ភ្នំពេញ: ជាហាងអាហារអ៊ុយក្រែនដ៏កម្រនៅប្រទេសកម្ពុជា Jungle Cat Phnom Penh ស្វាគមន៍អ្នកផ្សងព្រេងខាងរសជាតិម្ហូបមកពីគ្រប់ជ្រុងនៃពិភពលោកមកកាន់កន្លែងទទួលទានអាហាររសជាតិដើម ហើយបរិយាកាស និងរចនាប័ទ្មប្រពៃណីអ៊ុយក្រែនពិតៗ។
ម្ចាស់ហាងដ៏រួសរាយលោក វីតាលី ផបភីក (Vitaliy Popik) មានជំនាញចុងភៅស្រាប់ ធ្លាប់បានបើកភោជនីយដ្ឋានយីហោដូចគ្នាដ៏ល្បីល្បាញ Jungle Cat Kiev នៅប្រទេសអ៊ុយក្រែន។
នៅឆ្នាំ ២០១៤ ក្រោយពីបុរសអ៊ុយក្រែនវ័យ ៦០ ឆ្នាំនេះបានមកលេងកម្ពុជា លោកក៏ជាប់ចិត្តនឹងប្រទេសនេះ ហើយកើតគំនិតចង់មករស់នៅ និងបើកអាជីវកម្ម។
លោកបានថ្លែងជាភាសាអ៊ុយក្រែនដោយមានមិត្តភក្ដិជួយបកប្រែយ៉ាងដូច្នេះថា៖ «ខ្ញុំបានមកដល់កម្ពុជាកាលពី ៦ ឆ្នាំមុនជាភ្ញៀវទេសចរដើរលេងកម្សាន្ត។ ខ្ញុំពិតជារីករាយនឹងស្នាក់នៅប្រទេសនេះណាស់ ពិសេសប្រជាជន វប្បធម៌ និងធម្មជាតិនៅស្រុកនេះ»។
ដូចទៅនឹងហាងរបស់លោកនៅអ៊ុយក្រែនជាប់ទន្លេ Dnieper ហាង Jungle Cat Phnom Penh ក៏មានទីតាំងក្បែរមាត់ទន្លេចតុមុខដែរ។
លោក វីតាលី បានរៀបរាប់ថា៖ «ខ្ញុំធ្វើការតុបតែងហាងដោយខ្លួនឯង ដោយរក្សាប្រពៃណីអ៊ុយក្រែនធ្វើឲ្យភ្ញៀវមកអង្គុយនៅទីនេះ បីដូចជាស្ថិតនៅផ្ទះប្រជាជនអ៊ុយក្រែនដែរ»។
ហាង Jungle Cat Phnom Penh បម្រើម្ហូបប្រពៃណីអ៊ុយក្រែនដោយប្រើគ្រឿងផ្សំក្នុងស្រុក មកចម្អិនតាមរូបមន្តដើមអ៊ុយក្រែន លើកលែងតែគ្រឿងផ្សំណាដែលមិនមាននៅកម្ពុជា និងត្រូវបាននាំចូលផ្ទាល់ពីប្រទេសកំណើតរបស់លោក។
ម្ហូបភាគច្រើនតម្លៃត្រឹមតែ ៣ ទៅ ៤ ដុល្លារដោយថោកបំផុត ២,៥ ដុល្លារ និងថ្លៃបំផុត ៧,៥ ដុល្លារ។
ម្ហូបពេញនិយមជាងគេគឺ ត្រីហឺរីងជាមួយខ្ទឹមបារាំងក្រហម ញាំដំឡូងបារាំងសាច់មាន់ឆ្អើរ និងសាច់ភ្លៅជ្រូកប្រឡាក់ប្រៃជាមួយខ្ទឹមស។
ចង្អុលលើចានត្រីស្រស់ និងបន្លែពណ៌ក្រហមឆើត តម្លៃតែជាង ៤ ដុល្លារ លោកបញ្ជាក់ថា៖ «នេះជាត្រី Herring ដែលមិនមាននៅកម្ពុជាទេ។ ប្រជាជននៅអ៊ុយក្រែន និងរុស្ស៊ីឲ្យតែឃើញត្រីនេះ ពួកគេពិតជាភ្ញាក់ផ្អើល ដូច្នេះទើបយើងត្រូវដឹកវាពីអ៊ុយក្រែនមួយលើក ៣០ គីឡូក្រាមដោយប្រើពេល ២៤ ម៉ោងតាមយន្តហោះ»។
ភ្ញៀវនឹងទទួលបានគឺស្រាអាល់កុលខ្លាំងនាំចូលពីអ៊ុយក្រែន Moonshine ១ កូនកែវឥតគិតថ្លៃ ដោយរសជាតិពេញនិយមជាងគេគឺ ឈឺរី។
ចង់ភ្លក្សម្ហូបអ៊ុយក្រែនរសជាតិដើមហាង Jungle Cat មានអាសយដ្ឋានផ្ទះលេខ ៨ ផ្លូវលេខ ១១០ កែងផ្លូវមាត់ទន្លេ។ ទាក់ទងតាមទូរស័ព្ទលេខ ០៧០ ២៨៩៦៤៤៕
Khat Leakhena
វីដេអូ៖