ភ្នំពេញៈ ដោយសារ​ប្រទេស​កំណើត​មាន​ការបែកចែក​ជាតិ​សាសន៍​ជាច្រើន និង​មាន​ការណែនាំ​ពី​មិត្តភក្តិ​ជា​ជនជាតិ​ខ្មែរ​អំពី​ប្រទេស​កម្ពុជា​មាន​ភាពងាយស្រួល​ក្នុង​ការរស់នៅ និង​សម្បូរ​ឱកាស​ប្រកប​អាជីវកម្ម គ្រួសារ​រុស្ស៊ី​មួយ​បាន​មក​រស់នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​នាំ​យក​រសជាតិ​អាហារ​កំណើត​ខ្លួន​ធ្វើ​ជា​ទុន​បើក​អាជីវកម្ម​។

Irina''s Russian Restaurant បាន​ចាប់ផ្តើម​ដំណើរការ​តាំងពី​ឆ្នាំ​ ១៩៩០ ដោយ​យក​ឈ្មោះ​ហាង​តាម​អ្នកស្រី Irina Godlevskaya ជា​ម្ដាយ​របស់​អ្នកនាង សុខ អាលីហ្សា មកពី​ប្រទេស​អ៊ូសបេគីស្ថាន​។

គាវរុស្ស៊ី pelmeni មាន​រសជាតិ​ប្លែក​ពី​គាវ​បែប​អាស៊ី​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

អ្នកនាង សុខ អាលីហ្សា ដែល​មក​មើល​ការខុសត្រូវ​ភោជនីយដ្ឋាន​ជំនួស​ម្ដាយ​ជរា​បាន​ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា​៖ «​ពួកយើង​មាន​មុខរបរ​ជាច្រើន​កាល​នៅ​ស្រុកកំណើត ប៉ុន្តែ​ពួកយើង​បាន​លក់​គ្រប់យ៉ាង​ទាំងអស់ ដើម្បី​មក​ចាប់ផ្តើម​ជីវិត​ថ្មី​នៅ​ទីនេះ (​ប្រទេស​កម្ពុជា​) ហើយ​ក៏​បាន​បើក​ហាង​អាហារ​នេះ​តិចតួច​ដោយ​ចាប់ផ្តើម​ត្រឹម​តែ​ ៤ ​តុ​ប៉ុណ្ណោះ​»​។

ភោជនីយដ្ឋាន​រុស្ស៊ី Irina''s មាន​បម្រើ​អាហារ​ បន្លែ Olivier salad, vinegrets, beetroot walnuts salad (៤,៩ ​ដុល្លារ​) Shuba salmon tsar pelmeni (៧,៥ ដុល្លារ​) vareniki with potatoes or cabbage (៥,៥ ​ដុល្លារ​) និង Golubtsy red sauce ឬ cream sauce (៥,៩ ​ដុល្លារ​)​។

សាច់ និង​គ្រឿងផ្សំ​ត្រូវ​បាន​នាំចូល​ពី​ប្រទេស​រុស្ស៊ី ចំណែកឯ​បន្លែ​ជា​ផលិតផល​ក្នុង​ស្រុក​ដោយ​ត្រូវ​បាន​ចម្អិន​ក្រោម​ស្នាដៃ​ចុងភៅ​ជា​ជនជាតិខ្មែរ​។ ជា​រៀងរាល់ ៥ ​ឆ្នាំ​ម្តង​អ្នកនាង សុខ អាលីហ្សា តែងតែ​នាំ​ចុងភៅ​ពី​ប្រទេស​រុស្ស៊ី​មក​បណ្ដុះបណ្ដាល​ចុងភៅ​ខ្មែរ​បន្ថែម​ផង​ដែរ​។

អាហារ​ប្រពៃណី​រុស្ស៊ី​បន្ថែម​ដោយ​ស្រាស​ប្រពៃណី​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

អ្នកនាង សុខ អាលីហ្សា ដែល​មាន​សញ្ជាតិ​ខ្មែរ និង​ប្រាថ្នា​រស់នៅ​កម្ពុជា​ជា​អចិន្រៃ្តយ៍ បាន​ឲ្យ​ដឹង​ថា​៖ «​ខ្ញុំ​ចង់​ពង្រីក​ហាង​នេះ​ឲ្យ​កាន់តែ​ធំ បន្ថែម​ជម្រើស​ម្ហូប និង​ការតុបតែង​បែប​រុស្ស៊ី​មាន​នាំចូល​វត្ថុមាន​តម្លៃ​ជាច្រើន​មុខ​មក​តាំង​នៅ​ក្នុង​ហាង ហើយ​ក៏​ចង់​បើក​ហាង​លក់​ស្រា​បៀរ​ស្រស់​ផលិត​ភ្លាម ញ៉ាំ​ភ្លាមៗ​តាម​បែប​រុស្ស៊ី​»​។

Irina''s Russian Restaurant ស្ថិត​នៅ​ផ្ទះ​លេខ​ ២២ ផ្លូវ​លេខ​ ២៩ ខាង​ក្រោយ​ភោជនីយដ្ឋាន​ម្លិះ មហាវិថី​ព្រះនរោត្តម​៕