជន​។ ហាង​ខ្លះ​បាន​ចាប់​យក​រចនាប័ទ្ម​បែប​សម័យ​ថ្មី ជាមួយ​នឹង​តុ​កៅអី​ទំនើបៗ រីឯ​ខ្លះទៀត​ក៏​ច្នៃ​វត្ថុ​ធាតុដើម​មាន​ស្រាប់​ក្នុង​ស្រុក​ខ្មែរ​យក​មក​តុបតែង​ដូចជា​ហាង​អំពិល​អំពែក សាច់​អាំង​។

ទើប​តែ​បើក​ដំណើរការ​បាន​ ១ ​ខែ ហាង​នេះ​រចនា​ដោយ​ឫស្សី​យក​មក​ធ្វើ​ជា​តុ កៅអី និង​របង​ជាដើម ខណៈ​ផ្កាស្មៅ (​បបុស​) ត្រូវ​បាន​យក​មក​តុបតែង​ជំនួស​ផ្កាជ័រ ដើម្បី​ជា​ភាព​ទាក់ទាញ​ភ្នែក​មួយ​បែប​។

ក្រៅ​ពី​នេះ​ទៅ​ទៀត​ម្ចាស់​ហាង​បាន​ប្រើ​បំពង់​ទឹកត្នោត ជំនួស​កែវ​ដើម្បី​ឲ្យ​ត្រូវ​នឹង​បរិយាកាស​បែប​ស្រុកស្រែ​តែ​ម្តង​។

ចំពោះ​អាហារ​វិញ​ហាង អំពិលអំពែក ក៏​បាន​យក​ឆ្នាំងដី ចាន​ដី បំពង់​ឫស្សី កញ្ច្រែង​របស់​ខ្មែរ​មក​ប្រើប្រាស់​ទៅ​តាម​ប្រភេទ​ម្ហូប​នីមួយៗ​ដូចជា ឆ្នាំងដី​ដាក់​បាយ​ឆាកាពិ និង​កញ្ច្រែង​ដាក់​ឈុត​សាច់អាំង​គ្រឿង​សមុទ្រ​ជាដើម​។

ម្ហូប​ពិសេសៗ​ប្រចាំ​ហាង​អំពិលអំពែក​មាន​ដូចជា សាច់​អាំង​បែប​កូរ៉េ មួយ​ឈុត​តែ​ ២៤០០០ រៀល មឹក​បំពង​អឺរ៉ុប ១៨០០០ រៀល មាន់​លីង​ចេក​ខ្ចី ១៦៥០០ រៀល ត្រចៀកជ្រូក​លីង​អំបិលម្ទេស តម្លៃ ១៦៥០០ ​រៀល បាយឆា​ម្រះព្រៅ ៩០០០ រៀល ខ្ចងឆាក្តៅ ១៥០០០ រៀល និង​ម្ហូប​ច្រើន​មុខ​ទៀត​។

អំពិលអំពែក​សាច់​អាំង​ស្ថិត​នៅ​មហាវិថី​សហព័ន្ធរុស្ស៊ី ទល់មុខ​ផ្សារ​ទំនើប​ផាកសិន ម្ដុំ​សួន​ក្តាន់​ ២​។ ទូរស័ព្ទ​លេខ ០៩៣ ៩៩ ០០ ៨៩៕

ជំនួស​ដោយ​ចាន បំពង់​ឫស្សី​ដាក់​មឹក​បំពង​បែប​អឺរ៉ុប​។ ហុង មិនា

បុគ្គលិក​ពាក់មួក​ស្លឹកត្នោត​កាន់​ម្ហូប​។ ហុង មិនា