សៀមរាប៖ បុក​កំពឹស​ឆៅ ​ម្ជូរ​ក្បាល​​​ត្រី ប្រហុក​លីង ​​ចេក​គ្រាប់​ជ្រក់​ ផ្ទាប់​​សាច់​ក្រក​គោ ឬ​គោ​ងៀត ញាំ​ក្រូច​ត្លុង ញាំ​ស្ដៅ អាម៉ុក​កង្កែប ទឹក​គ្រឿង​សៀមរាប ទឹក​គ្រឿង​បាត់ដំបង ខ្នប់​កូន​ត្រី និង​ម្ជូរ​ក្ដាត​ គឺ​ជា​មុខ​ម្ហូប​ពេញ​និយម​​ ដែល​ស្ដ្រី​មេផ្ទះ​គ្រប់​រូប​ចាំ​រូបមន្ដ​យ៉ាង​ច្បាស់​។

នេះ​ជា​មូលហេតុ​ដែល​ភោជនីយដ្ឋាន​អង្គារ​ដី ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ដើម​ឆ្នាំ ​ដើម្បី​បម្រើ​មុខ​ម្ហូប​បែប​ប្រពៃណី​ខ្មែរ​ដល់​​ក្រុម​គ្រួសារ​ មិត្ដភក្ដិ និង​ក្រុម​ការងារ​​យ៉ាង​រីករាយ​។

លោក ឡុង ប៊ុនហោ ម្ចាស់​ហាង​អង្គារដី បាន​និយាយ​ថា​៖ «ខ្ញុំ​ផ្ដោត​សំខាន់​​លើ​អាហារ​ប្រចាំ​ថ្ងៃ ដែល​ពលរដ្ឋ​ខ្មែរ​យើង​តែងតែ​ទទួល​ទាន​នៅ​​តាម​​​​ផ្ទះ​សំបែង​រៀង​រាល់​ថ្ងៃ​។ ត្រឹម​ម្នាក់​ ២ ម៉ឺន​រៀល ​១ ​ពេល​។ សម្ល ​១ ​ឆ្នាំង​តូច​មាន​តម្លៃ ១៨ ០០០ រៀល វា​ពិត​ជា​​សមរម្យ​សម្រាប់​ពលរដ្ឋ​ទូទៅ​»។

នៅ​មាន​មុខ​ម្ហូប​ខ្មែរ​បែប​​ប្រពៃណី​ជា​ច្រើន​​ទៀត ដែល​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​មិន​​​ធ្លាប់​បាន​ភ្លក្ស​រសជាតិ​របស់​វា​ ឬ​កម្រ​​​បាន​ឃើញ​នា​ពេល​បច្ចុប្បន្ន​។

លោក ប៊ុនហោ បាន​ឲ្យ​ដឹង​ថា​៖ «ក្បាល​​ត្រី​បោប​ជា​ប្រភេទ​ម្ហូប​កម្រ ដែល​ទូទៅ​ភោជនីយដ្ឋាន​នានា​មិន​មាន​លក់​នោះ​ទេ​។ វា​មាន​គ្រឿង​ផ្សំ​ ក្បាល​​ត្រី សាច់​ចិញ្ច្រាំ មីសួ សណ្ដែកបាយ រួម​ទាំង​ពោះ​ត្រី​។ ​ប្រហុក​អាំង​ជ្រញ់​ ក៏​កម្រ​មាន​អ្នក​ជួប​ប្រទះ​ដែរ​ ពី​ព្រោះ​ប្រហុក សាច់​ជ្រូក​ ក្រសាំង ម្អម ចិញ្ច្រាំ​ចូល​គ្នា​ រួច​អាំង​លើ​ជ្រញ់​។ ចេក​គ្រាប់​ជ្រក់​ ​​ទទួល​ទាន​ជាមួយ​សាច់​​ក្រក​គោ ឬ​គោ​ងៀត រួម​ទាំង​ញាំ​ត្របែក ញាំ​ជម្ពូ ញាំ​បំពេញ​រាជ្យ និង​​ឆា​ជូរអែម​ត្របែក​ជាដើម​»។

អាម៉ុក​កង្កែប​ជា​មុខ​ម្ហូប​ខ្មែរ ដែល​លោក ប៊ុនហោ ​ធ្លាប់​ទទួល​បាន​ជយលាភី​​មេដាយ​មាស និង​ពាន​មាស​ក្នុង​ឆ្នាំ ​២០១៤ និង​​ញាំ​ត្របែក​ឈ្នះ​លេខ ២ មេដាយ​​ប្រាក់​​ នៅ​ឆ្នាំ​ដដែល។

ក្បាលត្រីបោប និង​បុក​កំពឹស​ឆៅ មាន​នៅ​ភោជនីយដ្ឋាន ​អង្គារដី។ហុង មិនា

នៅ​មាន​មុខ​ម្ហូប​ខ្មែរ​បែប​ប្រពៃណី​​ជា​ច្រើន​ទៀត​ ដែល​មេចុង​ភៅ​ខ្មែរ​រូប​នេះ​ជីក​កកាយ​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​​​​រំឭក​​ដល់​អតីតកាល​​​គ្រា​ស្ទើរ​តែ​គ្មាន​អ្វី​ទទួល​ទាន និង​បន្ដ​ថែ​រក្សា​អត្ដសញ្ញាណ​ម្ហូប​ខ្មែរ​ដល់​ក្មេង​ជំនាន់​ក្រោយ​ផង​ដែរ​។

លោក ឡុង ប៊ុនហោ បាន​និយាយ​ថា​៖ «​​មុខ​ម្ហូប​មួយ​ចំនួន ដែល​ជីក​កប់​ ឬ​មិន​សូវ​មាន​ការ​ចម្អិន​ស្ល​ជា​ប្រចាំ​នា​ពេល​បច្ចុប្បន្ន​ បាន​រំឭក​អំពី​រឿង​អតីតកាល​របស់​អតិថិជន​ខ្លះ​ជាមួយ​នឹង​រឿង​រ៉ាវ​ធ្លាប់​ឆ្លង​កាត់​»។

លោក​និយាយ​សំដៅ​លើ​សម្ល​ម្ហូរ​ក្ដាត និង​ស្អុះ​កូន​ត្រី ដែល​ស្រដៀង​ខ្នប់​កូន​ត្រី ថា៖ «​អតិថិជន​ខ្លះ​ប្រាប់​ពួក​យើង​ថា ក្រោយ​បែក​អាពត​មក ​ហូប​​​តែ​អាហ្នឹង កាល​មុន​គ្មាន​អ្វី​ស៊ី​ទេ​»​។

មេ​ចុងភៅ​ដែល​ជា​ប្រធាន​សមាគម​ចុងភៅ​កម្ពុជា (CCA) ផង​នោះ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍ ថា​៖ «​បើ​យើង​មិន​ជួយ​ជីកក​កាយ​មុខ​ម្ហូប​ខ្មែរ​បុរាណ​ជា​ច្រើន​នោះ​ទេ​ យើង​នឹង​ភ្លេច​រួច​បាត់បង់​អត្ដសញ្ញាណ​។ ជាក់​ស្ដែង​ចំពោះ​មុខ​ម្ហូប​អាម៉ុក សាសន៍​គេ​ ទាមទារ​ និង​​ប្រទាញ​ប្រទង់​គ្នា​រហូត​ដល់​មាន​ការ​​ប្រកួត​លក្ខណៈ​អន្ដរជាតិ ​រួម​​មាន​ អាមេរិក កាណាដា ស្វ៊ីស និង​ថៃ ហើយ​​ខ្មែរ​យើង​ឈ្នះ​មេដាយ​លេខ ​១ ទើប​បណ្ដា​ប្រទេស​ដទៃ​ទទួល​ស្គាល់​មុខ​ម្ហូប​ខ្មែរ»។

ក្នុង​បរិវេណ​ដ៏​ធំ​ទូលាយ​​នៃ​ភោជនីយដ្ឋាន ដើម​អង្គា​ដី​ត្រូវ​បាន​ដាំ​សម្រាប់​​លម្អ​ភោជនីយដ្ឋាន​ផង និង​ផ្គត់ផ្គង់​ផ្ទះ​បាយ​។ អង្គាដី​ជា​រុក្ខជាតិ​ដែល​លោក ប៊ុនហោ ចូលចិត្ដ​ ខណៈ​អ្នក​ម្ដាយ​របស់​លោក​​ស្ល​ជា​សម្ល​សម្រាប់​ព្យាបាល​ជំងឺ​ផ្ដាសាយ​។

លោក​រំឭក​ថា​៖ «កាល​ពី​ខ្ញុំ​អាយុ ​១៤ ឆ្នាំ ខ្ញុំ​កើត​ជំងឺ​ផ្ដាសាយ​ធំ។ អ្នក​ម្ដាយ​ខ្ញុំ​ស្ល​​ប្រាប់​ថា ខ្ញុំ​ញ៉ាំ​វា​ឲ្យ​ច្រើន​​ទៅ វា​ជា​ជួយ​កែ​អាការ​រោគ​ផ្ដាសាយ​។ ដល់​ពេល​ខ្ញុំ​ញ៉ាំ​រួច​គេង​ពេល​ថ្ងៃ​ត្រង់ ហើយ​​ពេល​ភ្ញាក់​ឡើង អាការ​ផ្ដាសាយ​ហាក់​បាន​ធូរ​ស្បើយ​ច្រើន​។ ខ្ញុំ​ទទួល​ស្គាល់​ថា អង្គា​ដី មាន​អត្ថប្រយោជន៍​លើស​ពី​អាហារ​ប្រចាំ​ថ្ងៃ​»។

អង្គុយ​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​នៅ​ភោជនីយដ្ឋាន​ក្រោយ​​​​ដើរ​កម្សាន្ដ​តាម​ប្រាង្គប្រាសាទ​នា​ចុង​សប្ដាហ៍​ លោក ខុង រីដា ជាមួយ​ភរិយា និង​កូន​ស្រី ពេញ​ចិត្ត​នឹង​​​ម្ហូប​ឆ្ងាញ់ៗ​​ដូច​ជា​​អាហារ​ចម្អិន​នៅ​​ផ្ទះ​​ប្រចាំ​ថ្ងៃ​។

លោក​និយាយ​អំឡុង​ពេល​រង់ចាំ​មុខ​ម្ហូប​សម្ល​កកូរ និង​ត្រី​អណ្ដែង​អាំង​​ថា​៖ «​មិន​ខុស​ពី​នៅ​ស្រុក​ស្រែ ម្ហូប​នៅ​ទីនេះ​មាន​ការ​រចនា​ស្រស់​ស្អាត​ជាង​បន្ដិច​។ បរិស្ថាន​ស្អាត ហើយ​មុខ​ម្ហូប​ឆ្ងាញ់​ និង​​មាន​អនាម័យ​ គួរ​ឲ្យ​ចង់​ញ៉ាំ​ ​ថ្ងៃ​ក្រោយ​យើង​មក​ទៀត​»។

ភោជនីយដ្ឋានអង្គារដី ​មាន​ដាំ​រុក្ខជាតិ​អង្គាដី ដែល​លោក ប៊ុនហោ ជ្រួតជ្រាប​ពីអត្ថប្រយោជន៍​​របស់​វា​។ហុង មិនា

ការ​បើក​ទ្វារ​ឡើង​របស់​ភោជនីយដ្ឋាន​ ក្រោយ​រយៈពេល​ជាង ២ ខែ​​​​កន្លង​មក​នេះ ម្ចាស់ហាង​ និង​រីសត​មួយ​ចំនួន ​ត្រូវ​បន្ដ​​​រស់​នៅ​ធម្មតា​ក្នុង​គន្លង​ថ្មី​ តាមរយៈ​ការ​​ប្រកាន់​ខ្ជាប់​នូវ​អនាម័យ​ខ្ពស់ រក្សា​គម្លាត​សុវត្ថិភាព​ទាំង​សង្គម និង​បុគ្គល​។

អ្នកស្រី ជា វីរ៉ាវណ្ណ ភរិយា​ម្ចាស់​ហាង​អង្គារដី បាន​ឲ្យ​ដឹង​ថា៖ «​យើង​មាន​អាល់កុល​សម្រាប់​លាង​ដៃ​ពេល​ភ្ញៀវ​អញ្ជើញ​ចូល​ទទួល​ទាន​អាហារ ហើយ​រៀង​រាល់​ថ្ងៃ យើង​រៀបចំ​​សម្អាត​ជូត​អាល់កុល​នៅ​ពេល​បើក​ និង​ពេល​ថ្ងៃត្រង់​ ហើយ​នៅ​ពេល​ភ្ញៀវ​ចេញ​អស់ យើង​រៀបចំ​ជូត​អាល់កុល​ម្ដង​ទៀត»។

អ្នកស្រី​បន្ដ​ថា​៖ «​​​ខាង​ចុង​ភៅ យើង​មាន​ស្រោម​ដៃ និង​ឲ្យ​ពួក​គាត់​លាង​ដៃ​ជា​ប្រចាំ។ ចំពោះ​បុគ្គលិក​ យើង​នឹង​ពិគ្រោះ​គ្នា​សិន​ថា តើ​យើង​គួរ​ឲ្យ​ពួក​គាត់​ពាក់​ម៉ាស់​បម្រើ​ភ្ញៀវ​ឬ​យ៉ាង​ណា»​។

ភោជនីយដ្ឋាន​អង្គារដី ស្ថិត​នៅ​លើ​ផ្លូវ​តុលាការ ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប និង​បើក​​ពី​ម៉ោង ១១ ព្រឹក​ដល់​ម៉ោង ៩ យប់។

ព័ត៌មាន​បន្ថែមមាន​នៅ​ទំព័រ​ហ្វេសប៊ុក​​​ភោជនីយដ្ឋាន​អង្គារដី ឬ​ទូរស័ព្ទ​លេខ ០១២ ៥៧៦ ៨០៥៕

វីដេអូ៖