ភ្នំពេញ៖ នា​​រសៀល​ថ្ងៃ​អង្គារ​នៅ​ហាង ភីហ្សា ឃ្យូត (Pizza CUTe) អតិថិជន​ចម្រុះជាតិ​សាសន៍​កំពុង​អង្គុយ​ក្រេប​ស្រាបៀរ​ត្រជាក់​ស្រេង​ និង​ស្រា​ក្រហម​បែប​ក្លាស៊ិក​ រង់ចាំ​ភីហ្សា​ដ៏​ឈ្ងុយឆ្ងាញ់​របស់​ពួក​គេ​​ចេញ​ពី​ផ្ទះបាយ។

ស្ថិត​នៅ​ម្ដុំ​ទួលទំពូង ហាង​ ភីហ្សា ឃ្យូត​ ដែល​មាន​ថៅកែ ​២ រូប សុទ្ធ​តែ​ជា​ជនជាតិ​អ៊ីតាលី បាន​ទាក់ទាញ​ភ្ញៀវ​គ្រប់​ទិសទី​មក​ញ៉ាំ​​ភីហ្សា ដែល​ឆ្ងាញ់​ដូច​ទៅ​នឹង​រសជាតិ​នៅ​ទឹកដី​កំណើត​របស់​អាហារ​នេះ​ផង​ដែរ។

អង្គុយ​​ក្នុង​ហាង ​អ្នកនាង វេណេសា អ៊ីរីននីគ្លីយ៉ា ជា​អ្នក​ទេសចរ​អ៊ីតាលី​ម្នាក់​ បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ក្រោយ​ពី​ធ្វើ​ដំណើរ​ឆ្លង​កាត់​ថៃ វៀតណាម និង​ប្រទេស​ឯ​ទៀត​នៅ​អាស៊ី​មក ខ្ញុំ​ហ៊ាន​ថា ​ភីហ្សា​នៅ​ទីនេះ​ឆ្ងាញ់​ជាង​គេ​​នៅ​អាស៊ី។ រសជាតិ​​វា​ឆ្ងាញ់​ដូច​នៅ​អ៊ីតាលី​ អ៊ីចឹង»។

រីឯ​កញ្ញា ជិន ណាណា ជា​នារី​ខ្មែរ​ដែល​កំពុង​អង្គុយ​ជុំ​តុ​ជជែក​គ្នា​លេង​ជាមួយ​មិត្តភក្ដិ​ បាន​និយាយ​​ថា៖ «អាហារ​​អ៊ីតាលី​វា​ល្អ​ចំពោះ​សុខភាព ព្រោះ​គ្រឿង​ផ្សំ ជា​ពិសេស​ប្រេង​របស់​គេ ប្រេង​អូលីវ ហ្នឹង​​វា​ល្អ​ចំពោះ​សុខភាព។ ដូច្នេះ​តម្លៃ​មិន​ថ្លៃ​ទេ ព្រោះ​គេ​ប្រើ​របស់​ល្អៗ​មក​ចម្អិន»។

លោក អេនឌ្រា ជនជាតិអីុតាលីម្ចាស់ហាង ភីហ្សា ឃ្យូត ​​ដែលល្បីរសជាតិ​ឆ្ងាញ់​ដូច​នៅ​ប្រទេស​កំណើតលោក។ហុង មិនា

ភីហ្សា​ ឃ្យូត ត្រូវ​បាន​​​បើក​ដំណើរការ​​កាល​ពី​ខែ​តុលា ឆ្នាំ ​២០១៩ ដោយ​ការ​សហការ​រវាង​បុរស​អ៊ីតាលី ​២ រូប គឺ​លោក អេនឌ្រា​ សាល់វ៉ាទីកូ ​និង អាឡេសាន់ដ្រូ ប៉ាសាណានតេ ដែល​ជា​អ្នក​មាន​បទពិសោធ​ក្នុង​វិស័យ​ម្ហូប​អាហារ​ជា​ច្រើន​ឆ្នាំ។

លោក អេនឌ្រា មក​ពី​តំបន់ ជេណូវ៉ា នៅ​អ៊ីតាលី បាន​ជួប​លោក អាឡេសាន់ដ្រូ ជា​អ្នក​ចេះ​ធ្វើ​ភីហ្សា​ស្រាប់​នៅ​ឆ្នេរ​​អូរត្រេះ។

ម្ចាស់​ហាង​វ័យ​ ៥៤ ឆ្នាំ​ រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ជួប អាឡេសាន់ដ្រូ ដែល​ជា​អ្នក​ជំនាញ​ធ្វើ​ភីហ្សា មិន​ថា​ប្រភេទ​ប្រពៃណី​រាង​មូល​ ឬ​ភីហ្សា​​ប្រភេទ​មួយ​​ដុំៗ​នោះ​ទេ»។

លោក អាឡេសាន់ដ្រូ អាយុ ៤០ ឆ្នាំ​​មក​ពី​តំបន់ តូរីណូ បាន​មក​ប្រកប​អាជីវកម្ម​នៅ​ឆ្នេរ​អូរត្រេះ និង​មាន​ជំនាញ​អាហារ​អ៊ីតាលី​។

លោក អាឡេសាន់ដ្រូ ចុងភៅអីុតាលី និង​លោក អេនឌ្រា។ ហុង មិនា

ជាមួយ​តម្លៃ​ពី ៥ ទៅ ២០ ដុល្លារ ​ក្នុង​បញ្ជី​រាយ​នាម​មុខ​ម្ហូប ហាង ភីហ្សា​ឃ្យូត​ មាន​បម្រើ ភីហ្សា​​​មូល​ ភីហ្សា​ចៀន (panzerotti) សាំងវិច (Panini) ស្ប៉ាយហ្គើធី (Spaghetti) ប៉ាស្តា​មាន​ខ្ចប់ស្នូល (Ravioli) ឈីស​ទឹកដោះ​គោ (burrata cheese) និង​សាច់​ចំណិត​ (Cold Cuts)។

លោក អេនឌ្រា បាន​បញ្ជាក់​ថា៖ «យើង​ផ្ដល់​រសជាតិ​អ៊ីតាលី​ពិតៗ ព្រោះ​ម្សៅ​ដែល​យើង​ប្រើ​ចម្អិន​ភីហ្សា​សំខាន់​ណាស់ ក្រៅ​ពី​គ្រឿង​ផ្សំ​នៅ​លើ​សម្បក។ ម្សៅ​របស់​យើង​ឆ្ងាញ់ និង​ងាយ​ស្រួល​រំលាយ នេះ​ជា​រូបមន្ត​អាថ៌​កំបាំង​ប្រចាំ​ហាង​​យើង»។

ក្រៅ​ពី​ស្រាបៀរ​ត្រជាក់ៗ ភ្ញៀវ​ក៏​មាន​ជម្រើស​ក្រេប​ស្រា​អ៊ីតាលី​ ១០ ប្រភេទ​ផង​ដែរ។

ភីហ្សា ឃ្យូត ស្ថិត​នៅ​ផ្ទះលេខ ១៧០ ផ្លូវ​លេខ ៤៥០ ចាប់​បើក​ពី​​ម៉ោង ១១ ព្រឹក ដល់ ១០ យប់។ ទូរស័ព្ទ​ លេខ ០៧៨​ ៧៩ ​០៦ ​៧៩៕

វីដេអូ៖