ក្រុងប៉ារីស: ជា​រៀងរាល់​ចុងសប្ដាហ៍ ការតម្រង់​ជួរ​ដ៏វែង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ជិត​តំបន់​របាំ Moulin Rouge ឯ​ទីក្រុង​ប៉ារីស​។

ភ្ញៀវទេសចរ​ដែល​មក​តម្រង់​ជួរ​នៅ​ទី​នេះ​គឺ​ដើម្បី​ទទួល​បាន​ឱកាស​អង្គុយ​ញ៉ាំ​អាហារ​លំដាប់​ខ្ពស់​បែប​បារាំង​ជាមួយ​នឹង​ការចំណាយ​ដ៏ថោក​សមរម្យ​ជា​ទីបំផុត​។

កាលពី​ដើម​ខែ​មិថុនា​នេះ ម្ហូប​ស៊ុត​ម៉ាយូណេស​របស់​ភោជនីយដ្ឋាន Bouillon Julien ត្រូវ​បាន​បោះឆ្នោត​ជា​អាហារ​ដ៏ឆ្ងាញ់​បំផុត​ក្នុង​លោក​ដោយ​ចៅក្រម​បារាំង​ល្បីៗ​ធ្វើឲ្យ​ហាង Bouillon Pigalle កាន់តែ​មាន​ឈ្មោះ​បោះ​សំឡេង​ជាង​ឈ្នះ​ពាន​ផ្កាយ Michelin ទៅ​ទៀត​។

សម្រាប់​ការចំណាយ​អ្វី​គឺ​ចាប់ពី ១,៨០ អឺរ៉ូ (​ប្រមាណ ២ ដុល្លារ​) ភ្ញៀវ​អាច​ភ្លក្ស​រសជាតិ​អាហារ​សាមញ្ញ ប៉ុន្តែ​ត្រូវ​បាន​ចម្អិន​ដោយ​សិល្បៈ​ផ្ទះបាយ​បែប​បារាំង​លំដាប់​ខ្ពស់​។

ដូច្នេះ​ហើយ​ទើប​វា​មិន​មាន​អ្វី​ចម្លែក​ទេ ដែល​ភ្ញៀវទេសចរ​ជាច្រើន​សុខចិត្ត​ចំណាយពេល​ឈរ​តម្រង់​ជួរ ដើម្បី​ទទួល​យក​បទពិសោធ​ទទួលទាន​លំដាប់​ខ្ពស់​ក្នុង​តម្លៃ​ដ៏ទាប​។

នៅ​ភោជនីយដ្ឋាន​នេះ​ផង​ដែរ​ភ្ញៀវ​អាច​ជាវ​កញ្ចប់​អាហារ​ ៣ ​មុខ​ក្នុង​តម្លៃ​តែ ២០ អឺរ៉ូ​ប៉ុណ្ណោះ​។

លោក Edouard ជា​ម៉ូយ​ប្រចាំ​នៅ​ភោជនីយដ្ឋាន​បាន​លាន់មាត់​ថា​៖ «​នៅ​កន្លែង​នេះ​គ្មាន​អ្វី​ដែល​ធ្វើឲ្យ​យើង​មិន​ចូលចិត្ត​នោះ​ទេ​»​។

Bouillons ត្រូវ​បាន​បង្កើតឡើង​ក្នុង​ការបម្រើ​អាហារ​ស៊ុប និង​ចំហុយ​តម្លៃថោក ដល់​អ្នក​រស់នៅ​ទីក្រុង​ប៉ារីស​នៅ​សតវត្សរ៍​ទី ១៩​។ ហាង Bouillon Julien ដែល​មាន​ការតុបតែង​សល់​ពី​សម័យ ១១៣ ឆ្នាំ​មុន​បាន​ចាប់ផ្ដើម​ផ្ដល់​សេវា​អាហារ​ធូរ​ថ្លៃ តែ​គុណភាព​ខ្ពស់​កាលពី​ឆ្នាំ​មុន​៕