ភ្នំពេញ៖ ម៉ាណឺកាំងស្លៀកឈុតកានីវ៉ាល់ តាមវប្បធម៌អាមេរិកឡាទីន ឈរនៅច្រកចូលនៃភោជនីយដ្ឋានអគារកញ្ចក់ដែលបានស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ មកភ្លក្សសាច់អាំងប្រេស៊ីលដល់ទៅ ១៥ ប្រភេទ និងអាហារប៊ូហ្វេដ៏សម្បូរបែប ក្នុងបរិយាកាសប្រកបដោយផាសុកភាព។
Amigos Brazilian Steakhouse ជាភោជនីយដ្ឋានបង្កើតឡើងដោយសម្លាញ់ ២ រូបគឺលោក មីឆែល ភីតធឺរ និង ដានីញ៉ែល លីរ៉ា (Daniel Lira) ជាមួយបទពិសោធវិស័យម្ហូបអាហារនៅកម្ពុជាតាំងពីឆ្នាំ ២០១១។
ក្រោយពីហែលឆ្លងបទពិសោធសប្បាយ និងទុក្ខរួមគ្នាមក អ្នកទាំង ២ ក៏សម្រេចរំលេចចំណងមិត្តភាពតាមរយៈការដាក់ឈ្មោះហាងថា Amigos ជាភាសាឡាទីនដ៏ស្រួលចាំ និងមានន័យថា «ពួកម៉ាក» ជាភាសាខ្មែរ។
បើកដំណើរការក្នុងខែវិច្ឆិកា កាលពីឆ្នាំមុន ភោជនីយដ្ឋានផ្ដល់សេវាកាត់ និងរបៀបបម្រើស្តេកដល់ភ្ញៀវជាលក្ខណពិសេសបែបប្រេស៊ីលពិតប្រាកដ។ យ៉ាងណាមិញ សម្រាប់ប៊ូហ្វេមានអាហារចម្រុះជាតិសាសន៍តម្រូវភ្ញៀវមានរសនិយមខុសៗគ្នា។
លោក មីឆែល ជាម្ចាស់ហាងផង និងចុងភៅផងនោះ បានរៀបរាប់បន្តទៀតថា៖ «ហាងនៅប្រេស៊ីល តែងតែមានប៊ូហ្វេគួបផ្សំ ដូចគ្នានឹងទីនេះដែរ។ ដំបូង Amigos បានឲ្យភ្ញៀវរីករាយជាមួយនឹងប៊ូហ្វេ។ ក្រោយមកក្នុងពេល ដែលអតិថិជនកំពុងទទួលទានប៊ូហ្វេ បុគ្គលិករបស់ពួកយើង នឹងបម្រើសាច់ដែលមានដោតចង្កាក់ពីមួយមុខទៅមួយមុខជាប្រចាំទៅតាមតុ ដោយប្រាប់ឈ្មោះ និងរសជាតិសាច់ដល់អតិថិជនមុនពេលកាត់ចំណែកបម្រើភ្ញៀវ»។
បច្ចុប្បន្នស្តេកសាច់អាំងមាន ១៥ ប្រភេទ សម្រាប់ឲ្យភ្ញៀវជ្រើសរើស ដែលសាច់ទាំងនោះត្រូវបាននាំមកពីអាមេរិក អូស្រ្តាលី និងនូវែលសេឡង់។
អាហារពេលថ្ងៃត្រង់តម្លៃចាប់ពី ៩,៩៥ ដុល្លារ (សាច់ ៦ ប្រភេទ) និងអាហារពេលល្ងាចចាប់ពី ១៦,៥០ ដុល្លារ រហូតដល់ ឈុត ២៩,៩៥ ដុល្លារ (សាច់់ ១៥ ប្រភេទ)។
តម្លៃនេះត្រូវបានរាប់បញ្ចូលទាំងម្ហូបប៊ូហ្វេរួចជាស្រេច ជាមួយជម្រើសម្ហូបក្ដៅៗ សាលាដ សាច់ Cold Cuts បង្អែម និងផ្លែឈើជាច្រើនមុខ។
រីឯជម្រើសសាច់រួមមាន Beef Rib, Beef Hump, Rump Steak, Sirloin Steak, ស្តេកខ្ទឹមស សាច់គោស្តេកបែបចិន ថ្លើមទាឆ្អើរ សាច់ភ្លៅជ្រូកឆ្អើរ ស្លាបមាន់ សាច់ក្រកសាច់ជ្រូក ត្រីដូរីសាច់សុទ្ធ បេះដូងមាន់ ជើងចៀម បង្គា សាច់ជ្រូក ៣ ជាន់ និងសាច់សាស៊ីវ។
ម្ហូបពេញនិយមជាងគេសម្រាប់អតិថិជនក្នុងស្រុក គឺនំប៉័ងឈីសប្រេស៊ីល និងសាច់ Beef Rib។ ឯភ្ញៀវបរទេស គឺចូលចិត្តបែបស្តេក។
រយៈពេល ១០ ឆ្នាំនៃអាជីវកម្មភោជនីយដ្ឋានអ្នកជំនួញប្រេស៊ីលទាំង ២ នេះពុំធ្លាប់ជួបការលំបាក ដូចវិបត្តិជំងឺកូវីដបច្ចុប្បន្ននេះទេ។
ម្ចាស់ហាងវ័យ ៤៣ ឆ្នាំបានឲ្យដឹងថា៖ «កាលពីមុន មួយខែៗយើងមានភ្ញៀវជាង ២ ០០០ នាក់ តែពេលនេះមានត្រឹមតែ ២០០ ប៉ុណ្ណោះ។ ប៉ុន្តែយើងក៏ព្យាយាមអូសទាញភ្ញៀវឲ្យត្រលប់មកវិញ ដោយការបញ្ចុះតម្លៃ និងជាពិសេសនោះគឺអនាម័យ»។
រីឯលោក ដានីញ៉ែល ខិតខំរក្សាភ្ញៀវជាម៉ូយប្រចាំរបស់ហាងលោក។
ម្ចាស់ហាងវ័យ ៣៦ ឆ្នាំ រូបនេះបានបន្តថា៖ «ពួកយើងតែងតែឲ្យបុគ្គលិក ឬពេលខ្លះពួកយើងផ្ទាល់ទៅសួរមតិយោបល់ពីភ្ញៀវគ្រប់រូប ទាំងរសជាតិអាហារ និងបរិយាកាសក្នុងហាង ដើម្បីរក្សាគុណភាពរបស់វា ហើយបើមានអីកែតម្រូវ យើងនឹងធ្វើភ្លាម»។
ដោយមានការសំណូមពរពីអតិថិជនឲ្យមានការបើកហាងមួយទៀតមានទីតាំងធំទូលាយសម្រាប់រៀបចំកម្មវិធីនានា ដែលយ៉ាងហោចណាស់អាចទទួលភ្ញៀវបាន ២០០ នាក់នោះ ម្ចាស់ហាងក៏បង្ហើបថា៖ «ពួកយើងមានគម្រោងបើកហាងថ្មី នៅម្ដុំបឹងកក់ ឈ្មោះថា Amigos Prime»។
តែបច្ចុប្បន្ន លោកបានប្រាប់ថា លោកក៏ទទួលការផ្ដល់សេវាបម្រើម្ហូបដល់ផ្ទះទាំងនៅទីក្រុងភ្នំពេញ និងតាមបណ្ដាខេត្តផងដែរ។
Amigos Brazilian Steakhouse មានទីតាំងនៅផ្ទះលេខ ២៤៥ CEo, ផ្លូវ ៦៣ កែងផ្លូវ ៤០០ សង្កាត់បឹងកេងកង ១។ ទាក់ទងតាមទូរស័ព្ទលេខ ០៧៨ ៨៥៣ ៤៤១ និង ០៨១ ៩៥៦ ២២០៕
វីដេអូ៖