ភ្នំពេញ៖ ជា​មួយ​គោលការណ៍​ផ្ដល់​អារម្មណ៍​​​កក់ក្តៅ​ និង​ភាព​ឯកជន​អតិថិជន​គ្រប់​រូប​ ភោជនីយដ្ឋាន​ជប៉ុន រ៉ុ​គុ មិន​ត្រឹម​តែ​ល្បី​ម្ហូប​ឆ្ងាញ់ និង​គុណភាព​ខ្ពស់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ទី​ធ្លាប់​ស្វាគមន៍​តារា​ហូលីវូដ​ដ៏​ល្បីល្បាញ អ្នក​នាង អេនជឺលីណា ជោលី និង​អ្នក​ចាត់​ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា លោក គេស៊ូកេ​ ហុងដា ផង​ដែរ។

ស្ថិត​នៅ​លើ​ដង​វិថី​ត្រសក់​ផ្អែម​ ភោជនីយដ្ឋាន​ជប៉ុន​នេះ​ ​មាន​ការ​រចនាប័ទ្ម​ជញ្ជាំង​​ឫស្សី និង​អំពូល​គោម​​ភ្លឺ​ស្រទន់។ តុ​​មាន​​ការ​បិទ​បាំង​វាំងនន​​​យ៉ាង​​សមរម្យ និង​មាន​បន្ទប់​ទទួល​ទាន​​ចំនួន ៥ នៅ​ជាន់​ខាង​លើ​។

ស្ថិត​នៅ​ក្នុង​សាល​ ដែល​មាន​ដាក់​តាំង​រូបថត​បុគ្គល​ល្បីៗ និង​ភ្ញៀវ​គ្រប់​វ័យ អ្នកនាង​ ម៉ិច បញ្ញា សហស្ថានិក​នៃ​ភោជនីយដ្ឋាន​ជប៉ុន រ៉ុគុ បាន​ប្រាប់ ភ្នំពេញ ​ប៉ុស្តិ៍ ​ឲ្យ​ដឹង​ថា កន្លែង​របស់​អ្នកនាង​ផ្តោត​សំខាន់​ទៅ​គុណភាព​ អនាម័យ ការ​​ផ្តល់​ភាព​កក់ក្តៅ​ និង​ភាព​ឯកជន​​​​ដល់​ភ្ញៀវ​​ ដោយ​ទុក​អតិថិជន​ទាំង​អស់​ជា​ភ្ញៀវ​​​វីអាយភី​។

សហ​ស្ថាបនិក​​ដែល​បញ្ចប់​ការ​សិក្សា​​ផ្នែក​ទេសចរណ៍​ និង​ធ្លាប់​សិក្សា​នៅ​ប្រទេស ​ជប៉ុន រូប​នេះ​បាន​រំឭក​ពី​វត្តមាន​​បុគ្គល​ល្បីៗ​មក​កាន់​ហាង​ រ៉ុគូ ​​យ៉ាង​​ដូច្នេះ​ថា៖ «​ដូច​ជា​ អេនជឺលីណា ជោលី​ គាត់​អញ្ជើញ​មក​ហាង​យើង​នៅ​​ពេល​ដែល​គាត់​ត្រូវ​មក​ថត​នៅ​ខ្មែរ​យើង​ ពួក​យើង​មាន​ការ​ស្វាគមន៍​គាត់​ដូច​ជា​ភ្ញៀវ​ទូទៅ​ដែរ។ ចំណែក​ ហុងដា គាត់​មក​ហាង​យើង​ ភាគ​ច្រើន​មក​និយាយ​រឿង​អាជីវកម្ម​របស់​គាត់​។ ខ្ញុំ​បាន​ផ្តិត​រូបថត​ពួក​គាត់​តាំង​នៅ​ក្នុង​ហាង​ ដោយសារ​មាន​ការ​អនុញ្ញាត​ពី​ម្ចាស់​រូបថត​ ទើប​យើង​ហ៊ាន​ក្នុង​ការ​បង្ហាញ​ជា​សាធារណៈ​បែប​នេះ»។

រូបថត​អនុស្សាវរីយ៍​របស់​បុគ្គល​ល្បីៗ ដែល​ធ្លាប់មកហាង​​ រ៉ុគុ​​។ហុង មិនា

អ្នកនាង បញ្ញា បាន​បញ្ជាក់​ផង​ដែរ​ថា ​​អាហារ​ជប៉ុន​នៅ​ទីនេះ សម្បូរ​បែប​ទាំង ម្ហូប​​ឆៅ​ ម្ហូប​ឆ្អិន ​និង​ស៊ុប​ផង​ដែរ។

សម្រាប់​ពេល​ថ្ងៃ​មាន​ដូច​ជា​ Kaisen-​Don (១២ ដុល្លារ) Nigiri Sush​i Set (១៤ ដុល្លារ) Salmon & Ikura-Don (៩,៨ ដុល្លារ) Tonpei Yaki (៦,៨ ដុល្លារ) Salmon Yaki, Saba Yaki (៧ ដុល្លារ) ព្រម​ទាំង​មាន​​មុខ​ម្ហូប​ជា​ច្រើន​ទៀត​សម្រាប់​​ជ្រើសរើស​។

ភោជនីយ​ដ្ឋាន​ជប៉ុន រ៉ុគុ ក៏​មាន​មុខ​ម្ហូប​​សម្រាប់​ពេល​ល្ងាច​ជាច្រើន​ និង​ជា​​មុខ​ម្ហូប​ពិសេស​ប្រចាំ​ហាង​​​ដូច​ជា​ Tori-Karaage (៦ ដុល្លារ) Sukiyak Niku Tofu, Carifornia Roll (៨ ដុល្លារ) Tomato Salad (៤,៥ ដុល្លារ) Sashimi Mori Matoso (៤៧ ដុល្លារ) Kaki Fried (អយស្ទ័រ​បំពង ៥ ដុល្លារ) និង Tako Yaki (នំ​គ្រក់​ជប៉ុន ៤,៥ ដុល្លារ)។

រ៉ុគុ ​មាន​អាហារ​ឆ្អិន ឆៅ និង​ស៊ុប ច្រើនជម្រើស​ដ៏​សម្បូរ​បែប​។ ហុង មិនា

ទោះបី​ជា​ចុង​ភៅ​នៃ​ភោជនីយដ្ឋាន​ជប៉ុន រ៉ុគុ ជា​ជនជាតិ​កម្ពុជា​ក៏​ពិត​មែន​ ប៉ុន្តែ​អ្នកនាង​ ម៉ិច បញ្ញា បញ្ជាក់​ពី​ការ​រក្សា​រសជាតិ​ដើម​​​​ថា​៖​ «​ហាង​យើង ​គឺ​មាន​ភាគហ៊ុន​រវាង​ខ្មែរ និង​ជប៉ុន​ អ៊ីចឹង​ហើយ​នៅ​ក្នុង ​១ ខែ​ យ៉ាង​ហោច​ណាស់​ក៏​មាន​មេ​ចុងភៅ​នៅ​ជប៉ុន​មក​បង្រៀន​ ២ ដង​ដែរ។ ចំណែក​ឯ​ដៃគូ​​ជំនួយ​ខ្ញុំ​ជា​ជនជាតិ​ជប៉ុន​ គាត់​មក​តេស្ត​រហូត​ ព្រោះ​ថា​យើង​ជា​ជនជាតិ​ខ្មែរ បើ​​សិន​ជា​ម្ហូប​​ហ្នឹង​ខុស​រសជាតិ​បន្តិច​ក៏​យើង​មិន​ដឹង​ដែរ ប៉ុន្តែ​បើ​សិន​ជា​ជនជាតិ​ម្ចាស់​ដើម​រសជាតិ​គេ​តែ​ម្តង​គេ​ប្រាកដ​ជា​ដឹង​»។

សហស្ថាបនិក​រូប​នេះ បាន​​ឲ្យ​ដឹង​ទៀត​​ថា ​គ្រឿង​ផ្សំ​មួយ​ភាគ​ធំ​ត្រូវ​បាន​នាំ​​យក​ពី​ជប៉ុន ខណៈ​សាច់​គោ​ សាច់​មាន់ សាច់​ជ្រូក ភាគ​ច្រើន​ជា​ផលិតផល​​អាមេរិក។

យ៉ាង​ណា​មិញ អ្នកនាង ម៉ិច​ បញ្ញា បញ្ជាក់​ថា៖ «​​ក្រៅ​ពី​នោះ​យើង​ព្យាយាម​​ប្រើ​របស់​នៅ​ក្នុង​ស្រុក​ ដោយ​មិន​ប្រើ​ពាក្យ​ថា​ របស់​ធម្មជាតិ​សុទ្ធ​នោះ​ទេ​ ដូច​​ដឹង​ស្រាប់​ហើយ​ថា​ នៅ​យើង​មិន​ទាន់​មាន​ការ​បញ្ជាក់​ថា​របស់​ណា​ធម្មជាតិ របស់​ណា​មិន​ធម្មជាតិ​នៅ​ឡើយ​ ដូច​ជា​​ស្ពៃ​ក្តោប​យើង​ព្យាយាម​ទិញ​ពី​កសិករ​ខ្មែរ​យើង​ ទោះបី​ជា​មាន​តម្លៃ​ថ្លៃ​​ជាង​របស់​នាំចូល​ពី​ប្រទេស​ជិត​ខាង​ក៏​ដោយ​​»។

បើក​ដំណើរការ​អស់​រយៈ​ពេល​ ៤ ឆ្នាំ ភោជនីយដ្ឋាន​ជប៉ុន រ៉ុគូ ទទួល​បាន​ភ្ញៀវ​គ្រប់​ជាតិ​សាសន៍ ​ជា​ពិសេស​ជនជាតិ​ខ្មែរ និង​ជប៉ុន។

ជាមួយ​កាត​សមាជិក​​​តម្លៃ​ ៦ ដុល្លារ ភ្ញៀវ​អាច​ទទួល​បាន​ការ​​​បញ្ចុះ​តម្លៃ​ ២០ ភាគរយ​ ពេញ​ ​១ ​ឆ្នាំ។ លើសពី​នេះ​ទៅ​ទៀត​ជា​រៀងរាល់​ខែ ក៏​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៥០ ភាគរយ ចំនួន​ ៦ ថ្ងៃ សម្រាប់​ភ្ញៀវ​ជា​សមាជិក​ដោយ​​សហស្ថាបនិក​រូប​នេះ​បញ្ជាក់​ថា កម្មវិធី​បញ្ចុះ​តម្លៃ​នេះ​ពាក់ព័ន្ធ​ជាមួយ​ឈ្មោះ​ហាង​ផង​ដែរ។

អ្នកនាង ម៉ិច បញ្ញា បាន​ឲ្យ​ដឹង​ថា៖ «ដោយ​ រ៉ុគុ ក្នុង​ភាសា​ជប៉ុន​ប្រែ​ថា​ សុភមង្គល​ ប៉ុន្តែ​លំនាំ​សូរ​សៀង​របស់​វា​ស្មើ​នឹង​លេខ​ ៦ និង​លេខ​ ៩​ ពេល​យើង​រាប់​កាត់​។ ក្នុង​ភាសា​ជប៉ុន​ រ៉ុ គឺ​លេខ​ ៦ ចំណែក គុ គឺ​លេខ​ ៩ អ៊ីចឹង​ហើយ​យើង​ក៏​ជ្រើស​ថ្ងៃ​ដែល​មាន​លេខ​ ៦ និង​លេខ​ ៩ ជា​ថ្ងៃ​ពិសេស​សម្រាប់​ហាង​យើង​ ដូច​ជា​ថ្ងៃ ៦, ៩, ១៦, ១៩, ២៦ និង​ ២៩ ដោយ​ហៅ​ថា​ Roku Day»។

ចាប់​បើក​ពី​ម៉ោង​ ១១:៣០ នាទី​ព្រឹក ដល់​ម៉ោង ១១ យប់ ភោជនីយដ្ឋាន ​ជប៉ុន​ រ៉ុគុ ស្ថិត​នៅ​ផ្ទះ​លេខ​ ៥៣​B​ ផ្លូវ​លេខ ៦៣ សង្កាត់​បឹង​រាំង ខណ្ឌ​ដូនពេញ។ ​​ទំនាក់ទំនង​ ​ទូរស័ព្ទ​លេខ​ ០៩៥ ៤៦០ ០៧៧ និង​ហ្វេសប៊ុក​ផេច Japanese Restaurant Roku៕

វីដេអូ៖