ភ្នំពេញ៖ ជើង​ផ្សិត​ពងទា​ប្រៃ​ ឆា​នំ​បញ្ចុក​ក្រៀម​ ផាក់ឡូវ​ពិសេស ​ត្រីចៀន​ជូរអែម​ បាយ​ឆា​​ម៉ាឡេ​ នំ​ត្រាវ​បំពង​ស្នូល​ជ្រូក​ខ្វៃ​ ភីហ្សា​អ៊ីតាលី​ ស្ថិត​ក្នុង​បញ្ជី​ម្ហូប​ភោជនីយដ្ឋាន​អាហារ​បួស ជេស៊ី ដែល​គ្រាន់​តែ​ឮ​ឈ្មោះ​​ក៏​ធ្វើ​ឲ្យ​អ្នក​អាន​ចង់​ភ្លក្ស​ម្ហូប​​បួស​ដ៏​ប្លែកៗ​ទាំង​នោះ​ដែរ​។​

ម្ចាស់​ហាង​រូប​ស្រស់​សម្ដី​រួសរាយ​រាក់ទាក់​​​ អ្នកស្រី​ ជា​ សុវណ្ណារី​ ដែល​ភាគ​ច្រើន​គេ​ហៅ​​​ ​ជេស៊ី លីវ ​(Jessy Liv) បាន​ប្រាប់​ថា ​ភោជនីយដ្ឋាន​ដែល​​បើក​ដំណើរការ​មិន​ដល់ ​១ ខែ​នេះ បាន​ទទួល​​​អតិថិជន​​ចម្រុះ​ជាតិ​សាសន៍​​​។​

ម្ចាស់​ហាង​វ័យ ៣៦ ឆ្នាំ រូប​នេះ​​បាន​និយាយ​ថា៖ «​​ខ្ញុំ​ទើប​នឹង​​បើក​សម្ពោធ​ហាង​កាល​ពី​ថ្ងៃទី ​២៨ ខែ​មិថុនា​ ប៉ុន្តែ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ភ្ញៀវ​ច្រើន​ និង​ភ្ញៀវ​ប្រចាំ​ទៀត​នោះ​ ព្រោះ​ខ្ញុំ​ពី​មុន​មក​ធ្លាប់​ជា​ប្រធាន​​ក្រុមហ៊ុន​ទេសចរណ៍​ ហេតុ​នេះ​ខ្ញុំ​ស្គាល់​មនុស្ស​ច្រើន​»។

អ្នកស្រី​បញ្ជាក់​ថា៖ «តែ​ភ្ញៀវ​ភាគ​ច្រើន ​គឺ​មក​ពី​អាស៊ី​ បើ​និយាយ​ពី​អតិថិជន​ខ្មែរ​វិញ​យើង​មាន​តែ​ ២០​ ទៅ​ ៣០ ​ភាគរយ​ប៉ុណ្ណោះ​»។

ឈ្មោះ​ភោជនីយដ្ឋាន​ ជេស៊ី​ ​មក​ពី​អក្សរ​ចិន​ ដែល​មាន​ន័យ​ថា​ ភ្ជាប់​និស្ស័យ​ ភ្ជាប់​គ្នា​ជា​មិត្ត​ ដោយ​​អ្នក​ស្រី​ចង់​សំដៅ​លើ​មិត្តភាព​ជាមួយ​ដៃ​គូ​ជំនួញ​ទាំង​ ៤ នាក់​ទៀត​ ដែល​មក​ពី​ប្រទេស​ម៉ាឡេស៊ី​ សិង្ហបុរី​ ចិន ​និង​ហុងកុង។​

អ្នកស្រី​ម្ចាស់​ហាង​​​បញ្ជាក់​ថា ​ហាង​ ជេស៊ី គួរ​ចាត់​ទុក​ជា​ហាង​លក់​អាហារ​សុខភាព ជា​ជាង​​អាហារ​បួស ព្រោះ​ការ​រៀបចំ​ម្ហូប​​មិន​​គោរព​តាម​ក្បួន​ច្បាប់​​អ្នក​បួស​ដ៏​តឹងរ៊ឹង​​ទាំង​ស្រុង​ទេ។​

នេះ​ក៏​ជា​ចំណុច​ពិសេស​មួយ​របស់​​ហាង​ ដែល​ទាក់ទាញ​ទាំង​​​ភ្ញៀវ​ទទួល​ទាន​បួស​ និង​អ្នក​មិន​ហូប​បួស​។

ភោជនីយដ្ឋាន​មាន​បម្រើអាហារ​ជាច្រើនមុខ រួមទាំងភីហ្សា និងប៊ឺហ្គឺរ​បួស​ផង​ដែរ​។ ហុង មិនា

អ្នកស្រី​​​និយាយ​ថា៖ «ហាង​​យើង​ក៏​តម្រូវ​តាម​ចិត្ត​អតិថិជន​ បើ​គាត់​ជា​អ្នក​បួស​ចំ​ មិន​ហូប​ទាំង​ខ្ទឹម​ និង​ពង​មាន់​ពងទា​ ពួក​យើង​នឹង​រៀបចំ​តាម​គាត់​ ឬ​សូម្បី​តែ​ប៊ូហ្វេ​ ដែល​មាន​ម្ហូប​ប្រហែល​ ពី ​៧​ ទៅ​ ៨ មុខ​នោះ​ បើ​យើង​អាច​ជំនួស​ឲ្យ​គាត់​បាន ​យើង​​នឹង​ធ្វើ​ភ្លាម​»។

ទន្ទឹម​នឹង​វត្តមាន​​អតិថិជន​ចម្រុះ​ជាតិ​សាសន៍ និង​គ្រប់​វ័យ អ្នកស្រី​បាន​រៀប​រាប់​ទៀត​ថា៖ «យើង​​មាន​ទាំង​អាហារ​ ចិន​ ខ្មែរ ​និង​អឺរ៉ុប​ ក្មេងៗ​ដែល​ពួក​គាត់​ស៊ាំ​នឹង​បន្លែ​ យើង​ក៏​មាន​របៀប​ជា​ភីហ្សា​ ប៊ឺហ្គឺរ ដល់​គាត់​ផង​ដែរ​ ដែល​សាច់​ភាគ​ច្រើន​យើង​ធ្វើ​ពី​តៅហ៊ូ​ និង​ពពុះ​សណ្ដែក​ដាក់​លើ​នោះ​»។

ម្ហូប​ដែល​ពេញ​និយម​ជាង​គេ​ក្នុង​ហាង​សម្រាប់​ទាំង​ភ្ញៀវ​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​នោះ ​គឺ​បាយ​ឆាម៉ាឡេ ប៉ុន្តែ​អ្នកស្រី ជេស៊ី ថ្លែង​ពី​ជម្រើស​អាហារ​យ៉ាង​ដូច្នេះ​ថា៖ «​ខ្ញុំ​ចង់​ណែនាំ​ដល់​ភ្ញៀវ​នោះ​គឺ​ ផាក់ឡូវ​ពិសេស​​ដែល​មាន​គ្រឿង​ផ្សំ​ដូចជា​ ពង​ទា​ ផ្សិត​ និង​តៅហ៊ូ​ ហេតុផល​ដែល​ខ្ញុំ​ណែនាំ​ម្ហូប​នេះ​ ព្រោះ​អ្នក​​ដែល​មិន​ញ៉ាំ​សាច់​យ៉ាង​ណា​​ក៏​គាត់​មាន​ពងទា​ ហើយ​រសជាតិ​វា​ញ៉ាំ​ជាមួយ​បាយ​ក៏​បាន​ ទទេ​ក៏​បាន»​។​

អាហារ​ប៊ូហ្វេស​មាន​តម្លៃ ៥ ដុល្លារ​​ក្នុង​ម្នាក់ រី​ឯ​ម្ហូបកុម្ម៉ង់​ចាន​តូច​មាន​តម្លៃ​ចាប់​ពី ៣ ដុល្លារ និង​ចាន​ធំ​តម្លៃ​ពី ៨ ទៅ ២០ ដុល្លារ ខ្ពស់​បំផុត​។​

ក្រៅ​ពី​មាន​មោទនភាព​នឹង​មតិ​​ភ្ញៀវ​ ម៉ាឡេស៊ី​ សិង្ហបុរី​ និង​ចិន​ ដែល​សរសើរ​ថា ​ម្ហូប​នៅ​ភោជនីយដ្ឋាន ជេស៊ី ធ្វើ​ឲ្យ​ពួក​គាត់​មាន​អារម្មណ៍​ដូច​នៅ​ផ្ទះ​ប្រទេស​កំណើត​​ ​អ្នកស្រី​ក៏​បាន​លើក​ពី​បញ្ហា​កង្វះ​ចំណត​​ទទួល​ភ្ញៀវ​ផង​ដែរ។

ទន្ទឹម​នឹង​ការ​ព្យាយាម​រក​ដំណោះ​ស្រាយ​ដល់​អ្នក​និយម​ម្ហូប​​បួស​​​​ អ្នកស្រី​​លើក​ឡើង​ថា៖ «សព្វ​ថ្ងៃ​នេះ​ខ្ញុំ​កំពុង​ចុះ​​កុងត្រា​ ជាមួយ ​Food Panda និង Nham 24 សម្រាប់​​សេវា​ដឹក​ជញ្ជូន​ដល់​ផ្ទះ»​។​

អ្នកស្រី ជេស៊ី លើកឡើង​ថា ម្ហូប​​តម្រូវ​សម្រាប់​ភ្ញៀវទូទៅ និង​អ្នក​ទទួលទានបួស​តឹងរឹុង​។ហុង មិនា

ក្រៅ​ពី​​បម្រើ​អាហារ​បួស ភោជនីយដ្ឋាន​ក៏​មាន​ទម្លាប់​ធ្វើ​សកម្មភាព​មនុស្ស​ធម៌​​ដោយ​ការ​ចែក​ទាន​ជា​អាហារ​ផង​ដែរ។

អ្នកស្រី ជេស៊ី បាន​និយាយ​ថា៖ «​១ អាទិត្យ​ម្ដង​ យើង​នឹង​​មាន​ការ​ចុះ​ចែកបាយ​ដល់​អ្នក​ក្រីក្រ​​ដោយ​មាន​ការ​ចូលរួម​ពី​អតិថិជន​កុម៉្មង​អាហារ​ពី​ហាង​ផ្ទាល់។ ហេតុ​នេះ​បើ​មាន​ចំណាប់​អារម្មណ៍​ ពួក​យើង​ស្វាគមន៍​គ្រប់​គ្នា​។​ រៀងរាល់​ថ្ងៃ​សៅរ៍​ នៅ​ខាង​មុខ​ហាង​ក៏​មាន​ម្ហូប​ហ្វ្រ៊ី​ ប្រហែល​ ២០ ប្រអប់ អ្នក​ត្រូវការ​អាហារ​ អាច​មក​យក​បាន»។

ភោជនីយដ្ឋាន​អាហារ​បួស ជេស៊ី មាន​ទីតាំង​នៅ​ផ្លូវ​ ១៣៦ សង្កាត់​ផ្សារ​កណ្ដាល​ ២ ខណ្ឌ​ដូនពេញ​ ដោយ​បើក​ដំណើរការ​ពី​ម៉ោង ៧ ព្រឹក ដល់ ៩ យប់ ជាមួយ​ការ​បញ្ចុះ​តម្លៃ ១០ ភាគរយ ជា​រៀងរាល់​ថ្ងៃ​សីល​ចិន។ ទំនាក់ទំនង​ទូរស័ព្ទ​លេខ ​០៩៩ ៥១៩ ២៣៤៕

អតិថិជន​របស់ ភោជនីយដ្ឋាន ជេស៊ី អាហារបួស ភាគច្រើនជា​ភ្ញៀវបរទេស​។ហុង មិនា

វីដេអូ៖