ភ្នំពេញ: ជម្រាបសួរមិត្តអ្នកអានភ្នំពេញប៉ុស្តិ៍ ថ្ងៃនេះនាងខ្ញុំនឹងនាំលោកអ្នកទៅភ្លក្សស្នាដៃមេចុង អាតេមីអូ ណាវ៉ារ៉េត។ លោកនឹងបង្ហាញនូវម្ហូបអ៊ីតាលី មីប៉ាស្តាគ្រឿងសមុទ្រ ដែលមានគ្រឿងគ្រៅ និងវិធីចម្អិនដូចខាងក្រោមៈ
គ្រឿងផ្សំ : ប្រេងអូលីវ ៤ កូនស្លាបព្រា ខ្ទឹមសចិញ្ច្រាំ ៨ កំពឹស ខ្ទឹមក្រហមចិញ្ច្រាំ ២ កំពឹស ទឹកប៉េងប៉ោះស្រស់ ៣ កូនពែង ទឹកប៉េងប៉ោះខាប់ ១ កូនពែង សាច់ប៉េងប៉ោះ ១/២ កូនពែង ម្សៅម្ទេស ១ កូនស្លាបព្រា អំបិល ១/២ កូនស្លាបព្រា ស្រាក្រហម ១/២ កូនពែង លៀសសមុទ្រ ៣ ខាំ មឹកបំពង់ ២ ខាំ បង្គាស្រស់ ២ ខាំ ស្លឹកជីរ Parsley ១០ ស្លឹក ជីរ Basil ១០ ស្លឹក ស្ពៃក្ដោបស្វាយ ១ ស្រទាប់ ម្រេចម៉ដ្ឋ ១ កូនស្លាបព្រា ឈីស ១ កូនស្លាបព្រា
វិធីចម្អិន : ដំបូង ត្រូវប្រើខ្ទះមានដៃ ដាក់ប្រេងអូលីវចូលដើម្បីរំលីងខ្ទឹមស និងខ្ទឹមក្រហម។ នៅពេលដែលខ្ទឹមប្រែពណ៌បន្តិច ដាក់ទឹកប៉េងប៉ោះស្រស់ និងខាប់ចូល រួចកូរជាមួយនឹងម្សៅម្ទេសក្រហម។ ចាប់ផ្ដើមបន្ថយភ្លើង រួចចាក់ស្រាក្រហម និងសាច់ប៉េងប៉ោះចូល រួចកូរឲ្យរលាយសព្វចូលគ្នារយៈពេល៣០នាទី។
ដំណាក់កាលបន្ទាប់ត្រូវស្ងោរមីប៉ាស្តា ជាមួយនឹងទឹកអំបិលរយៈពេល១០នាទី សឹមចាក់ទឹកចោល។
ឥឡូវ ដល់ពេលប្រើប្រេងអូលីវឆាសាច់បង្គា មឹក និងលៀសឲ្យឆ្អិនល្មម សឹមចាក់លាយជាមួយទឹកជ្រលក់ដែលបានធ្វើពីខាងដើម ហើយបន្ថែមជីរ និងម្រេច រួចស្រូបពីលើមីប៉ាស្តានោះជាការស្រេច៕