ភ្នំពេញ : ប្រសិនបើលោកអ្នកនិយមទទួលទានអាហារក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់ និងហ៊ុមព័ទ្ធដោយរុក្ខជាតិដ៏ស្រស់បំព្រងនោះ ភោជនីយដ្ឋាន «បៃតង» ម្ដុំបឹងកេងកង១ គឺជាជម្រើសដ៏ស័ក្ដិសមមួយ។

ភោជនីយដ្ឋានពណ៌សក្បុសអមដោយស្មៅ និងដើមឈើតូចធំគួរឲ្យត្រជាក់ភ្នែកមួយនេះមានបម្រើនូវអាហារអាស៊ីជាច្រើនមុខ។
ក្នុងចំណោមនោះ លោកអ្នកប្រាកដជាធ្លាប់ឮពីមុខម្ហូប «សម្លម្ជូរខ្ទិះម្នាស់» ដែលមានពណ៌លឿងស្រដៀងនឹងសម្លការីដែរ ប៉ុន្តែរសជាតិវិញគឺប្លែកមាត់។ រសជាតិជូរអែមនៃម្នាស់ សាច់បង្គាដ៏ឆ្ងាញ់ពិសា និងក្លិនក្រអូបឈ្ងុយនៃស្លឹកក្រូចសើចពិតជាធ្វើឲ្យអ្នកទទួលទាន ជាប់ចិត្តតែម្ដង។
ចង់ដឹងពីរូបមន្ត និងអាថ៌កំបាំងបង្កប់ក្នុងរសជាតិដ៏ឆ្ងាញ់ពិសានេះ សូមរីករាយស្វែងយល់ពីវិធីចម្អិន«សម្លម្ជូរខ្ទិះម្នាស់បង្គា» ដូចខាងក្រោម។
គ្រឿងផ្សំ : បង្គា ម្នាស់ ខ្ទិះដូង អម្ពិលទុំ ស្លឹកក្រូចសើច គ្រឿងបុក (រំដេង គល់ស្លឹកគ្រៃ រមៀត សម្បកក្រូចសើច ខ្ទឹមស និងខ្ជាយ) ម្ទេស ម្សៅស៊ុប អំបិល និងស្ករស។
វិធីចម្អិន : ដំបូងត្រូវយកបង្គាទៅលាងទឹក បកសម្បក វះយកសរសៃខ្មៅនៅខ្នងរបស់វាចេញ រួចទុកវាមួយអន្លើសិន។ បន្ទាប់មកត្រូវយកគ្រឿងបុកទៅរំលីងក្នុងឆ្នាំង រួចចាក់ខ្ទិះដូងចូល ដោយបន្ថែមគ្រឿងផ្សំរសជាតិរួមមាន អំបិល ស្ករស និងម្សៅស៊ុប។ អ្នកអាចជ្រំអម្ពិលទុំបន្តិច និងភ្លក្សរសជាតិសម្លថាតើជូរផ្អែមត្រូវតាមចំណូលចិត្តឬអត់។
ចុងក្រោយត្រូវដាក់ម្នាស់ឲ្យឆ្អិនល្មម មុននឹងបន្ថែមបង្គាចូលក្នុងឆ្នាំង។ នៅពេលដែលបង្គាឆ្អិនត្រូវបន្ថែមស្លឹកក្រូចសើច និងម្ទេសចូលជាការស្រេច។
មុខម្ហូបនេះមាននៅភោជនីយដ្ឋាន បៃតង ដែលស្ថិតនៅស្ថិតនៅផ្ទះលេខ៧ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ទូរស័ព្ទលេខ ០២៣ ៦៣ ០៣ ០០៥ និង០៩២ ៥០០ ៤០០៕