សៀមរាប: ស្ថិត​នៅ​តំបន់​ប្រជុំជន​ក្បែរ​ផ្សារ​ចាស់ និង​ផាប់ស្ដ្រីត​ដ៏សម្បូរ​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​ធ្វើ​ដំណើរ​ឆ្លងកាត់ ខ្មែរ​ថាច់ ជា​ភោជនីយដ្ឋាន​ម្ហូប​បែប​ប្រណីត​ដែល​បាន​បន្ថែម​រសជាតិ​បរទេស​ក្នុង​តារាង​ម្ហូប ដើម្បី​ទាក់ទាញ​ភ្ញៀវ​មកពី​ជុំវិញ​ពិភពលោក​។

សាច់គោ​ជាមួយ​ដំឡូងបារាំង​បំពង ឬ​ស្ដេក​ជា​មុខម្ហូប​បែប​បស្ចឹម​ប្រទេស​ដ៏ល្បីល្បាញ​លើ​ពិភពលោក​ត្រូវ​បាន​ដាក់បញ្ចូល​ក្នុង​តារាង​ម្ហូប ដើម្បី​ផ្គាប់​ចិត្ដ​ភ្ញៀវ​ដែល​ចង់​ភ្លក្ស​អាហារ​អឺរ៉ុប​ក្នុង​ភោជនីយដ្ឋាន​បែប​ខ្មែរ​។

លោក កែវ វុទ្ធី មេ​ចុងភៅ​នៅ​ភោជនីយដ្ឋាន​ ខ្មែរ​ថាច់ បាន​រៀបរាប់​អំពី​គ្រឿងផ្សំ​ថា​សាច់គោ​អូស្ដ្រាលី​ទម្ងន់ ១៨០ ក្រាម​ដែល​ត្រូវ​ប្រឡាក់​ជាមួយ​អំបិល ម្រេច និង​ស្លឹក​តែម (​រុក្ខជាតិ​គ្រឿងទេស​) លាយ​ស្រាក្រហម​បន្ដិច ទុក ៥ នាទី រួច​អាំង​លើ​ខ្ទះ​ក្ដៅ​។

មេចុងភៅ​មាន​បទពិសោធ​ក្នុង​ផ្ទះបាយ​ជាង ២០ រូប​នេះ​បាន​បន្ដ​ថា​៖ «​ចំពោះ​ការចម្អិន អតិថិជន​អាច​ជ្រើសរើស​ប្រភេទ​ស្ទើរឆៅ (Rare) ដុត​រយៈពេល ១ នាទី​ម្ខាង ឆ្អិន​ល្មម (Medium) រយៈពេល ៣ នាទី​ម្ខាង និង​ឆ្អិន​ល្អ (Well-done) រយៈពេល ៤-៥ នាទី​ម្ខាង​។

ទឹកជ្រលក់​យក​ឆ្អឹង​គោ​ទៅ​ដុត​រួច​រម្ងាស់​ជាមួយ​នឹង​បន្លែ​ទឹក ៣ យក​ទឹក ១ (Brown Stock)​។ យើង​ត្រង​យក​តែ​ទឹក​ធ្វើ​ជា​ទឹកជ្រលក់​។ ម្រេច​ខ្ចី​សង្កត់​ឲ្យ​សំប៉ែត ហាន់​ខ្ទឹមក្រហម ខ្ទឹមបារាំង​ឲ្យ​ល្អិតៗ សាតេ (​ឆា​) ជាមួយ​ប៊ឺ​ដាក់​ម្រេច បន្ថែម​អំបិល ស្រាក្រហម រួច​យក​ទឹក​ឆ្អឹង​គោ​ចាក់​ចូល​។ រម្ងាស់​ពី ៣ ទៅ ៤ នាទី​ឲ្យ​រាង​ខាប់​។

បន្លែ ការ៉ុត ផ្កាខាត់ណា ផ្កា​ខាត់ណា​បៃតង (​ប្រូខូលី​) សាតេ​ជាមួយ​ប៊័រ អំបិល និង​ម្រេច​បន្ថែម​ស្រា​ទំពាំង​បាយជូ​រស​បន្ដិច និង​ដំឡូង​បារាំង​បំពង​។ យើង​នៅ​មាន​ដំឡូង​កិន​ដែល​យើង​ប្រើប្រាស់​ដំឡូង​ជ្វា ពីព្រោះ​ដំឡូងជ្វា​មាន​រសជាតិ​ផ្អែម និង​ល្មួត​ជាង​ដំឡូង​បារាំង​។

សាច់គោ​អូស្ដ្រាលី ដំឡូងបារាំង​បំពង ឬ Steak នៅ​ភោជនីយដ្ឋាន​ខ្មែរ​ថាច់ មាន​តម្លៃ ១៨ ដុល្លារ​ក្នុង​ ១ ​ចាន​។ លោក វុទ្ធី បាន​ណែនាំ​ថា​៖ «​ប្រាកដ​ណាស់ ស្ដេក ជា​ប្រភេទ​សាច់​ក្រហម វា​ស័ក្ដិសម​ជាមួយ​ស្រា​ទំពាំង​បាយជូរ​ក្រហម សម្រាប់​អ្នក​និយម​ក្រេប​គ្រឿង​ស្រវឹង​តិចតួច​អំឡុង​ពេលបាយ​»​។

តោះ​ភ្លក្ស​សាច់គោ​អូស្ដ្រាលី ឬ​ស្ដេក​រួមទាំង មុខម្ហូប​ខ្មែរ និង​បរទេស​ជាច្រើន​ទៀត​នៅ​ភោជនីយដ្ឋាន ខ្មែរ​ថាច់​ស្ថិត​នៅ​លើ​វិថី​ស៊ីវត្ថា​តំបន់​បរិវេណ​ផ្សារ​ចាស់ ក្នុង​ទឹកដី​សៀមរាប​ ឬ​ទាក់ទង​ទូរស័ព្ទ​លេខ​ ០៦៣ ៧៦ ៥៦ ៨៩៕