ក្រុងសៀមរាប: ស្ថិតនៅក្បែរច្រកចូលប្រាសាទអង្គរវត្ដ សំណង់វិមានព្រហ្មញ្ញសាសនាដ៏ធំមហិមានេះក្នុងសហគមន៍ពលរដ្ឋប្រកាន់លទ្ធិព្រះពុទ្ធសាសនាដ៏ច្រើនលើសលប់គឺជាភោជនីយដ្ឋានអង្គរហាឡាល់ បម្រើមុខម្ហូបមូស្លីមសម្រាប់ភ្ញៀវទេសចរមកកម្សាន្ដតំបន់បេតិកភណ្ឌមួយនេះ។
ភោជនីយដ្ឋានមានមុខម្ហូបជាច្រើន ដូចជា រ៉ូទី ការីសាច់មាន់ (៥០០០ រៀល) សាំប៉ាល់សាច់មាន់ (១៥០០០ - ២៣០០០ រៀល) និងមុខម្ហូបខ្មែរដូចជា អាម៉ុក (១៨០០០- ២៧០០០ រៀល) និងឡុកឡាក់ (១៦០០០ រៀល)។
កញ្ញា អែល ខូរី ជាអ្នករត់តុ និងអ្នកគិតលុយនៅភោជនីយដ្ឋានអង្គរហាឡាល់ បាននិយាយថា ភោជនីយដ្ឋានបម្រើមុខម្ហូបអាស៊ីហាឡាល់ជាច្រើន និងម្ហូបអ្នកស្រុកពេញនិយមថែមទៀត។
កញ្ញាបានប្រាប់ថា៖ «យើងបើកទ្វារពីម៉ោង ៦ ឬ ៧ ព្រឹកដោយអាស្រ័យលើរដូវក្រោយពីភ្ញៀវទស្សនាថ្ងៃរះនៅអង្គរវត្ដ ហើយយើងបិទទ្វារពី ៣ រសៀល ដោយសារបុគ្គលិកនៅទីនេះគឺជាសិស្សកំពុងសិក្សានាពេលល្ងាច»។
អង្គរហាឡាល់ ជាផ្នែកមួយនៃអង្គការអភិវឌ្ឍន៍សហគមន៍មូស្លីមនៅសៀមរាប (SRMCDO) បង្កើតឡើងក្នុងឆ្នាំ ២០០៦ ដើម្បីកាត់បន្ថយភាពក្រីក្រក្នុងសហគមន៍ដែលមានប្រជាជនប្រមាណ ៣៥០ គ្រួសារ។
លោក ហ្សាគី អាប់ឌុលសូម៉ាដា ជាអ្នកគ្រប់គ្រងភោជនីយដ្ឋាន និងជាប្រធានអង្គការ (SRMCDO) បាននិយាយថា ភោជនីយដ្ឋានក៏ជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាល និងផ្ដល់ទីកន្លែងស្នាក់នៅដែលអាចរកចំណូលដល់សិស្សនិស្សិតក្រីក្រ ក្រោយពួកគេបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ និងបន្ដការសិក្សាទៅសាកលវិទ្យាល័យ។
លោកនិយាយថា៖ «យើងជួយសិស្សនិស្សិតពីក្រុមគ្រួសារក្រីក្រពិតប្រាកដលើការសិក្សា ធ្វើការ និងផ្ដល់ជាទីកន្លែងស្នាក់អាស្រ័យ ទាំងមូស្លីម និងមិនមែនមូស្លីម»។
ភោជនីយដ្ឋានអង្គរហាឡាល់ ចាប់ផ្ដើមដំបូងពីគំនិតផ្ដួចផ្ដើមរបស់បុរសអូស្ដ្រាលីម្នាក់កាលពី ៣ ឆ្នាំមុន។ ប៉ុន្ដែទោះបីជាភោជនីយដ្ឋាននេះត្រូវបានបើកដំណើរការ និងជ្រើសរើសបុគ្គលិកមូស្លីម និងបំពាក់ឡូហ្គោ ហាឡាល់ យ៉ាងណាក៏ដោយ ក៏វាមិនទាន់ទទួលបានវិញ្ញាបនបត្រហាឡាល់ពិតប្រាកដនៅឡើយទេ។
លោក ហ្សាគី បានឲ្យដឹងថា៖ «មុខជំនួញ និងភោជនីយដ្ឋានទាំងអស់នៅសៀមរាបមិនទាន់ទទួលវិញ្ញាបនបត្រហាឡាល់នៅឡើយទេ។ ដោយសាររដ្ឋាភិបាលទើបចាប់ផ្ដើមចេញវិញ្ញាបនបត្រនៅក្រុងភ្នំពេញមុន»។
យោងតាមមន្ដ្រីម្នាក់មកពីគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជា បានឲ្យដឹងថាភោជនីយដ្ឋានជាច្រើនដែលគ្រប់គ្រងដោយមូស្លីម និងមិនមែនមូស្លីម សុទ្ធតែមិនមែនជាហាឡាល់ពិតប្រាកដឡើយ តែចំពោះការទុកចិត្ដ ពួកគេត្រូវតែទទួលវិញ្ញាបនបត្រពីក្រសួង។
Dhabihah រូបមន្ដសត្ដឃាតហាឡាល់តម្រូវថា សត្វត្រូវតែត្រូវបានអារកដោយកាំបិតមុតល្អ ដែលអ្នកពិឃាតត្រូវតែមូស្លីម ហើយឈាមត្រូវបានត្រងពីសត្វផ្ទាល់។
ឈរនៅក្បែរបន្ទប់បន់ស្រន់ខាងក្រោយភោជនីយដ្ឋាន លោក ហ្សាគី បានបន្ដថា៖ «សម្រាប់សហគមន៍មូស្លីម ពេលពួកគេមើលឃើញថា ភោជនីយដ្ឋានបើកដោយមូស្លីម ពួកគេតែងតែមានការជឿជាក់ទោះមិនទាន់ទទួលវិញ្ញាបនបត្រហាឡាល់ក៏ដោយ។ ភ្ញៀវម៉ាឡេស៊ីដែលមកទីនេះតាមរយៈវេបសាយ ពួកគេអាចទទួលយកបានជាមួយមុខម្ហូបពីចុងភៅមូស្លីម»។
ភោជនីយដ្ឋានអង្គរហាឡាល់ ស្ថិតនៅក្បែរច្រកខាងលិចប្រាសាទអង្គរវត្ដ ដែលបើកទ្វាររាល់ថ្ងៃពីម៉ោង ៦ ព្រឹកដល់ម៉ោង ៣ រសៀល។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងភោជនីយដ្ឋានតាមរយៈទូរស័ព្ទ ០៣១ ៣៣៣ ៣១៩៨ ឬហ្វេសប៊ុក @Angkorhalal៕