ភ្នំពេញ: អ្នកណាខ្លះចូលចិត្តញ៉ាំពងទាកូន? បើនិយាយពីពងទាកូន កន្លែងណាក៏មានលក់ដែរ។ ប៉ុន្តែនៅកន្លែងលក់ដែលមានលក្ខណពិសេស និងមានរសជាតិឆ្ងាញ់ជាងគេអ្នកណាៗជិះកាត់ក៏មិនដែលរំលងដែរ។
សិ្ថតនៅផ្សារតាប៉ាងក្រោមដំបូលតង់ពណ៌ខៀវ ពីមុខផ្ទះចាស់បាក់បែក មនុស្សជាច្រើនកំពុងអង្គុយជុំគ្នាញ៉ាំពងទាកូន រីឯ អ្នកខ្លះទៀតឈរកុម្ម៉ង់ខ្ចប់ទៅទទួលទាននៅផ្ទះ។
អ្នកលក់មុខស្រស់អង្គុយដួសពងទាកូនចេញពីឆ្នាំង អ្នកនាង សុភាព និយាយទាំងទឹកមុខអឹមអៀនថា៖ «ម្តាយរបស់នាងលក់ពងទាកូននៅផ្សារតាប៉ាងនេះយូរឆ្នាំមកហើយគឺតាំងពី ១៩៨៧ បានរយៈពេល ១០ ឆ្នាំ បន្ទាប់មកខ្ញុំក៏បន្តលក់ពីគាត់រហូតមកដល់បច្ចុប្បន្ននេះនៅពីមុខផ្ទះចាស់បាក់បែកនេះរហូត អ្នកណាៗក៏ស្គាល់ដែរគ្រាន់តែនិយាយថាពងទាកូនឆ្ងាញ់ផ្សារតាប៉ាងផ្ទះបាក់បែក»។
ស្ត្រីអ្នកលក់រូបនេះរៀបរាប់បន្តថា៖ «ម្តាយខ្ញុំគាត់ជាស្ត្រីមេម៉ាយ បានអាជីពលក់ពងទាកូននេះហើយជួយចិញ្ចឹមកូនបីនាក់ កាលជំនាន់នោះគាត់លក់មួយថ្ងៃបាន ១០០ ទៅ ២០០ គ្រាប់ ហើយរហូតមកដល់បច្ចុប្បន្ននេះខ្ញុំលក់បាន ៧០០ គ្រាប់ក្នុង ១ ថ្ងៃ ដោយ ១ គ្រាប់យើងលក់ ២០០០ រៀល»។
អ្នកនាងថា៖ «ចំពោះពងទាកូនគឺមានម៉ូយគាត់បោះដល់ផ្ទះ ហើយយើងរើសយកតែពងល្អលេខមួយ អ៊ីចឹងរសជាតិវាឆ្ងាញ់ជាប់មាត់តែម្តង។ ម្យ៉ាងទៀតគឺត្រង់ទឹកត្រីផ្អែមលាយជាមួយនឹងអំបិលម្រេចដែរធ្វើឲ្យរសជាតិពងទាកូនឆ្ងាញ់ខុសពីកន្លែងដទៃ»។

ពងទាកូនឆ្ងាញ់ផ្សារតាប៉ាងផ្ទះបាក់បែកនេះ មានភ្ញៀវគ្រប់លំដាប់ចូលញ៉ាំ ទាំងភ្ញៀវថ្មើរជើង ជិះម៉ូតូ រហូតដល់ជិះឡានទំនើប។ អ្នកខ្លះវិញញ៉ាំតាំងពីនៅរៀនរហូតដល់ចូលធ្វើការគឺនៅតែមកញុំាដដែល។
ភ្ញៀវភាគច្រើននិយាយថាពងទាកូននៅទីនេះ ក្តៅល្អ ជាពិសេសពេលញ៉ាំជាមួយនឹងអំបិលម្រេចទឹកត្រីផ្អែមគឺរឹតតែឆ្ងាញ់ទ្វេដង។ ទឹកត្រីនេះគឺជាចំណុចពិសេសនៃកន្លែងពងទាកូនផ្សារតាប៉ាងផ្ទះបាក់បែក។
ពងទាកូនឆ្ងាញ់ផ្សារតាប៉ាងផ្ទះបាក់បែក មានទូរស័ព្ទលេខ ០៩៨ ៩៧៧ ០១៧៕
