ក្រុង​​ចូដហ្វ័រ៖ ភោជនីយដ្ឋាន​មួយ​នៅ​ប្រទេស​ឥណ្ឌា រំពឹង​ថា​នឹង​អាច​កៀរគរ​អតិថិជន​ដែល​បារម្ភ​ខ្លាច​ជំងឺ​កូវីដ​ឲ្យ​ត្រឡប់​មក​រីករាយ​នឹង​​អាហារ​នៅ​ហាង​របស់​ខ្លួន តាម​រយៈ​ការ​បញ្ចេញ​នូវ​មុខ​ម្ហូប​ពិសេស​ឈ្មោះ​ថា «ការី​​កូវីដ»។

ម្ចាស់​ហាង​ឈ្មោះ​ Yash Solanki ដែល​បាន​ប្រកប​អាជីវកម្ម​ភោជនីយដ្ឋាន​អាហារ​គ្មាន​សាច់ Vedic នៅ​ភាគ​ខាង​លិច​ទីក្រុង​ចូដហ្វ័រ របស់​ឥណ្ឌា បាន​ប្រាប់​ទីភ្នាក់ងារ AFP ថា៖ «អំឡុង​ពេល​នេះ ​គឺ​ជា​វេលា​ដ៏​យ៉ាប់​បំផុត​សម្រាប់​ពួក​យើង​ ក៏​ដូចជា​វិស័យ​ភោជនីយដ្ឋាន​នេះ​ជា​រួម​ទូទាំង​ប្រទេស​​ផង​ដែរ»។

ការី​កូវីដ មាន​ប្រហិត​បន្លែ​ចៀន ដែល​រំលេច​ទម្រង់​បន្លា​​ដូច​វីរុស​កូរ៉ូណា ខណៈ​ដែល​នំប៉័ង​មាន​ទម្រង់​ដូច​ម៉ាស់​ពេទ្យ។

ម្ចាស់​ហាង​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា លោក​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ និង​បន្ថែម​គ្រឿង​ផ្សំ​ពិសេស​​ជា​ពពួក​រុក្ខជាតិ​ថ្នាំ ដើម្បី​ជំនួយ​សុខភាព​អ្នក​ទទួល​ទាន​ផង​ដែរ។

ម្ចាស់​ហាង Solanki បាន​និយាយ​ថា៖ «ទោះ​ជា​សព្វ​ថ្ងៃ​ ការ​រឹត​បន្តឹង​ត្រូវ​បាន​បន្ធូរបន្ថយ ប៉ុន្តែ​ក្ដី​ខ្លាច​បារម្ភ​​​ពី​ការ​ឆ្លង​ជំងឺ​នេះ នៅ​តែ​ពុំ​រសាយ​ពី​ចិត្ត​របស់​ពួក​គេ​នៅ​ឡើយ​ទេ។ ប្រជាជន​នៅ​តែ​ខ្លាច​រអារ​នឹង​ការ​ចេញ​ក្រៅ​ញ៉ាំ​អាហារ»។

នៅ​ប្រទេស​ឥណ្ឌា ​ដែល​មាន​ចំនួន​​ប្រជាជន​​ច្រើន​លំដាប់​ទី២ ក្នុង​លោក​មាន​មនុស្ស​ជិត ៨០០ នាក់​ បាន​ស្លាប់​ជា​រៀង​រាល់​ថ្ងៃ ​ដោយសារ​តែ​វីរុស​កូរ៉ូណា​ជាមួយ​នឹង​របាយការណ៍​អ្នក​ឆ្លង​​ជំងឺ​ប្រមាណ ៥ ម៉ឺន​នាក់​ជា​រៀងរាល់ ២៤ ម៉ោង។

គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ​​ ប្រទេស​ឥណ្ឌា ​មាន​ចំនួន​​មនុស្ស​​ស្លាប់​សរុប​ជាង ​៣៨ ៩០០ នាក់ និង​ករណី​ឆ្លង​វីរុស​នេះ ១,៨៦ ​លាន​​នាក់ ដែល​ឈរ​លើ​លំដាប់​លេខ ៣ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក និង​ប្រេស៊ីល៕ AFP