ភ្នំពេញ៖ សំងំ​លាក់​កាយ​ក្នុង​ទីក្រុង​កៀក​បង្កើយ ភោជនីយដ្ឋាន ព្រែក​តា​សេក​ម្ហូប​ខ្មែរ ជា​ទី​កន្លែង​កម្សាន្ត តាម​ក្យូស​​ស្ងប់ស្ងាត់ អម​ដោយ​ដើម​ឈើធំៗ ម្លប់​ត្រឈឹងត្រឈៃ គួប​ជាមួយ​សម្រស់​​បុប្ផា​ចម្រុះ​​ពណ៌ ចោល​ក្លិន​ក្រអូប​សាយ ស័ក្ដិសម​សម្រាប់​អ្នក​ហត់នឿយ​ពី​ការងារ​ ឬ​ការ​សិក្សា​មក​លម្ហែ​ខួរ​ក្បាល គេង​សម្រាក​កាយ ភ្លក្ស​អាហារ​ខ្មែរ​ឈ្ងុយ​ឆ្ងាញ់ ប្លែកៗ​ជា​ច្រើន​មុខ​។

បើក​ដំណើរ​រយៈពេល ​៦ ​ឆ្នាំ ភោជនីយដ្ឋាន​ព្រែក​តាសេក​ម្ហូប​ខ្មែរ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ព្រែក​តាសេក​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​។

ដោយ​ធ្វើ​ដំណើរ​ចេញ​ពី​រង្វង់​មូល​ តាព្រហ្ម​ស្ពាន​ជ្រោយចង្វារ ឬ​ព្រហ្ម​មុខ ​៤ ទៅ​តាម​បណ្តោយ​ផ្លូវ​ក្រោម​ស្ពាន​ជ្រោយ​ចង្វារ​ទៅ​ត្រង់ ចម្ងាយ​ជាង ​៥ ​គីឡូ​ម៉ែត្រ ឬ​ធ្វើ​ដំណើរ​ពី​រង្វង់​មូល​នាង​ទេព​​មច្ឆា ឆ្លង​កាត់​ស្ពាន​បាឡេ​បត់​ឆ្វេង​ជាង ​២ គីឡូ​ម៉ែត្រ រួច​បត់​ឆ្វេង​ប្រមាណ ​១០០ ​ម៉ែត្រ ដល់​ផ្លូវ​ទ័ល​បត់​ស្តាំ​តែ​បន្តិច យើង​នឹង​ដល់​ភោជនីយដ្ឋាន​ព្រែក​តាសេក​ម្ហូប​ខ្មែរ។

ក្យូស​ស្វាគមន៍ភ្ញៀវ​អង្គុយទទួលទានអាហារ និង​គេង​យោលអង្រឹង​លម្ហែកាយ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

លោក មុត ឧត្តម ម្ចាស់​ភោជនីយដ្ឋាន​ព្រែក​តាសេក​ម្ហូប​ខ្មែរ បាន​ឲ្យ​ដឹង​ពី​មូលហេតុ​បង្កើត​ភោជនីយដ្ឋាន​នេះ​ថា​៖ «​ខ្ញុំ​ចូលចិត្ត​ដើរ​ញាំ​អាហារ និង​ចូលចិត្ត​កន្លែង​មាន​ក្យូស អង្គុយ​លេង​ត្រជាក់ៗ​អ៊ីចឹង ដល់​អ៊ីចឹង​ខ្ញុំ​មាន​អារម្មណ៍​​គិត​ថា ចង់​ឃើញ​កន្លែង​ត្រជាក់​អ៊ីចឹង ក៏​រៀបចំ​ធ្វើ​ទៅ ព្រោះ​ទីកន្លែង​នេះ វា​អំណោយ​ផល ម្យ៉ាង​ពី​មុន​ទីតាំង​​នេះ​ជា​​ភោជនីយដ្ឋាន​ស្រាប់ ហើយ​ម្ចាស់​នៅ​ទី​នេះ​កាល​ពី​មុន គាត់​សេង​វា​ឲ្យ​យើង​បន្ត​»​។

ដោយ​ឡែក​សម្រាប់​ការ​ដាក់​ឈ្មោះ​ថា ភោជនីយដ្ឋាន​ព្រែក​តាសេក​ម្ហូប​ខ្មែរ​ ម្ចាស់​ភោជនីយដ្ឋាន​នេះ បញ្ជាក់​ថា ដោយសារ​តែ​ភោជនីយដ្ឋាន​នេះ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ព្រែក​តាសេក ទើប​ដាក់​ថា​ព្រែក​តាសេក ចំណែក​ការ​ដាក់​បន្ថែម​ឈ្មោះ​ថា ម្ហូប​ខ្មែរ គឺ​ដោយសារ​តែ​លោក​ចូលចិត្ត​ញ៉ាំម្ហូប​ខ្មែរ និង​មាន​ជំនាញ​ធ្វើ​ម្ហូប​ខ្មែរ ហើយ​ចង់​ផ្សព្វផ្សាយ​ម្ហូប​ឲ្យ​ប្រជាជន​បាន​ស្គាល់ និង​ភ្លក្ស​រសជាតិ​ឆ្ញាញ់​ពិសេស​របស់​ម្ហូប​ខ្មែរ​។

សាងសង់​លើ​ផ្ទៃដី ១ ​ហិកតា កន្លះ ភោជនីយដ្ឋាន​នេះ មាន​ក្យូស​ឈើ ប្រក់​​ដំបូល​ស្បូវ​សម្រាប់​អង្គុយ​លម្ហែ សរុប​ចំនួន ​២៤ ក្បូស ដែល​បែង​ចែក​ជា​ ២ ​ប្លុក គឺ​ប្លុក​ខាង​មុខ​មាន​ចំនួន ​១០​ ក្យូស ជា​ប្រភេទ​ក្យូស​ផ្ទាល់​នឹង​ដី ដែល​មាន​ទាំង​ក្យូស​​ធម្មតា ទទួល​ភ្ញៀវ​បាន​ចំនួន​ ១០ នាក់ ក្យូស​ធំ​ទទួល​ភ្ញៀវ​បាន​ចំនួ​ន​ ២០ ​​នាក់ និង​ក្យូស វី​អាយ​ភី ដែល​រចនា​ដោយ​កញ្ចក់​​​ព័ទ្ធ​ជុំវិញ​ដាច់​ដោយ​ឡែក អាច​ទទួល​ភ្ញៀវ​បាន​ចំនួន ៣០ នាក់ ចំណែក​ប្លុក​ខាង​ក្រោយ​មាន​ចំនួន ១៤ ​ក្យូស ជា​ក្យូស​​សង់​នៅ​​ស្រះ​ទឹក សម្រាប់​តម្រូវ​ចិត្ត​​អ្នក​ដែល​មក​កម្សាន្ត ទស្សនា​ទិដ្ឋភាព​ធម្មជាតិ​​ស្រះ​ធម្មជាតិ​។

ផ្ទៃដី​ធំ​មានដំណាំ​បៃតង។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

លោក មុត ឧត្ដម អាយុ ​៣៤ ឆ្នាំ ​បាន​រៀប​រាប់​ពី​ចំណុច​ពិសេស​ភោជនីយដ្ឋាន​ព្រែក​តាសេក​ម្ហូប​ខ្មែរ​ថា​៖ «​កន្លែង​យើង​ស្អាត ស្ងាត់​ល្អ​មិន​រញ៉េរញ៉ៃ ល្អ​សម្រាប់​​អ្នក​ចង់​សម្រាក ត្រជាក់​ចិត្ត មាន​​​ជំនោរ​ខ្យល់​ដូច​ខាង​មាត់​ទន្លេ​អ៊ីចឹង ​អត់​ក្តៅ​ទេ មាន​កន្លែង​ចត​ឡាន​ធំ​ទូលាយ​ យើង​មាន​សួន​ផ្កា​ជា​ច្រើន​ដូចជា ឈូក​រ័ត្ន ស្បៃរឿង ផ្កា​កង្ហារ និង​ផ្កា​ផ្សេង​ទៀត​។

យើង​មាន​ដំណាំ​ដាំ​ខ្លួន​ឯង និង​សម្រាប់​ធ្វើ​អាហារ​ផង​ដូចជា​ ល្ពៅ ននោង ត្រឡាច ពោត​បារាំង ខាត់ណា​ជា​ដើម គ្មាន​​ជាតិ​គីមី​ទេ ហើយ​យើង​មាន​​មាន់​ស្រែ​ស្រាប់ យើង​ចិញ្ចឹម​ និង​​ទិញ​​ពី​អ្នក​ភូមិ ព្រោះ​ថា​មាន់​ស្រែ​ពេល​យក​មក​ធ្វើ​ម្ហូប គឺ​ឆ្ងាញ់​ណាស់ ពេល​ខ្លះ​យើង​ក៏​ចិញ្ចឹម​អត់​ទាន់​ដែរ ពេល​លក់​ដាច់​ពេក​មួយ​ថ្ងៃ​អស់ ​១០ ​ក្បាល ហើយ​យើង​​មាន​ចុងភៅ​ដែល​មាន​ជំនាញ ព្រោះ​គាត់​ធ្លាប់​បាន​​ធ្វើ​ជា​មេ​ចុងភៅ​តុ​ការ​មាន​បទពិសោធ​យូរ​ឆ្នាំ​»​។

ម្ហូប​ប្រចាំ​ភោជនីយដ្ឋាន​នេះ​មាន​ដូចជា​ មាន់​ស្រវឹង ដែល​ចំណាយ​ពេល​ចម្អិន​ជិត ១ ម៉ោង ដោយ​ត្រូវ​យក​មាន់​ប្រឡាក់​គ្រឿង​ដុត​ជាមួយ​ស្រា​បៀរ និង​ហ៊ុមព័ទ្ធ​មាន់​ឲ្យ​​ហប់ កម្តៅ​​ដោយ​​ភ្លើង​ឲ្យ​មាន់​ឆ្អិន​បន្តិច​ម្តងៗ ដែល​មាន​តម្លៃ​ ​៦ ​ម៉ឺន​រៀល ​មាន់​ដុត​ប្រហុក តម្លៃ​ ​៦ ​ម៉ឺន​រៀល ខ្យង​តម្លៃ ២ ​ម៉ឺន​រៀល និង​មាន​ម្ហូប​ខ្មែរ ដូចជា​ សម្លកកូរ ប្រហើរ សម្លក់ ត្រី​ដុត ដែល​មាន​តម្លៃ ៣ ម៉ឺន​រៀល និង​មាន​ម្ហូប​ក្លែម​ជាង ​១០០ ​មុខ​ទៀត​។

បើក​ទទួល​ភ្ញៀវ​ចាប់​ពី​ម៉ោង ៨ ​ព្រឹក និង​បិទ​រហូត​ដល់​អស់​ភ្ញៀវ ដោយ​ថ្ងៃ​ធម្មតា ភោជនីយដ្ឋាន​នេះ មាន​ភ្ញៀវ​ស្ទើរ​​គ្រប់​ក្យូស និង​​ថ្ងៃ​ចុង​សប្តាហ៍ ទទួល​បាន​ភ្ញៀវ​ច្រើន​ចេញ​ចូល​បណ្ដាក់​គ្នា​។​

ទៅ​ថ្ងៃ​អនាគត លោក ​គ្រោង​បង្កើត​អ្វីៗ​ប្លែក​ជាង​នេះ​បន្ថែម​ទៀត ដូច​ជា​​កន្លែង​ស្ទូច​ត្រី និង​កន្លែង​ក្មេង​លេង កន្លែង​លេង​ទឹក និង​កម្សាន្ត​ផ្សេងៗ​ទៀត​។ ទំនាក់ទំនង​ទូរស័ព្ទ ០១២ ៩៧ ០០ ៧៧, ០១៦ ៦១ ៨៧ ៩៧, ០១៦ ៤០៥៥ ៩៥ ឬ​ហ្វេសប៊ុក​​​៖ ព្រែក​តាសេក​ម្ហូប​ខ្មែរ​៕

វីដេអូ៖