ក្រុង​វ៉ាស៊ីនតោន៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ត្រូវ​បាន​ស្គាល់​ជា​អ្នក​និយម​អាហារ​​​ហ្វាស់ហ្វូត​​ម្នាក់​ តែ​អាហារ​នៅ​សណ្ឋាគារ​របស់​លោក​មួយ​កាន់​តែ​ល្អ​ប្រណីត​នោះ​ ​គឺ​ភោជនីយដ្ឋាន ​ស៊ូស៊ី ​នៅ​សណ្ឋាគារ​អន្ដរជាតិ​ត្រាំ ក្នុង​ទីក្រុង​វ៉ាស៊ីនតោន បាន​ទទួល​ផ្កាយ ១ ពី Michelin​។

Michelin Guide ឆ្នាំ ​២០២០ ប្រចាំ​​នៅ​ទីក្រុង​វ៉ាស៊ីនតោន បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ ដោយ​ផ្ដល់​ផ្កាយ​មួយ Sushi Nakazawa ដែល​មាន​ន័យ​ថា ក្រុម​ការីនិពន្ធ​ជឿ​ថា ភោជនីយដ្ឋាន​នេះ​ជា​ទីកន្លែង​គួរ​តែ​សាក​ភ្លក្ស​រសជាតិ​។

យោង​តាម​មគ្គុទេ្ទសក៍​បាន​ឲ្យ​ដឹង​ថា​៖ «​ភោជនីយដ្ឋាន​ដ៏​ល្បី​ល្បាញ​នោះ​ផ្ដល់​សេវាកម្ម​ផ្ដោត​ចម្បង​លើ​គុណភាព ភាព​ចម្រុះ​តាម​រដូវកាល និង​ទិចនិក​»។

មេ​ចុងភៅ Daisuke Nakazawa បម្រើ​ម្ហូប​ ២០ មុខ​ និង​តារាង​មុខ​ម្ហូប​បែប​ស៊ូស៊ី​ Edomae។ នេះ​បើ​យោង​តាម​វេបសាយ​ភោជនីយដ្ឋាន​ ដែល​បាន​ឲ្យ​ដឹង​ថា ការ​កក់​ទុក​មុន​ត្រូវ​ធ្វើ​ឡើង​រយៈពេល​ ៣០ ថ្ងៃ​មុន​ឯនោះ​។

Sushi Nakazawa ស្ថិត​ក្នុង​ទីតាំង​ដ៏​ចម្រូង​ចម្រាស ខណៈ​លោក ត្រាំ រង​នូវ​ការ​រិះគន់​រឿង​​ប្រើប្រាស់​តួនាទី​ជា​ប្រធានាធិបតី​រក​ប្រាក់​ចូល​ហោប៉ៅ​ដោយ​ការ​ផ្សព្វផ្សាយ​សណ្ឋាគារ​ ដែល​នៅ​មិន​ឆ្ងាយ​ពី​សេតវិមាន​ ដល់​គណៈប្រតិភូ​មក​ទស្សនកិច្ច​។

Gwendal Poullennec នាយក​អន្ដរជាតិ​ឲ្យ Michelin Guide បាន​ឲ្យ​ដឹង​ថា​៖ «​អ្នក​ត្រួត​ពិនិត្យ​របស់​យើង​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​ការ​ផ្ដល់​ផ្កាយ​នេះ​ និង​ភាព​សម្បូរ​បែប​នៃ​ម្ហូប​អាហារ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ ដែល​ឆ្លុះ​បញ្ចាំង​ពី​វប្បធម៌​​ក្រុង​វ៉ាស៊ីនតោន​ជា​ទី​ជំនួប​សម្រាប់​រដ្ឋាភិបាល​ និង​អ្នក​ដំណើរ​»៕ AFP/HR