ភ្នំពេញ៖ ស្ថិត​នៅ​លើ​ដង​វិថី​ប៉ាស្ទ័រ ភោជនីយដ្ឋាន​បម្រើ​អាហារ​ម៉ាឡេស៊ី បាន​ទាក់ទាញ​​ភ្ញៀវ​ទាំង​ខ្មែរ និង​បរទេស មក​​ភ្លក្ស​អាហារ​ ជាពិសេស​​គឺ​បង្អែម ឆេនឌុល ដែល​ស្រដៀង​ទៅ​នឹង​បង្អែម​លត​ខ្មែរ​ជាមួយ​រសជាតិ​ឆ្ងាញ់​ប្លែក​មាត់​។

ឈាន​ជើង​ចូល​ភោជនីយដ្ឋាន ឆេនឌុល ហៅស៍ (Chendul House) ជញ្ជាំង​ពណ៌​លឿង​ស្រស់ ត្រូវ​បាន​លម្អ​​​ដោយ​ផ្ទាំង​គំនូរ​សហសម័យ អម​ដោយ​​​រូបភាព​ម្ចាស់​ហាង ​គឺ​ពិធីការិនី​ទូរទស្សន៍​ សុខ សុគន្ធបុប្ផា ​កាន់​​ចាន​បង្អែម​ ឆេនឌុល។​

សណ្តែក​ក្រហម​ជាមួយ​សរសៃ​​លត​ខ្លីៗ នៅ​​លើ​ទឹក​កក​ឈូស​ស្រូប​​ទឹក​ស្ករ​ និង​ខ្ទិះ​ដូង ​ជាមួយ​​រសជាតិ​ផ្អែម​ត្រជាក់​​​​ល្មម​ជួយ​បន្សាប​កម្ដៅ​ថ្ងៃ និង​ផ្ដល់​ថាមពល​ស្រស់ស្រាយ​ដល់​អ្នក​ទទួល​ទាន។

កញ្ញា សុខ សុគន្ធបុប្ផា វ័យ​ ២៣ ​ឆ្នាំ ជា​ស្ថាបនិក​ហាង ​ឆេនឌុល ហៅស៍ បាន​ប្រាប់​ ​ភ្នំពេញ​ប៉ុស្តិ៍​ ថា​៖ ​«​តាម​ដើម​​ឡើយ​ ខ្ញុំ​ចង់​បើក​ជា​ហាង​លក់​ម្ហូប​ថៃ​ទេ​ ដោយសារ​ជាប់​សែ​ស្រឡាយ​​ថៃ​ដែរ​ (ឪពុក​ជា​ជនជាតិ​ថៃ​) តែ​​ក្រោយ​ពី​បាន​ដើរ​ទៅ​កាន់​ប្រទេស ​ម៉ាឡេស៊ី ​ជា​ច្រើន​ដង ​រួច​​មក​យល់​ថា ​ខ្លួន​ពិត​ជា​ចូលចិត្ត​ប្រទេស​នេះ​ ដោយ​សារ​បរិយាកាស​ និង​ទំនោរ​នៃ​ការ​រក​ស៊ី​​​របស់​ប្រទេស​នេះ​ រួម​នឹង​កត្តា​ផ្សេងៗ​ជា​ច្រើន​ និង​មាន​​ការ​​​ជំរុញ​ពី​​មិត្តភក្តិ​ ដែល​ជា​ជនជាតិ​ម៉ាឡេស៊ី​ផង​នោះ ​ក៏​សម្រេច​​ចិត្ត​​បើក​ហាង​នេះ​ឡើង​តែ​ម្តង​ទៅ​»​។

អាហារ​ និង​បង្អែម​ម៉ាឡេស៊ី​ត្រូវបានចម្អិន​រៀបចំ​ដោយ​ម្ចាស់ហាង​ផ្ទាល់​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

អាហារ​ម៉ាឡេស៊ី​នៅ ឆេនឌុល ហៅស៍ ​សុទ្ធ​តែ​ជា​​​​​ចំណូល​ចិត្ត​របស់​ម្ចាស់​ហាង​​។ ​គ្រឿង​ផ្សំ​ទាំង​​អស់​ត្រូវ​បាន​ទិញ​មក​ពី​បង​ប្អូន​ខ្មែរ​អ៊ិស្លាម​ ដូចជា ​សាច់​មាន់​ និង​គ្រឿង​ទេស​មាន​​សញ្ញា Halal​។ ​រូបមន្ត​ចម្អិន​ម្ហូប ត្រូវ​បាន​កញ្ញា បុប្ផា ស្វែង​យល់​តាមរយៈ​​​ការ​រៀន​​ពី​​​អ៊ីនធឺណិត​ ​ការ​ភ្លក្ស​​​រសជាតិ​ដើម​នៃ​អាហារ​នៅ​ប្រទេស​ ​ម៉ាឡេស៊ី និង​បទពិសោធ​ចែក​រំលែក​ពី​មិត្តភក្ដិ​​របស់​កញ្ញា ដែល​​មាន​ជំនាញ​ខាង​ចុងភៅ​​។

ឆេនឌុល ហៅស៍ មាន​លក់​អាហារ​ម៉ាឡេស៊ី​ដូចជា​ Special Curry Mee ៤,៥០ ដុល្លារ, Prawn Mee (តូច ៣,៥០ ដុល្លារ និង ធំ ៤,៥០ ដុល្លារ), Curry Mee, Chicken Satay, Kuey Teow Soup តម្លៃ ៣,៥០ ដុល្លារ និង​ Assam Laksa ​តម្លៃ​ ៣,៨០ ដុល្លារ​។

ក្នុង​បញ្ជី​រាយនាម​អាហារ ក៏​មាន​បង្អែម​ម៉ាឡេស៊ី​​ដែល​ភ្ញៀវ​និយម​កុម្មង់ រួម​មាន ការ៉េម​ម្នាស់ និង​ដូង តម្លៃ ២ ដុល្លារ បង្អែម​ផ្លែ​ឈើ​លាយ​ជា​មួយ​ទឹក​ជ្រលក់​​មាន​រសជាតិ​ជូរហឹរ​ផ្អែម​លាយ​គ្នា​​ Rojak តម្លៃ ២,៥០ ​ដុល្លារ និង ​​ឆេនឌុល​ ៣ ​ជម្រើស​​រសជាតិ​ (រសជាតិ​​ដើម ២,៥០ ​ដុល្លារ រសជាតិ​ការ៉េម ៣ ដុល្លារ និង​រសជាតិ​​កាហ្វេ​ ស ៣ ដុល្លារ)។

ឆេនឌុល បង្អែមដ៏ពេញនិយម​បំផុត​​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

បង្អែម​ឆេនឌុល​ គឺ​ជា​បង្អែម​ដែល​ល្បី​ប្រចាំ​ហាង​ ដោយសារ​វា​មាន​រូបរាង​​ស្រដៀង​ទៅ​នឹង​បង្អែម​លត​ខ្មែរ​ដែរ។

យ៉ាង​ណា​មិញ ​​កញ្ញា សុខ សុគន្ធ​បុប្ផា បាន​បញ្ជាក់​ថា​៖ «​សម្រាប់​បង្អែម​ឆេនឌុល​ វា​ប្លែក​ហើយ​មាន​គ្រឿង​ផ្សំ​ច្រើន​ គឺ​លក់​ដាច់​ជា​ពិសេស​ជនជាតិ​ខ្មែរ​យើង​តែ​ម្តង​។ នៅ​ពេល​ដែល​​គាត់​ឃើញ​បង្អែម​គាត់​លាន់​មាត់​​​ថា​ជា​បង្អែម​​លត​ខ្មែរ​យើង​តើ ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​ពិសា​ចូល​ទៅ​ គាត់​បាន​ប្រាប់​​ថា​ វា​​គឺ​ឆ្ងាញ់​ ហើយ​ខុស​ពី​លត​ខ្មែរ​យើង គ្រាន់​តែ​មាន​សរសៃ​ដូច​គ្នា​ប៉ុណ្ណោះ​»​។

ម្ចាស់​ហាង​រូប​ស្រស់ ដែល​​​​ឆ្លៀត​ពេល​​ពី​ការងារ​នៅ​ស្ថានីយ​ទូរទស្សន៍​ មក​ចូល​ផ្ទះ​បាយ​ចម្អិន​ម្ហូប​ដោយ​ផ្ទាល់​ដៃ​នោះ បាន​ឲ្យ​ដឹង​ទៀត​ថា ​សរសៃ​លត​ ឆេនឌុល ​បាន​នាំចូល​​​ពី​ប្រទេស ​ម៉ាឡេស៊ី ​ផ្ទាល់​​ ហើយ​​អ្វី​ដែល​ធ្វើ​ឲ្យ​បង្អែម​នេះ​កាន់​តែ​ឆ្ងាញ់​ គឺ​ដោយសារ​រសជាតិ​របស់​​ទឹក​ស្ករ ​ខ្ទិះ​ដូង​ និង​គ្រឿង​ផ្សំ​ខ្លះ​យក​មក​​ពី​ម៉ាឡេស៊ី​ ​លាយ​ជា​មួយ​គ្រឿង​​ផ្សំ​​ក្នុង​ស្រុក​។

ម្ចាស់​ហាង​វ័យ​ក្មេង​ ដែល​បាន​​បញ្ចប់​​​ការ​សិក្សា​នៅ​សាលា​បច្ចេកទេស​ដុនបូស្កូ​កែប​ ផ្នែក​ទំនាក់​ទំនង​សង្គម​ និង​សារព័ត៌មាន​ជំនាញ​ Web Master ក៏​បាន​​​បង្ហើប​ពី​ការ​បែង​ចែក​ពេល​​វេលា​​​ចាត់ចែង​ហាង និង​ការងារ​ជា​ពិធីការិនី​យ៉ាង​ដូច្នេះ​ថា​​៖ ​«​ដោយសារ​តែ​អំណោយ​ផល​ម៉ោង​ការងារ​នៅ​កន្លែង​ធ្វើ​ការ​ដូច​នេះ​ខ្ញុំ​មិន​ពិបាក​ក្នុង​ការ​បែង​ចែក​ការងារ​ទេ ខ្ញុំ​ចូល​ធ្វើ​ការ​នៅ​ពេល​ថ្ងៃ​ត្រង់​ដល់​ល្ងាច​ ឬ​យប់​ ដូច​នេះ​ពេល​ព្រឹក​ខ្ញុំ​​ទំនេរ​ ខ្ញុំ​ត្រូវ​រៀប​ចំហាង​ និង​ធ្វើ​ម្ហូប​ហើយ​បើក​ហាង​ រហូត​ដល់​ម៉ោង​ធ្វើ​ការ​ ទើប​ចេញ​ទៅ​បន្ទាប់​ពី​ចេញ​ពី​ធ្វើ​ការ​ត្រូវ​មក​មើល​នឹង​បិទ​ហាង​​»​។

ប្រជាប្រិយភាព​របស់​ ឆេនឌុល ហៅស៍ ចំពោះ​ភ្ញៀវ​ខ្មែរ និង​បរទេស គឺ​ដោយ​តម្លៃ​សមរម្យ​​​ចាប់​ពី​ ២ ដុល្លារ ​រួម​ជាមួយ​បរិយាកាស​ល្អ​ និង​អាហារ Halal សម្រាប់​បងប្អូន​អ៊ិស្លាម​ផង​ដែរ​។

កញ្ញា​បាន​​លើក​ឡើង​ថា៖ «សម្រាប់​បង​ប្អូន​ដែល​ចង់​ប្លែក​មាត់​ និង​​ចង់​សាក​​ ម្ហូប​បែប​ម៉ាឡេស៊ី​ មិន​បាច់​ធ្វើ​ដំណើរ​ទៅ​ដល់​ម៉ាឡេស៊ី​ក៏​បាន​ ដោយសារ​ម្ហូប​ដែល​យើង​លក់​ គឺ​មាន​រសជាតិ​ដូច​គ្នា​ទៅ​នឹង​ម្ហូប​ម៉ាឡេស៊ី​តែ​ម្តង»។ ​

ឆេនឌុល ហៅស៍ (Chendul House) ស្ថិត​នៅ​ផ្ទះលេខ ២១៩ វិថី ​ប៉ាស្ទ័រ សង្កាត់ បឹងកេងកង ១ ខណ្ឌ ​ចំការមន រាជធានី​ភ្នំពេញ។ ហាង​បើក​បម្រើ​ភ្ញៀវ​ពី​ម៉ោង ១១ ព្រឹក​ ដល់​ម៉ោង ៩ យប់។ ទូរស័ព្ទ​លេខ ០៩៦ ៦៦ ៥៣ ៥៣៩៕

វីដេអូ៖