ក្រុង​បានលុង៖ ស្រដៀង​នឹង​សម្ល​កកូរ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ​​ដែល​និយម​ទទួល​ទាន​ទូទាំង​ប្រទេស​ ព្រោង​ជា​សម្ល​​ជនជាតិ​ដើម​ភាគ​តិច​ទំពូន​ផ្សំ​​​ពី​បន្លែ​​ចម្រុះ​​ជា​ច្រើន​មុខ​ និង​ចម្អិន​ក្នុង​បំពង់​ឫស្សី​ផ្អរ​ដ៏​មាន​ឈ្មោះ​ល្បីល្បាញ​រហូត​ដល់​ភ្ញៀវ​មក​លេង​រតនគិរី​មិន​អាច​ភ្លេច​មុខ​ម្ហូប​ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​អាហារ​​ស្ទួយ​សុខភាព​មួយ​នេះ​បាន​។

បន្លែ​ដំណាំ​របស់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ដែល​ដាំដុះ និង​​​បេះបោច​តាម​រដូវ​ ដូចជា ស្លឹក​​បាស ល្ពៅ ល្ហុង ត្រប់​ ខ្នុរ ត្រឡាច​ ផ្ទី ជា​ពិសេស ស្លឹក​អន់តញ (ស្លឹក​ប្រមោយ​ដំរី) គឺ​ជា​គ្រឿង​ផ្សំ​បន្លែ​ចម្បង​របស់​សម្ល​ព្រោង​។

ជា​អ្នក​ស្ពាយ​បន្លែ​បង្ការ​ក្នុង​កាផា​​ដើរ​លក់​លើ​ដី​​ជា​ច្រើន​គីឡូ​ម៉ែត្រ​ក្នុង ​១ ថ្ងៃ អ្នកស្រី កាង កាឆែង ​ជនជាតិ​ដើម​ភាគ​តិច​​ព្រៅ​រស់នៅ​ក្នុង​ភូមិ​កាទឹង ឃុំ​ល្បាំង ១ ស្រុក​លំផាត់​ ដែល​​មិន​ដឹង​សូម្បី​តែ​អាយុ​ខ្លួន​ឯង ​​និយាយ​ភាសា​ខ្មែរ​​​បែប​រដឺន​​ថា៖ «​ខ្ញុំ​ដើរ​លក់​ស្លឹក​អន់​តញ​ (ស្លឹក​ប្រមោយ​ដំរី) បេះ​​តាម​អូរ​ និង​​បន្លែ​ស្លឹក​បាស ល្ពៅ ល្ហុង ខ្នុរ ត្រឡាច ត្រប់ និង​ព្រលឹត»។

អ្នកស្រី​បន្ដ​ថា៖ «​ព្រោង​ជា​សម្ល​ប្រពៃណី​របស់​ជនជាតិ​ដើម​​ភាគ​តិច​យើង​។ យើង​អាច​ប្រើ​តែ​បន្លែ​សុទ្ធ​ជាមួយ​នឹង​គ្រឿង​ផ្សំ​រសជាតិ​ផ្សេងៗ ឬ​ក៏​ដាក់​ជាមួយ​សាច់​ជ្រូក គោ​ និង​ត្រី​ទៅ​តាម​ចំណូល​ចិត្ដ​»។

ជា​ម្ចាស់​ភូមិ​​វប្បធម៌​​ជនជាតិ​ដើម​ភាគ​តិច​ព្រៅ​បំណង​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជិត​ឆ្ងាយ​ដែល​​ចង់​ទទួល​បាន​នូវ​បទពិសោធ​រស់នៅ​បែប​ជនជាតិ​​ដើម​​ភាគ​តិច និង​រក្សា​នូវ​កេរ​ដំណែល​ដូន​តា​ជនជាតិ​ដើម​ភាគ​តិច​​ព្រៅ​ អ្នកស្រី ខៃ ចិន្ដា ​រៀប​រាប់​អំពី​វិធី​ស្ល​ព្រោង​បន្លែ​ ដែល​សម្រាប់​ដាក់​លក់​ជូន​ភ្ញៀវ​នៅ​ភូមិ​វប្បធម៌​របស់​ខ្លួន​។

អ្នកស្រី ខៃ ចិន្ដា បង្ហាញ​ពីវិធី​ផ្សំ​គ្រឿង និង​ស្ល​ព្រោង​ឫស្សី​​​។ រូបថត យូរសុះ អាប់​ឌុលរ៉ាល់ហ៊ីម​

អ្នកស្រី​និយាយ​ថា​៖ «​​ពួក​ខ្ញុំ​អត់​ប្រើ​ប៊ីចេង​ទេ យើង​ដាក់​តែ​ស្ករ ប្រហុក​ ទឹក​ត្រី និង​ម្ទេស​ ហើយ​បន្លែ​ដែល​យើង​ប្រើ គឺ​ជា​ផលិតផល​របស់​ជនជាតិ​ដើម​ទំពូន​ផ្ទាល់»​។

ប្រធាន​អភិរក្ស​ដំរី​ខ្មែរ​អៃរាវត្តា អ្នក​ស្រី ខៃ ចិន្ដា ​បាន​បន្ដ​ថា៖ «យើង​អាច​បន្ថែម​សាច់​ជ្រូក គោ ឬ​ត្រី ទៅ​តាម​តម្រូវ​ការ​។ ប៉ុន្ដែ​ចំពោះ​​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​ចូលចិត្ដ​ព្រោង​បន្លែ​សុទ្ធ​។ វា​​ឆ្ងាញ់​ដែល​យើង​បាន​ប្រើ​បន្លែ​ជា​ច្រើន​ប្រភេទ​របស់​បង​ប្អូន​ជាតិ​ភាគ​តិច​ដើរ​លក់​តាម​ដង​ផ្លូវ​»។

ម្ចាស់​ភូមិ​វប្បធម៌​រូប​នេះ បាន​និយាយ​បណ្ដើរ និង​ផ្សំ​​គ្រឿង​បណ្ដើរ​​ថា អ្នកស្រី​ដាក់​​​ស្លឹក​បាស​ ស្លឹក​ប្រមោយ​ដំរី ផ្ទី កាត់​ល្ពៅ​ ល្ហុង​ជា​ដុំ​តូច​ៗ និង​ត្រប់​ រួច​លាយ​ជា​ប្រហុក ស្ក​រស ទឹក​ត្រី និង​​ម្ទេស​។ អ្នក​ស្រី​បន្ដ​ច្របល់​វា​ឲ្យ​សព្វ​ចូល​គ្នា និង​ភ្លក្ស​រសជាតិ​ទៅ​តាម​ចំណូល​ចិត្ដ​។

អ្នកស្រី​និយាយ​ថា​៖ «​ខ្ញុំ​មិន​ចូល​ចិត្ដ​ប្រៃ​ពេក​​ទេ ដោយសារ​​ពេល​​បន្លែ​​ឆ្អិន​រលួយ​​ វា​​អាច​ធ្វើ​ឲ្យ​រសជាតិ​កាន់​តែ​​ប្រៃ​។ ខ្ញុំ​បាន​ជ្រើសរើស​យក​រសជាតិ​ប្រៃ​ត្រឹម​ឡមៗ​»។

ព្រោង​ផ្សំ​ឡើង​ពី​បន្លែ​ស្រស់​ៗ​ជា​ច្រើន​មុខ​របស់​បង​ប្អូន​ជនជាតិ​ភាគ​តិច​​​។ រូបថត យូរសុះ អាប់​ឌុលរ៉ាល់ហ៊ីម​

ក្រោយ​ពេល​ផ្សំ​គ្រឿង​ និង​​ភ្លក្ស​រសជាតិ​បន្លែ​ឆៅ​រួច​រាល់ ប្រធាន​អភិរក្ស​ដំរី​ខ្មែរ​អៃរាវត្ដា ដែល​ថែ​បីបាច់​ដំរី​ ៤ ក្បាល​ចុង​ក្រោយ​ប្រចាំ​ខេត្ដ​រតនគិរី បាន​ញុក​វា​ចូល​បំពង់​ឫស្សី​ដែល​មាន​ចន្លោះ​ថ្នាំង ​១ ​ទៅ​ថ្នាំង ​១ ក្នុង​ប្រវែង​​ប្រមាណ ៨ តឹក​ទៅ ១ ម៉ែត្រ​បន្ដិច​ម្ដង​ៗ​រហូត​ជិត​ពេញ​។

អ្នកស្រី​បន្ថែម​ថា​៖ «​មើល​ឃើញ​បំពង់​ឫស្សី​នេះ​តូច​ក៏​ពិត​មែន តែ​យើង​ត្រូវ​ប្រើ​បន្លែ​ព្រោង​ជិត ​១ ឆ្នាំង​តូច​ល្មម​ឯណោះ​។ បន្ទាប់​ពី​ញុក​បន្លែ​​រួច​រាល់​ហើយ យើង​​យក​វា​ទៅ​ដុត​ ដែល​មិន​ខុស​ពី​ការ​ដុត​ក្រឡាន​នោះ​ទេ​។ ខ្ញុំ​គិត​ថា ត្រឹម​រយៈ​ពេល ៣០ នាទី​ ព្រោង​បន្លែ​ប្រាកដ​ជា​ឆ្អិន​ល្អ​ល្មម​»។

ស្ថាបនិក​ភូមិ​វប្បធម៌ និង​ជំរំ​ដំរី អ្នកស្រី ខៃ ចិន្ដា បាន​បន្ដ​បញ្ជាក់​ថា ព្រោង​ជា​សម្ល​ងាយ​ស្រួល​ស្ល​ និង​អាច​​រៀន​ឆាប់​ចេះ​ ពី​ព្រោះ​ចំពោះ​បញ្ហា​​រសជាតិ វា​អាស្រ័យ​​ទៅ​លើ​ការ​លាយ​គ្រឿង​​របស់​អ្នក​ស្ល​ប៉ុណ្ណោះ»​។

អ្នក​ស្រីខៃ ចិន្ដា បាន​បន្ដ​ថា៖ «អ្វី​ដែល​លំបាក​សម្រាប់​ការ​អនុវត្ដ​នៅ​ផ្ទះ​របស់​ពលរដ្ឋ​ខ្មែរ​ទូទៅ​នោះ គឺ​ការ​ប្រើប្រាស់​ឫស្សី​ ដែល​​មាន​ការ​ពិបាក​រក​នៅ​តាម​តំបន់​ផ្សេងៗ ​ដោយសារ​តែ​ឫស្សី​ថ្នាំង​វែង​នេះ​ជា​ឫស្សី​ផ្អរ​»៕