ភ្នំពេញ : សហការរៀបចំឡើងដោយអង្គការស្នាមញញឹមនៃកុមារ និងក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ម្ហូបប្រចាំខេត្តនិងតំបន់នានាជាច្រើន ត្រូវបានលើកយកមកបង្ហាញនៅ «ពិធីបង្ហាញម្ហូបអាហារខ្មែរ» ឯពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃសុក្រ និងសៅរ៍ចុងសប្ដាហ៍មុនជាមួយនឹងវត្តមានអ្នកចូលរួមទស្សនា និងភ្លក្សម្ហូបអាហារយ៉ាងកកកុញ។
ក្នុងចំណោមមុខម្ហូបទាំងនោះ ភ្លាផ្លិតឃ្មុំ ដែលជាម្ហូបប្រចាំខេត្តកំពង់ស្ពឺ បានទាក់ទាញមនុស្សម្នាឲ្យចូលភ្លក្សនិងថតរូប ដោយសារតែឈ្មោះ និងរសជាតិអាហារគួរឲ្យចាប់អារម្មណ៍ជាងគេ។
គ្រឿងផ្សំរបស់ភ្លា ផ្លិតឃ្មុំរួមមាន : ផ្លិតឃ្មុំកូនខ្ចី ទឹកដូង ខ្ទិះដូង ក្រូចឆ្មារ ទឹកត្រី ម្ទេស ស្ករស ប៊ីចេង ខ្ទឹមស ស្លឹកគ្រៃ និងខ្ទឹមក្រហម។
ចំណែកឯបន្លែញ៉ាំផ្ទាប់ជាមួយភ្លាមានដូចជា : ការ៉ុត ត្រយូងចេក ស្ពៃក្ដោប និងជីរគ្រប់មុខ។
វិធីចម្អិន : ដំបូងត្រូវធ្វើទឹកត្រីកោះកុង ដោយបុកខ្ទឹមស និងម្ទេសចូលគ្នារួចទុកមួយអន្លើសិន។ ខ្ទិះដូងត្រូវយកទៅរម្ងាស់ រួចចាក់គ្រឿងខ្ទឹម និងម្ទេសដែលបុករួចចូលហើយសឹមបន្ថែមទឹកត្រី អំបិល ស្ករស និងប៊ីចេងចូល។
ចំណែកឯផ្លិតឃ្មុំត្រូវស្រុសក្នុងទឹកក្ដៅឧណ្ហៗមួយភ្លែត ហើយស្រង់វាទុកឲ្យត្រជាក់ មុននឹងយកទឹកត្រីកោះកុងដែលលាយរួចមកចាក់ស្រូបពីលើ ហើយបន្ថែមខ្ទឹមក្រហម និងស្លឹកគ្រៃផ្អាប់រយៈពេលប្រមាណ២ម៉ោងនោះជាការស្រេច។
ភ្លាផ្លិតឃ្មុំនេះ អាចទទួលទានដោយកាត់ជាដុំៗ ផ្ទាប់ជាមួយបន្លែខាងលើ។ លោកអ្នកក៏អាចស្រូបទឹកត្រីបន្ថែមពេលទទួលទានតាមចំណូលចិត្ត។
មុខម្ហូបភ្លាផ្លិតឃ្មុំនេះត្រូវបានចម្អិនដោយមេចុងភៅ សន ណៃ មកពីខេត្តកំពង់ស្ពឺ។
ទាក់ទងលេខទូរស័ព្ទ ០១២ ៤៥ ៧៣ ៧២ និង ០១៧ ៧៦ ៥៧ ៦២៕