ភ្នំពេញ: ប្រសិន​បើ​អ្នក​ស្វែង​រក​អាហារ​ឆ្ងាញ់ នៅ​កន្លែង​មាន​ភាព​សាមញ្ញ​ តែ​កក់​ក្ដៅ ដូច​នៅ​ផ្ទះ ភោជនីយដ្ឋាន Silent នៅ​ម្ដុំ​ស្តុប​បូកគោ ផ្ដល់​បរិយាកាស​ស្ងប់ស្ងាត់ និង​រសជាតិ​ម្ហូប​អាស៊ី​ឆ្ងាញ់​ជាប់​ចិត្ត។

ផ្ដើម​ដំណើរការ កាល​ពី​ខែ​មករា លោក វង្ស ម៉ានិត ជា​ម្ចាស់​ហាង Silent បាន​ផ្ដោត​សំខាន់​លើ​បរិយា​កាស​ផ្ដល់​ភាព​ល្ហែល្ហើយ និង​អាហារ​ឆ្ងាញ់​ផ្ដល់​ថាមពល​ដល់​អតិថិជន​ដែល​មិន​និយម​សំឡេង​រំខាន។

ភោជនីយដ្ឋាន Silent ដែល​មាន​ន័យ​ថា «ស្ងប់ស្ងាត់» ជា​ភាសាខ្មែរ​នោះ ត្រូវ​បាន​ម្ចាស់​ហាង​រៀប​រាប់​ពី​ការ​បើក​ហាង​នេះ​យ៉ាង​ដូច្នេះ​ថា៖ «ពេល​ដែល​ខ្ញុំ​ទៅ​ហាង​គេ​ផ្សេងៗ​ ខ្ញុំ​រក​បរិយាកាស​បែប​នេះ​មិន​បាន ជា​លក្ខណៈ​ដែល​យើង​ជា​យើង​មិន​ចាំបាច់​ត្រូវ​ធ្វើ​ចរិត​ថ្លៃថ្នូរ​ពាក់​ក្រវាត់​ក​ រៀបឫក​ ហើយ​មិន​ស្ងាត់​ពេក​មិន​ថ្លង់​ពេក​ ជា​កន្លែង​ដែល​អាច​សម្រាក​បាន​ដោយ​ស្រួល​ចិត្ត»។

ដោយ​មាន​ការ​ជួយ​គាំទ្រ​ពី​មិត្តភក្តិ​របស់​លោក​ផ្ទាល់​ ក្នុង​ដំណើរការ​បើក​ហាង ​និង​រូបមន្ត​ម្ហូប​ភាគច្រើន​មក​ពី​ប្រទេស​ថៃ​ ហាង Silent បាន​បង្កើត​ជម្រើស​មុខ​ម្ហូប​ដ៏​សម្បូរបែប។

ចុងភៅ​រៀបចំ​អាហារ​​នៅ​​ផ្ទះ​បាយ​​ដែល​​អាច​​មើល​ឃើញ​ពី​ខាងក្រៅ។ហ៊ាន រង្សី

លោក វង្ស ម៉ានិត បាន​រៀបរាប់​ទៀត​ថា៖ «មិត្តភក្តិ​ខ្ញុំ​គាត់​ទៅ​ធ្វើ​ម្ហូប​នៅ​ថៃ ជាច្រើន​ឆ្នាំ​ ហើយ​គាត់​ក៏​មាន​ភោជនីយដ្ឋាន​ផ្ទាល់​ផង​ដែរ​ ហេតុនេះ​គាត់​មាន​បទ​ពិសោធ​យ៉ាង​ច្រើន​រួម​ទាំង​បង្រៀន​មេចុងភៅ​ខ្ញុំ​ផ្ទាល់​​តែ​ម្ដង»។

លោក​បាន​ចាត់ទុក​ថា​ បរិយាកាស​ស្ងប់ស្ងាត់​បែប​សាមញ្ញ និង​អាហារ​ឆ្ងាញ់​នេះ​ហើយ ​ដែល​ជា​ភាព​ពិសេស​របស់​ហាង Silent និង​ទាក់ទាញ​អតិថិជន​ដែល​មិន​ចូល​ចិត្ត​ភាព​អ៊ូអរ។

ម្ចាស់​ហាង​វ័យ ៣៣ ឆ្នាំ​រូបនេះ​ បាន​​រៀបរាប់​ពី​ហាង​របស់​លោកប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ថា៖ «អតិថិជន​ថែម​ទាំង​អាច​រីករាយ​ជាមួយ​ទាំង​ម្ហូប​ និង​ បទ​ចម្រៀង​ដែល​ខ្លួន​ចូលចិត្ត​នៅ​ក្នុង​ហាង​ថែម​ទៀត​ផង​ ដែល​វា​ធ្វើ​ឲ្យ​ខ្ញុំ​មិន​អាច​លុប ​ឬ​ប្ដូរ​ឈ្មោះ​ [ហាង] នេះ​ រួម​ទាំង​ព្យាយាម​រក្សា​បរិយាកាស​បែប​នេះ​រហូត​ទៅ»។

មុខ​ម្ហូប​បែប​ថៃ​ ៣ យ៉ាង ដែល​ភ្ញៀវ​ពេញ​និយម​ជាង​គេ​ និង​ទទួល​បាន​ការ​កុម្ម៉ង់​ច្រើន​បំផុត​នោះគឺ​ ឡាបត្រី ឡាបបង្គា និង​មាន់​ជើង ៣។

ម្ចាស់​ហាង​បាន​រៀប​រាប់​ពី​ម្ហូប​នេះ​ថា៖ «ឡាបត្រី ភាគច្រើន​ពេល​ឮ​ពាក្យ​ថា​ ឡាប​ គេ​តែង​គិត​ដល់​សាច់​ឆៅ តែ​រូបមន្ត​ថៃ​ គឺខុស​គ្នា។​ តាម​ការពិត​ទៅ​គេ​យក​ត្រី​ទៅ​បំពង​ឲ្យល្អ​ ហើយ​ច្របល់​ជាមួយ​នឹង​គ្រឿង​ហាន់​ និង​សណ្ដែក​ដី​ ហើយ​ផ្ទាប់​ជាមួយ​ការ៉ុត​ និង​ត្រសក់​ជ្រលក់​ ទឹកត្រី​ជូរអែម​ដ៏​ឆ្ងាញ់​ពិសា​»។

ហាង​ Silent​​​ មាន​ការ​តុបតែង​បែប​សាមញ្ញ តែ​​កក់ក្ដៅ​​ដូច​​នៅ​ផ្ទះ​។ ហ៊ាន រង្សី

ឡាប​បង្គា​​ ប្រហាក់ប្រហែល​នឹង​ឡាប​ត្រី​ដែរ​ តែ​ការ​ប្រើ​គ្រឿងសមុទ្រ​ធើ្វ​ឲ្យ​​រសជាតិ​វា​មាន​ភាព​ខុសប្លែក​ម្យ៉ាង​វិញ​។ ចំពោះ​ម្ហូប «មាន់ជើង ៣» គ្រាន់​តែ​ឈ្មោះ​ក៏​ប្លែក​ទៅ​ហើយ។ ឈ្មោះ​ម្ហូប​បែប​និមិត្ត​រូបនេះ​មិន​​មាន​​ជើង​មាន់​ទេ តែ​វា​​ជា​ខ្ទឹមជ្រក់​ លាយ​​​បង្គាក្រៀម​ ​​គ្រឿង ​​ជីរ​ ​ត្រសក់​ ការ៉ុត​ និង​សាឡាត់​ផង​ដែរ​។​

លោក ​ម៉ានិត​ បាន​រៀបរាប់​ពី​គ្រឿងផ្សំ​ និង​បន្លែ​ សាច់​ ដែល​លោក​ប្រើប្រាស់​ក្នុង​ផ្ទះបាយ​ហាង​​នេះ​ថា​៖ «គ្រឿង​ផ្សំ និង​សាច់​ផ្សេងៗ​យើង​យក​ពី​ក្នុង​ស្រុក​មែន​ តែ​យើង​រើស​សុទ្ធ​តែ​កម្រិត​ខ្ពស់​ ព្រោះ​យើង​ជឿ​ថា​ មុខម្ហូប​វា​ក៏​មាន​រសជាតិ​ និង​គុណភាព​ទៅ​តាម​គ្រឿងផ្សំ​ដែរ»។

មុខ​ម្ហូប​ខ្មែរ និ​ង​ថៃ​នៅ​ភោជនីយដ្ឋាន Silent មាន​តម្លៃ​ភាគច្រើន​គឺ​ចាប់ពី ២ ដុល្លារ​ទៅ ៦ ដុល្លារ។

ឡាប​ត្រី ឡាប​​បង្គា និង​មាន់​ជើង ៣ ជា​​​មុខម្ហូប​ល្បី​នៅ Silent​​​។ហ៊ាន រង្សី

រសជាតិ​អាហារ​ឆ្ងាញ់ ​បរិយាកាស​​រ៉ូមេនទិក ​​ក៏​ស័ក្ដិសម​ការ​ក្រេប​ស្រា​ក្រហម​បារាំង ដែល​អតិថិជន​អាច​កុម្ម៉ង់​ ១ ដប ឬ ​​ម្ដង ១ កែវ​ក៏​បាន។

ទោះជា​យ៉ាង​ណា បញ្ហា​ប្រឈម​មុខ​របស់​លោក ម៉ានិត ក៏​មិនខុ​សពី​ហាង​ដទៃ​ទៀត​ដែរ។ វិបត្តិ​កូវីដ តម្រូវ​ឲ្យ​លោក​បាន​ព្យាយាម​រក្សា​អនាម័យ​ មាន​ទាំង​​ទឹក​អាល់កុល​ និង​ការ​វាស់​កម្ដៅ​អតិថិជន​មុន​ពេល​ចូល​ទទួលទាន។

ជាមួយ​ទំនុ​កចិត្ត​លើ​រសជាតិ​ម្ហូប​ថៃ ឈ្ងុយ​ឆ្ងាញ់ លោក ម៉ានិត បាន​ទទូច​ថា៖ «ខ្ញុំ​ចង់​ឲ្យ​ភ្ញៀវ​បាន​មក​សាកល្បង​ម្ហូប​ថៃ​ ដែល​គាត់​មិន​ចាំបាច់​ទៅ​ដល់​បាំងកក​ទេ ហាង Silent​ មាន​ស្រាប់​ហើយ​ធានា​រសជាតិ​តែ​ម្ដង​ ហើយ​យើង​ក៏​នឹង​ភ្ជាប់​សេវាកម្ម​ដឹក​ជញ្ជូន​ម្ដងទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ»។

ភោជនីយដ្ឋាន Silent មាន​ទីតាំង​នៅ​ផ្លូវ​ ៩៥​ សង្កាត់​បឹង​កេងកង ៣ ម្ដុំ​ស្តុបបូក​គោ និង​បើក​ដំណើរការ​ពី​ម៉ោង​ ៤ ​ទៅ​ម៉ោង​ ១១​យប់ ​សម្រាប់​ថ្ងៃ​ សុក្រ​ សៅរ៍ និង ​អាទិត្យ​ និងបើក​ពីម៉ោង​​ ៥​ ទៅ ​១១​ យប់​ សម្រាប់​ ចន្ទ​ ពុធ​ និង ​ព្រហស្បតិ៍​ ហើយ​ឈប់​សម្រាក​ជា​រៀងរាល់​ថ្ងៃ​​អង្គារ៕

វីដេអូ៖