The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ភ្លក្ស​បុកល្ហុង​ក្ដាមសេះ​ល្បី​ពី​ហាង​សម្ផស្ស​នៅ​ម្ដុំ​ទួលស្វាយព្រៃ

ភ្លក្ស​បុកល្ហុង​ក្ដាមសេះ​ល្បី​ពី​ហាង​សម្ផស្ស​នៅ​ម្ដុំ​ទួលស្វាយព្រៃ

ភ្លក្ស​បុកល្ហុង​ក្ដាមសេះ​ល្បី​ពី​ហាង​សម្ផស្ស​នៅ​ម្ដុំ​ទួលស្វាយព្រៃ

130730_22c
បុកល្ហុងក្ដាមសេះដែលកំពុងល្បីនៅម្ដុំទួលស្វាយព្រៃ ហុង មិនា

ភ្នំពេញ : ទោះបី​រដូវកាល​នេះ​ជា​រដូវភ្លៀង​ក៏​ដោយ​តែ​សង្កេត​ឃើញ​ម៉ូតូ​ឡាន​តូច​ធំ​ចត​ត្រៀបត្រា​ពេញ​តែ​មុខ​ហាង​មួយ​ដែល​គេ​ល្បី​ត​ៗ​គ្នា​ថា​បុកល្ហុង​ក្តាមសេះ​ឆ្ងាញ់​។

នៅ​ទីនោះ​មិន​ថា​ចាស់​ក្មេង​ទេ​គឺ​មក​ញ៉ាំ​បុកល្ហុង​នៅ​ទី​នេះ​ឃើញ​មាន​អ្នក​ខ្លះ​មក​ជា​គ្រួសារ​ខ្លះ​ទៀត​មក​ជា​លក្ខណ​មិត្តភក្តិ​។​ហាង​បុកល្ហុង​យីហោ​«​សម្ផស្ស​»​នេះ​មាន​ឈ្មោះ​ល្បី​យូរ​ដែរ​មក​ហើយ​និង​នៅ​តែ​មាន​មនុស្ស​មក​ញ៉ាំ​ច្រើន​កុះករ​ដដែល​គឺ​ដោយសារ​តែ​រក្សា​បាន​នូវ​ផាសុកភាព​សេវាកម្ម​ឆាប់​រហ័ស​និង​រាក់ទាក់​។

ដោយសារ​តែ​សម្បូរ​ភ្ញៀវ​ច្រើន​ពេក​ទើប​យើង​សង្កេត​ថា​មាន​អ្នក​បុក​ដល់​ទៅ​៤​នាក់ ហើយ​ម្នាក់​ៗ​គឺ​បុក​យ៉ាង​ញាប់​ដៃ​តែ​ម្ដង​។​ហាង​សម្ផស្ស​ល្បីល្បាញ​បុកល្ហុង​ក្តាមសេះ​មួយ​នេះ​មិន​ត្រឹម​តែ​មាន​បុកល្ហុង​នោះ​ទេ​គឺ​មាន​បុក​មីសួ​បុក​នំបញ្ចុក​បុក​ផ្លែឈើ​ស្លាបមាន់អាំង​បាយដំណើប និង​ភ្លៅមាន់អាំង​ជាដើម​។

យើង​បាន​ទៅ​កុម្ម៉ង់​បុកល្ហុង​ក្តាមសេះ​បុក​មីសួ​បុក​ល្ហុង​ក្តាមប្រៃ​ធម្មតា​ដើម្បី​ទទួលទាន​ជាមួយ​ស្លាបមាន់អាំង និង​បាយដំណើប​ដាក់​ក្នុង​ស្មុគ​។

អង្គុយ​ចាំ​ប្រមាណ​ជា​១០​នាទី​អ្នក​បម្រើ​សេវា​នៅ​ទី​នោះ​បាន​លើក​បុកល្ហុក​ក្តាមសេះ​មក​មុន​គេ​គ្រាន់​តែ​ក្លិន​ឈ្ងុយ​កាពិ និង​ក្តាមសេះ​គឺ​ធ្វើ​ឲ្យ​យើង​ទាំងអស់​គ្នា​ទប់​ទឹកមាត់​ស្ទើរ​តែ​មិន​បាន​។

រសជាតិ​របស់​វា​ហឹរ​រីឯ​សាច់​ល្ហុង​វិញ​ទន់​ស្រួយ​បន្តិច​ជាមួយ​។​ក្តាម​សេះ​ឆៅ​រួម​ផ្សំ​គ្រឿង​កាពិ​ស្ករស​ទឹកត្រី​ខ្ទឹមស​និង​សណ្តែកដី​គឺ​ពិតជា​មាន​រសជាតិ​ឆ្ងាញ់​មែន​ទែន​នៅ​ពេល​ដែល​ញ៉ាំ​វា​ផ្ទាប់​ជាមួយ​សាច់មាន់ និង​បាយដំណើប​។

បុកល្ហុង​ក្តាមសេះ​មួយ​ចាន​មាន​តម្លៃ​២​ដុល្លារ រីឯ​ឈុត​ស្លាបមាន់​បាយដំណើប​និង​បុក​ក្តាមសេះ​គឺ​តម្លៃ​១២៥០០​រៀល​។ ចំណែកឯ​បុកល្ហុង​ធម្មតា​ក្តាមប្រៃ​វិញ​គឺ​ប្រមាណ​ជា​១​ដុល្លារ​។​ហាង​សម្ផស្ស​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​៣៣៨​នៅ​ក្បែរ​វិទ្យាល័យ​ទួលស្វាយព្រៃ​៕

អត្ថបទគួរចាប់អារម្មណ៍