ភ្នំពេញ៖ ដើម​ឫស្សី រុក្ខជាតិ​តូច​ធំ និង​ទ្រើង​​​​វល្លិ​ស្លឹក​បៃតង បាន​ធ្វើ​ឲ្យ​ពន្លឺ​សូរ្យ​សែង​ថមថយ​កម្ដៅ និង​ជួយ​ផ្ដល់​ខ្យល់​អាកាស​បរិសុទ្ធ​ដល់​បណ្ដា​ភ្ញៀវ​ ដែល​មក​ទទួល​ទាន​អាហារ​នៅ​ភោជនីយដ្ឋាន​គ្មាន​​​ប្លាស្ទិក Eleven One Kitchen ក្នុង​សង្កាត់​បឹងកេងកង ១។

បើក​ដំណើរការ​បាន​កន្លះ​ទសវត្សរ៍ ជាមួយ​នឹង​ឆន្ទៈ​មិន​ប្រើប្រាស់​ប្លាស្ទិក តាំង​ពី​ថ្ងៃ​ដំបូង ម្ចាស់​ភោជនីយដ្ឋាន អ្នកស្រី​ ស្រ៊ុន​ សុខលីម​ បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖​ «​​ខ្ញុំ​មាន​ការ​ប្រើប្រាស់​​ប្រអប់​កាក​អំពៅ​នេះ​តាំង​ពី​ដើម​ដោយ​មិន​ប្រើ​ប្លាស្ទិក​ទេ​ ប៉ុន្តែ​នៅ​ពេល​ភ្ញៀវ​ខ្មែរ​គាត់​មក​ទិញ​គាត់​និយាយ​ថា ​ម្ហូប​ឆ្ងាញ់ ​ប៉ុន្តែ​ថ្លៃ​ណាស់​គាត់​ក៏​ឈប់​ទិញ​។ បន្ទាប់​មក​ក៏​មាន​ភ្ញៀវ​ជា​ជន​បរទេស​គាត់​មក​ហូប​អ៊ីចឹង​ទៅ​ យូរៗ​ទៅ​ក៏​ក្លាយ​ទៅ​ជា​ភោជនីយ​ដ្ឋាន​ដូច​សព្វ​ថ្ងៃ​នេះ​ឯង​»​។

ភោជនីយដ្ឋាន​​លក់​តែ​ម្ហូប​ខ្មែរ​នេះ ​​​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ភ្ញៀវ​បរទេស​រហូត​​ដល់​ ៩០ ​ភាគរយ ​ទាំង​សេវាកម្ម​ល្អ ​បរិស្ថាន​ស្អាត​ ការ​វេច​ខ្ចប់​ដោយ​ប្រើ​​ចាន​ស្លាប​ព្រា​​ផលិត​អំពី​កាក​អំពៅ​ និង​​​​ថង់​ផលិត​ពី​រុក្ខជាតិ​ងាយ​រលាយ​។

វិន័យ​ដ៏​សំខាន់​​​ចំពោះ​​បុគ្គលិក​ Eleven One Kitchen ​គឺ​បម្រាម​នាំ​យក​ថង់​ប្លាស្ទិក​ចូល​មក​ក្នុង​ភោជនីយដ្ឋាន​ដាច់​ខាត​ក្នុង​លក្ខខណ្ឌ​ណា​មួយ​ លើក​លែង​តែ​ថង់​ដាក់​កាក​សំណល់​ ដែល​មិន​អាច​មាន​អ្វី​ប្រើ​ជំនួស​បាន​ប៉ុណ្ណោះ​។

ម្ចាស់​ភោជនីយដ្ឋាន​វ័យ​ ៣៧ ឆ្នាំ​ បាន​​រៀបរាប់​ថា​៖ «ភ្ញៀវ​ភាគ​ច្រើន​ជា​ជន​បទេស​ ដោយ​មិន​សូវ​មាន​ប្រជាជន​ខ្មែរ​ស្គាល់​នោះ​ទេ​ ប៉ុន្តែ​បើ​សិន​ជា​នៅ​ក្នុង​កម្មវិធី​តូច​ធំ​ដែល​ផ្តោត​ទៅ​លើ​ការ​ការពារ​បរិស្ថាន​ ប្រាកដ​ជា​មាន​គេ​ស្គាល់​ពី​ភោជនីយ​ដ្ឋាន​នេះ​ស្ទើរ​តែ​ ៩៩ ​​ភាគរយ​»។

នៅ​លើ​ដំបូល​ភោជនីយដ្ឋាន​​ មាន​ដំណាំ​ផ្គត់ផ្គង់​ផ្ទះបាយ​។ រូបថត ហុង មិនា

មុន​នឹង​ក្លាយ​ជា​សហគ្រិន​ក្នុង​វិស័យ​ភោជនីយដ្ឋាន ​អ្នកស្រី​ ស្រ៊ុន សុខលីម​ ដែល​​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​គណនេយ្យ​ និង​ហិរញ្ញវត្ថុ​ ​ធ្លាប់​បម្រើក​ការ​ក្នុង​ហាង​បរទេស​​រយៈពេល​ ​១១ ​ឆ្នាំ​​ និង​ទទួល​បាន​គំនិត​ជំនួញ​​បែប​គិត​គូរ​បរិស្ថាន​​ពី​បទពិសោធ​ការងារ​​​នេះ។

អ្នកស្រី​បាន​រំឭកថា៖ «មេ​ខ្ញុំ​គាត់​ជា​ជនជាតិ​បែលហ្ស៊ិក ហើយ​​​នៅ​ពេល​យើង​ដើរ​ទៅ​ណា​ជាមួយ​គាត់​ តែ​​ហ៊ាន​​បោះ​សំរាម​ចោល​គាត់​នឹង​ស្តី​ឲ្យ​តែ​ម្តង​ គាត់​ខឹង​យើង​ ដោយសារ​តែ​កន្លែង​ហ្នឹង​ជា​កន្លែង​ខ្ញុំ​ធ្វើ​ការ​ដំបូង​ ហើយ​ក៏​នៅ​បាន​យូរ​ ក៏​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្លាក់​ជាប់​នូវ​ទម្លាប់​ដែល​គាត់​តែងតែ​ប្រាប់​ នៅ​ពេល​ដែល​ខ្ញុំ​បើក​កន្លែង​ខ្លួន​​ឯង​ទើប​ខ្ញុំ​យក​ទម្លាប់​ទាំង​នោះ​មក​ប្រើ​តែ​ម្តង​ទៅ​»​។

ក្នុង​ចំណោម​បញ្ជី​រាយ​នាម ​​​ម្ហូប​ពិសេស​ប្រចាំ​ Eleven One Kitchen ដែល​ភ្ញៀវ​ចូលចិត្ត​ពិសា​ដូច​ជា​ គួង​ផ្លែ​ប៊័រ ៤ ដុល្លារ ឆា​សាច់​មាន់​ស្វាយ​ទុំ​ ៤,២៥ ដុល្លារ និង​អាម៉ុក​ត្រី ញាំាំ​​បង្គា​កំពត​ មឹក​​បំពង​ គាវ​បង្គា​បំពង​ ៤,៥០ ដុល្លារ ថែម​ទាំង​មាន​ភេសជ្ជៈ​ និង​ទឹក​ផ្លែ​ឈើ​ស្រស់​ជា​ច្រើន​មុខ​ទៀត​ដូច​ជា​ ទឹក​ម្កាក់​ និង​ត្របែក​ ទឹក​ឪឡឹក​ ទឹក​ក្រូច​ ទឹក​ផ្លែ​ឈើ​សុខភាព​ ទឹក​ផ្លែ​ឈើ​បៃតង​សុខភាព​ជា​ដើម​មាន​តម្លៃ​ចាប់​ពី​ ២ ដុល្លារ ដល់​ ២,៧៥ ដុល្លារ។

អ្នកស្រី​ក៏​សម្គាល់​ផង​ដែរ​ថា ភ្ញៀវ​បរទេស​ចង់​សាក​ម្ហូប​ខ្មែរ​ឆ្ងាញ់ៗ ដោយ​មាន​ទំនុក​ចិត្ត​លើ​អនាម័យ។

សម្ភារវេចខ្ចប់ ដែល​ចូលរួម​កាត់បន្ថយ​ផលប៉ះពាល់​ដល់បរិស្ថាន។ រូបថត ហុង​ មិនា

អ្នកស្រី​លើក​ឡើង​ថា៖ «បើ​តាម​ខ្ញុំ​គិត​ មូល​ហេតុ​ដែល​ភ្ញៀវ​ខ្ញុំ​ភាគ​ច្រើន​ជា​បរទេស ​គឺ​មក​ពី​ទី​នេះ​បរិយាកាស​ល្អ​ខ្យល់​បរិសុទ្ធ​​ របស់​ប្រើប្រាស់​ជួយ​ដល់​បរិស្ថាន​ រឿង​​អនាម័យ​ជា​ចម្បង​។ កន្លែង​ខ្ញុំ ​គឺ​បើក​ផ្ទះ​បាយ ​(កន្លែង​ចម្អិន) ​​ឲ្យ​ភ្ញៀវ​មើល​ ឬ​ចង់​ចូល​មើល​ក៏​បាន​ សូម្បី​តែ​ធុង​សំរាម​ក៏​មិន​មាន​នៅ​ជិត​កន្លែង​ចម្អិន​ដែរ វា​អាច​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក​ញ៉ាំ​នៅ​ពេល​ដែល​ឃើញ​កាក​សំណល់​​ទាំង​នោះ​ ពួក​យើង​ព្យាយាម​ថែរក្សា​បរិស្ថាន​ទៅ​តាម​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន​ បើ​សិន​ជា​មិន​ចាំបាច់​»​។

ក្រៅ​ពី​មាន​រុក្ខជាតិ​​ហ៊ុមព័ទ្ធ​ហាង ​នៅ​លើ​ដំបូល​​ក៏​មាន​សួន​បន្លែ​ធម្មជាតិ​ដែល​​​បាន​ទាក់ទាញ​ភ្ញៀវ​ចម្រុះ​ជាតិ​សាសន៍​​ចូល​មក​ទស្សនា​ និង​ស្តាប់​អ្នក​​​ជំនាញ​ផ្នែក​កសិកម្ម​នៃ​ការ​​ដាំ​បន្លែ​ស្នេហា​សុខភាព ដោយ​​​គ្មាន​ជាតិ​គីមី​​។

បន្លែ​ដែល​បាន​ដាំ​ទុក​សម្រាប់​ផ្គត់ផ្គង់​ផ្ទះ​បាយ ត្រូវ​បាន​​​អ្នកស្រី​ សុខលីម​ ​បញ្ជាក់​ថា​៖​ «​ការ​ដាំ​បន្លែ​នេះ​ខ្ញុំ​ប្រគល់​ការ​រ៉ាប់រង​ឲ្យ​ជនជាតិ​ខ្មែរ និង​បរទេស​ជា​អ្នក​ជំនាញ​។ ចំណែក​ឯ​ដី​វិញ​​ យើង​បាន​ទិញ​​ដី​ធម្មជាតិ​គេ​មក​ពី​កោះ​ដាច់​ និង​មាន​ចិញ្ចឹម​ជន្លេន​សម្រាប់​យក​ដី​ផង​ដែរ​។ ការ​ដាំ​បន្លែ​នេះ​យើង​មិន​មាន​ការ​ប្រើប្រាស់​ជី​នោះ​ទេ​ ហើយ​យើង​បណ្តុះ​​ពូជ​ដោយ​ខ្លួន​ឯង​ ព្រោះ​បើ​ទិញ​ពី​ផ្សារ​រុក្ខជាតិ​នោះ​វា​ត្រូវ​ការ​ជី​ទើប​អាច​លូតលាស់​បាន​»​។

ប៉ុន្តែ​ដោយសារ​តែ​ទំហំ​នៃ​ទីតាំង​ដាំ​បន្លែ​មាន​ទីធ្លា​តូច​ពេក​ ទើប​បន្លែ​លូត​លាស់​លើ​ដំបូល​​ទាំង​នោះ​​មិន​គ្រប់គ្រាន់​ក្នុង​ការ​ផ្គត់ផ្គង់​ក្នុង​ភោជនីយដ្ឋាន​ ដែល​​តម្រូវ​ឲ្យ​អ្នកស្រី​ត្រូវ​ជាវ​ពី​​​ទីផ្សារ​បន្លែ​ធម្មជាតិ​មក​បំពេញ​​បន្ថែម​។ ចំណែក​​ឯ​ប្រភេទ​សត្វ​សមុទ្រ​ដូច​ជា​មឹក​ បង្គា ក្តាម​ ត្រូវ​បាន​ទិញ​ផ្ទាល់​មក​ពី​ក្រុង​​ព្រះសីហនុ​។

ដោយសារ​កង្វះ​ខាត​នៃ​បន្លែ​ធម្មជាតិ​​​ផ្គត់ផ្គង់​នៅ​ក្នុង​ភោជនីយដ្ឋាន​អ្នកស្រី​ ស្រ៊ុន សុខលីម​ ក៏​បាន​បង្ហើប​​ឲ្យ​ដឹង​ដែរ​​ថា៖ ​«​នៅ​ពេល​ខាង​មុខ​នេះ​ខ្ញុំ​នឹង​ធ្វើ​សួន​បន្លែ​ធម្មជាតិ​មួយ​ដែល​មិន​ប្រើប្រាស់​ជី​ដាច់​ខាត​ ខ្ញុំ​ក៏​បាន​ទិញ​ដី​សម្រាប់​ធ្វើ​វា​រួច​ហើយ​នៅ​ឯ​ខាង​កោះដាច់​ ហើយ​​ក៏​មាន​គម្រោង​ធ្វើ​ជា​​ផ្ទះ​តូចៗ​នៅ​ជិត​មាត់​ទឹក​សម្រាប់​ភ្ញៀវ​ទៅ​លម្ហែ​​។ ក្នុង​សួន​បន្លែ​នេះ​ មិន​ត្រឹម​តែ​ដាំ​បន្លែ​នោះ​ទេ​ ខ្ញុំ​ក៏​ចង់​ចិញ្ចឹម​មាន់ ជ្រូក​ សម្រាប់​ផ្គត់ផ្គង់​សាច់​នៅ​ក្នុង​ភោជនីយដ្ឋាន​​ខ្ញុំ​ផង​ដែរ​»។

Eleven One Kitchen បើក​ចាប់​ពី​ម៉ោង​ ៧ ព្រឹក ​រហូត​ដល់​ម៉ោង​ ៩:៣០ ​យប់​ មាន​ ២ ​សាខា​ គឺ​ ស្ថិត​នៅ​សង្កាត់​​បឹង​កេងកង ​១ (បម្រើ​តែ​ម្ហូប​ខ្មែរ​) ផ្លូវ​លេខ​ ៣៣៤ និង​ ស្ថិត​នៅ​សង្កាត់​​ទួលទំពូង​ (មាន​​ម្ហូប​បរទេស​) ផ្លូវ​លេខ​​ ៤៦០ ឬ​ក៏​ទាក់ទង​​​ទូរស័ព្ទ​​​លេខ ០៨៦ ៥១៦​ ១១១៕