
អាម៉ុក មកពីខេត្តបាត់ដំបង និងមីកូឡាមកពីខេត្តប៉ៃលិន គឺជាអាហារនឹងមានវត្តមានក្នុងពិធីបង្ហាញម្ហូបអាហារខ្មែរ។ រូបថត សហការី
ភ្នំពេញ : នំបញ្ចុកពិសេសមកពីខេត្តកំពត អាម៉ុក និងសង្វាក់មកពីខេត្តបាត់ដំបង មីកូឡាមកពីខេត្តប៉ៃលិន និង កង្កែបបោកមកពីខេត្តតាកែវ ជាដើម។ អាហារទាំងនេះ បូករួមទាំងមុខម្ហូបដ៏ច្រើនសន្ធឹកសន្ធាប់ទៀតនឹងត្រូវបានតាំងបង្ហាញនៅ «ពិធីបង្ហាញម្ហូបអាហារខ្មែរ» នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃសុក្រ និងសៅរ៍ចុងសប្ដាហ៍នេះ។
ពិធីនេះត្រូវបានសហការរៀបចំឡើងដោយអង្គការស្នាមញញឹមនៃកុមារ (PSE) និងក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចងក្រងឯកសារទុកជាមរតកវប្បធម៌ខ្មែរនាពេលអនាគត ក៏ដូចជាប្រមែប្រមូលថវិកាក្នុងគោលបំណងសប្បុរសធម៌ផងដែរ។
អង្គការដើម្បីភាពញញឹមនៃកុមារ ដែលជាអង្គការក្រៅរដ្ឋាភិបាលមិនរកប្រាក់ចំណេញមួយនិងបង្កើតឡើងនៅចុងឆ្នាំ១៩៩៥ បានផ្តល់នូវអាហារ ទីជម្រក ការថែទាំសុខភាព ការសិក្សាចំណេះដឹងទូទៅ និងផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទៅដល់អ្នកគ្មានផ្ទះសម្បែង អ្នកដែលត្រូវគេធ្វើបាប ឬរំលោភបំពាន និងក្មេងៗដែលគ្មានលទ្ធភាពចូលសាលារៀន។ បច្ចុប្បន្នអង្គការនេះបានផ្តល់នូវការឧបត្ថម្ភនិងថែទាំដល់កុមារជាង ៦៥០០នាក់ ក្នុងពេលដែលមានសិស្សប្រមាណ៣០០០នាក់បានបញ្ចប់ការសិក្សា ហើយទទួលបាននូវការងារមានចំណូលល្អគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ជីវភាពក្រុមគ្រួសាររបស់ពួកគេ។
ប្រធានផ្នែកទំនាក់ទំនងអង្គការស្នាមញញឹមនៃកុមារ លោក អាឡិចស៊ីស គូយ៉ត (Alexis Guyot) បានមានប្រសាសន៍ថា៖ «នេះជាលើកទី១ហើយដែល អង្គការយើងបានរៀបចំកម្មវិធីបង្ហាញម្ហូបអាហារខ្មែរនេះឡើងដើម្បីរៃអង្គាសប្រាក់ផង ក៏ដូចជាលើកកម្ពស់វិស័យទេសចរណ៍ និងវប្បធម៌ផងដែរ។ ជាពិសេសយើងចង់ឲ្យប្រជាជនខ្មែរដែលអត់មានឱកាសដើរលេងនៅក្នុងស្រុក ឲ្យបានយល់ដឹងពីវប្បធម៌ខ្មែរនិងបានភ្លក្សរសជាតិមុខម្ហូបដែរមកពីបណ្តាខេត្តនានានៅក្នុងប្រទេសកម្ពុជា»។
លោកបានបន្តទៀតថា៖ «កាលពីឆ្នាំមុនយើងរៃអង្គាសបានថវិកាប្រមាណជា៤ម៉ឺនដុល្លារដើម្បីផ្គត់ផ្គង់ដល់កម្មវិធីអប់រំ កម្មវិធីផ្តល់ទីជម្រកនិងការការពារ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការថែរក្សាផ្នែកសុខភាពរបស់កុមារនៅក្នុងអង្គការ»។
ក្នុងកម្មវិធីរៃអង្គាសប្រាក់សប្បុរសធម៌ ដែលរៀបចំដោយអង្គការនេះកាលពីឆ្នាំមុនៗមានមនុស្សចូលរួមប្រមាណជា៦ពាន់នាក់ហើយឆ្នាំនេះលោក អាឡិចស៊ីស គូយ៉ត បានសម្ដែងសុទិដ្ឋិនិយមថា៖ «ខ្ញុំសង្ឃឹមថាឆ្នាំនេះនឹងមានមនុស្សចូលរួមប្រមាណ៨ពាន់នាក់ ហើយយើងអាចនឹងរៃអង្គាសថវិកាបានច្រើនជាងឆ្នាំមុនៗទៅទៀត»។
មុននឹងរៀបចំពិធីបង្ហាញម្ហូបអាហារខ្មែរ អ្នករៀបចំកម្មវិធីបានធ្វើការសិក្សាស្រាវជ្រាវស្វែងរកម្ហូបប្រចាំតំបន់នីមួយៗ ដើម្បីឲ្យអ្នកចូលរួមទាំងឡាយបានស្វែងយល់។ ក្រៅពីការដើរទស្សនានិងភ្លក្សរសជាតិម្ហូបអាហារជាច្រើនមុខមកពីបណ្តាខេត្តក្រុងជាង២០នោះ លោកអ្នកក៏អាចចូលរួមសប្បាយរីករាយជាមួយនឹងកម្មវិធីកម្សាន្តនានាដែលបានរៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់កម្មវិធីទៅនឹងវប្បធម៌ប្រពៃណីដ៏ល្អរបស់កម្ពុជាដូចជា កម្មវិធីសិល្បៈប្រពៃណី ឆាកកំប្លែង និងការបង្ហាញពីក្បាច់គុណបុរាណខ្មែរ។ មិនតែប៉ុណ្ណោះ កម្មវិធីក៏បានរៀបចំជាកន្លែងលេងកម្សាន្តបែបអប់រំផ្នែកបញ្ញាស្មារតីសម្រាប់កុមារតូចៗផងដែរ។
ជាមួយនឹងតម្លៃសំបុត្រត្រឹមតែ ៣ដុល្លារ លោកអ្នកនឹងទទួលបានភេសជ្ជៈពិសា១កំប៉ុងដោយឥតគិតថ្លៃ នៅពេលដែលចូលរួមសប្បាយជាមួយក្រុមគ្រួសារមិត្តភក្តិចាប់ពីម៉ោង ៥ល្ងាចរហូតដល់យប់ជ្រៅដើម្បីអបអរស្វាគមន៍ពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំម្សាញ់ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។
ក្រៅពីការភ្លក្សម្ហូប លោកអ្នកក៏អាចនឹងចូលរួមការរាំកម្សាន្តចង្វាក់ប្រពៃណីខ្មែរជាមួយនឹងការចាក់ភ្លេងពីក្រុមឌីជេ។
សំបុត្រអាចរកទិញបាននៅបញ្ជរលក់ស្ថិតនៅទីតាំងសាខារបស់ហាង ភីហ្សា ខមភេនី ភោជនីយដ្ឋាន ផាក កាហ្វេ ភោជនីយដ្ឋាន លូទូសប្លង់ ភោជនីយដ្ឋាន The Shop និងមជ្ឈមណ្ឌលវប្បធម៌ភាសាបារាំង (CCF) ឬទំនាក់ទំនងមកកាន់លេខ ០៧០ ៩៩៩ ៧៧៩៕