សៀមរាប: បា​រ៍អា​សនៈ រចនាប័ទ្ម​ឈើ​បុរាណ​ទសវត្សរ៍ ៦០ ដែល​ផុស​នៅ​កណ្ដាល​ប្លុក​ផាប់ស្ទ្រីត​ដ៏​អ៊ូអរ និង​ពោរ​ពេញ​ដោយ​ភ្ញៀវ​បរទេស​មក​ពី​ជុំវិញ​ពិភពលោក បាន​បង្កប់​នូវ​ភាព​វិសេស​ចំពោះ​ការ​ថែរក្សា​មុខ​ម្ហូប​បុរាណ​ជាមួយ​នឹង​រូបមន្ដ​ពី​មេ​ចុង​ភៅ​ក្នុង​រាជវាំង។

ពេល​ឈាន​ជើង​ចូលដល់​បរិវេណ​បា​រ៍ អាសនៈ វា​ហាក់​ដូចជា​ដំណើរ​ទៅ​ដល់​ភូមិឋាន​ជនបទ​ស្រុក​ស្រែ​ចម្ការ។ បើក​ដំណើរការ​ក្នុង​ឆ្នាំ ២០១២ ផ្ទះ​ឈើ​បុរាណ​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ ហើយ​វា​ធ្លាប់​ជា​ផ្ទះ​ដ៏​ទាន់​សម័យ​មួយ​នា​គ្រា​នោះ។

បន្ថែម​ពីលើ​ប្រវត្តិ​សំណង់​ឈើ​កេរ​ពី​អតីតកាល​ដ៏​រុងរឿង បារ៍អា​សនៈ​ក៏មាន​បម្រើ នំ​បញ្ចុក​សាច់​គោ​គ្រឿង ជា​មុខម្ហូប​កេរ​ដូនតា​មួយ​ប្រភេទ​ស្ថិត​ក្នុង​ចំណោម​ស្រា​ក្រឡុក​ច្នៃ​ប្រឌិត​ថ្មី​ដ៏​សម្បូរ​បែប​នៅ​បារ៍​អាសនៈ ដែល​មាន​ប្រវត្ដិ​ពី​ទឹកដី​កម្ពុជា​ក្រោម។

ជាមួយ​ក្រមា​ខ្មែរ​ជួត​ជ្រោង​សក់ ម្ចាស់​បា​រ៍អា​សនៈ អ្នកស្រី អ៊ុន សុ​ផា​រី បាន​ឲ្យ​ដឹង​ថា៖ «វា​ជា​រូបមន្ដ​មក​ពី​កម្ពុជា​ក្រោម តែ​ម្ដាយ​ក្មេក​ខ្ញុំ​រៀន​មុខ​ម្ហូប​នេះ​ពី​មេ​ចុង​ភៅ​ក្នុង​រាជវាំង។ គាត់​ជួយ​បង្រៀន​រូបមន្ដ​ផ្សំ​គ្រឿង​ដល់​ចុង​ភៅ​នៅ​បារ៍​អាសនៈ​នេះ»។

អ្នកស្រី​បាន​បន្ដថា៖ «ខ្មែរ​យើង​ឥឡូវ​លែង​ស្គាល់​ហើយដោយ​សារ​នៅ​បរទេស គេ​ហៅ​បុនប៊ុន។ ឮ​អ៊ីចឹង​ទៅ វា​ស្រដៀង​នឹង​ភាសា​អី​ផ្សេង»។

អ្នកស្រី អ៊ុន សុផារី ចុះ​ពី​ផ្ទះ​ឈើទសវត្សរ៍​ឆ្នាំ ១៩៦០ ដែល​បម្រើ​ជា​ទីតាំង​បារ៍​អាសនៈ​​​។ ធី សុផាន់ណា

ម្ចាស់​បា​រ៍ ដែល​រក្សា​ភាពវិសេស​របស់ខ្លួន​ជាមួយ​ប្រភេទ​ស្រា​ក្រឡុក​ប្រើ​គ្រឿង​ផ្សំ​រស​ជាតិ​ពី​គ្រឿង​ទេស​ផ្ទះ​បាយ​ខ្មែរ និង​រចនា​ប័ទ្ម​បារ៍​តែ ១ គត់​កណ្ដាល​ក្រុង​រូប​នេះ​បាន​រៀប​រាប់​ពី​គ្រឿង​ផ្សំ​ថា​នំ​បញ្ចុក​សាច់គោ​ស្លឹកគ្រៃ​រមៀត​ខ្ទឹម​ទឹកត្រី ជីរអង្កាម សណ្ដែក​បណ្ដុះ ការ៉ុត ត្រសក់ ចាយ៉ សណ្ដែក​ដី និង​ស្ករ​ជាដើម។

ចំពោះ​វិធី​ធ្វើ អ្នកស្រី សុ​ផា​រី បាន​និយាយថា ឆា​សាច់គោ ដូច​ឆា​គ្រឿង​បំពង​ចា​យ៉ ផ្សំ​គ្រឿង​ទឹកត្រី​ជា​ការ​ស្រេច។

នំ​បញ្ចុក​សាច់គោ​គ្រឿង មានតម្លៃ ៥,៥ ដុល្លារ​ក្នុង ១ ចាន ទំនងជា​មាន​លក់​តែ​នៅ​បារ៍​ផ្ទះ​បែប​ប្រពៃណី​ចុង​ក្រោយ​ក្នុង​តំបន់​ផ្សារ​ចាស់ ហើយ​បច្ចុប្បន្ន​វា​ជា​សក្ខីភាព​នៃ​ការ​រីក​ចម្រើន​របស់​ក្រុង​សៀមរាប។

អ្នកស្រី សុ​ផា​រី ថា ភ្ញៀវបរទេស​ចូល​ចិ​ត្ដ​កុម្ម៉ង់​នំ​បញ្ចុក​សាច់គោ​គ្រឿង​ណាស់ ខណៈ​ភ្ញៀវ​ខ្មែរ​ហាក់​ដូចជា​មាន​ការ​ភ្ញាក់​ផ្អើល ដែល​បារ៍​នេះ​មាន​លក់​នំ​បញ្ចុក មាន​រស​ជាតិ និង​គ្រឿង​ផ្សំ​ប្លែក​ដូច្នេះ។

បា​រ៍អា​សនៈ​នៅ​ផ្លូវ​លេខ ៧ ភូមិ​មណ្ឌល ១ ក្បែរ​ផាប់​ស្ទ្រីត​សៀមរាប។ ទាក់ទង​តាម​ទូរស័ព្ទ​លេខ ០៩២ ៩៨៧ ៨០១៕