ភ្នំពេញ៖ លម្អ​ដោយ​វល្លិ៍​រំយោល​តាម​ពិដាន​ រុក្ខជាតិ​បៃតង​ស្ទើរ​តែ​គ្រប់​ជ្រុង​​ និង​​កណ្ដឹង​ខ្យល់​បន្លឺ​​សំឡេង​​ស្រាល​​​ស្រទន់ ហាង​កាហ្វេ ភ្លេង​ច័ន្ទ ជាទី​ស្ងប់ស្ងាត់​សម្រាប់​អ្នក​ចូលចិត្ត​អាន​សៀវភៅ និង​​អ្នក​ស្នេហា​ធម្មជាតិ​ មក​អង្គុយ​ក្រេប​ភេសជ្ជៈ ភ្លក្ស​បង្អែម និង​អាហារ​ឆ្ងាញ់ៗ​ជា​ច្រើន​ជម្រើស។

ការ​រចនា​​ដើម​ឈើ​​ ភ្លេងច័ន្ទ ជា​ភាព​ទាក់ទាញ​​​មួយ​នៅ​​ក្រុង​ ដែល​ផ្ដល់​ភាព​ស្រស់ស្រាយ​ រំសាយ​ស្ត្រេស​​។

យ៉ាងណា​មិញ ដោយ​​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​ណែនាំ​ឲ្យ​​ធ្វើ​ការ​នៅ​ផ្ទះ និង​កាត់​បន្ថយ​ការ​ចេញ​ក្រៅ ​ទោះ​ជា​​អតិថិជន​ដែល​ជាប់​ចិត្ត​នឹង​រសជាតិ​អាហារ​ និង​ភេសជ្ជៈ​របស់ ភ្លេង​ច័ន្ទ នៅ​តែ​អាច​ធ្វើ​ការ​កុម្ម៉ង់​ញ៉ាំ​នៅ​ផ្ទះ។

អាហារ​ល្បី​ប្រចាំ​ហាង​ ​ដែល​អតិថិជន​និយមកុម្ម៉ង់​ច្រើន​ជាង​គេ​ មាន បាយ​​ស្រូប​សាច់​ជ្រូក​ពង​ទា​ខ និង​ពងទា​ចៀន​ (២,៨៥ និង​ ៣,២៥ ដុល្លារ) ខ​គោ​នំប៉័ង (៤,៤៥ ដុល្លារ) គុយទាវ​ភ្លេង​ច័ន្ទ (៣,៥៥) និង​មីឆា​សាច់គោ (៣,៨៥ ដុល្លារ)។

ភេសជ្ជៈ ​(Cookies and Cream Frappe តម្លៃ ៣,៥៥ និង ៣,៩៥ ដុល្លារ) ​និង​តែ​អ៊ូឡុង (៤,៥៥ ដុល្លារ) មាន​ប្រជាប្រិយភាព​​ខ្លាំង។

នៅ​មាន​ជម្រើស​អាហារ​សម្រន់ និង​បង្អែម​ ដូចជា នំ​ចាក់​ចុល ​កាហ្វេ​ទឹក​ដោះ​គោ (៣,២៥ ដុល្លារ) និង សង់ខ្យា​ល្ពៅ (២,៥ ដុល្លារ)។

ចំពោះ​អ្នក​ចង់​រក្សា​ទម្ងន់ ភ្លេងច័ន្ទ ក៏​មាន​​​សាលាដ​មាន់​ចៀន (៤,១៥ ដុល្លារ) គួង​ផ្លែ​ឈើ​ស្រស់ (៣,២៥ ដុល្លារ) និង​សាលាដ​បៃតង​ចម្រុះ (៣,៤៥ ដុល្លារ)។

អតិថិជន​​​អាច​សាកល្បង ក្លិប​​សេនវិច (៤,៤៥ ដុល្លារ) ពង​មាន់​បែននឹឌិក (១,២៥ ដុល្លារ) ហ្វ្រេនថូស (៤,៥ ដុល្លារ) ហេមឈីស​សេនវិក (៣,៩៥ ដុល្លារ) និង​ខ្ទះ​ឆា​គ្រប់​រដូវ​ (៥,១៥ ដុល្លារ)។

សម្រាប់​ភេសជ្ជៈ​ជា​ទូទៅ​មាន​តម្លៃ ១,៩៥ ដល់ ៣,១៥ ដុល្លារ រួមមាន កាហ្វេ​ខ្មៅ ខារ៉ាមែល​ឡាតេ តែ​បៃតង​ឡាតេ ម៉ូកា ភេសជ្ជៈ​ស្រអែម​ខៀវខ្ចី និង​វ៉ាន់នីឡា​ឡាតេ។

រចនាប័ទ្ម​ក្នុង​ភោជនីយដ្ឋាន ភ្លេង​ច័ន្ទ ផ្ដោត​លើ​បរិស្ថាន​ដែល​ស្រោប​ទៅដោយ​រុក្ខជាតិ​បៃតង​។ រូបថត រ៉ាស់ហ៊ីម

អ្នក​គ្រប់គ្រង​ហាង ភ្លេងច័ន្ទ លោក សោម សំណាង ​ឲ្យ​ដឹង​ថា ចំណូលចិត្ត​កុម្ម៉ង់​អាហារ​របស់​អតិថិជន​​អាស្រ័យ​ទៅ​តាម​ពេលវេលា។

លោក​​ថា៖ «ភ្ញៀវ​​​មាន​ចំណូល​ចិត្ត​ផ្សេងៗគ្នា និង​កុម្ម៉ង់​ប្លែកៗ​គ្នា ដោយ​ពេល​ព្រឹក​គាត់​ចូលចិត្ត​កាហ្វេ និង​ពេល​ថ្ងៃ​ភាគ​ច្រើន​ប្រភេទ​សូដា និង​ភេសជ្ជៈ​ក្រឡុក»។

ស្ថិត​នៅ​ក្នុង​ហាង​​ទូលាយ ៣០០ ម៉ែត្រការ៉េ​ ដែល​​មាន​គម្លាត​កន្លែង​អង្គុយ​មិន​សូវ​ជិត​គ្នា​ ដើម្បី​សម្រួល​ដល់​ការ​ផ្ចង់​អារម្មណ៍​អាន​តួ​អក្សរ​លើ​ទំព័រ​​សៀវភៅ​ លោក​​ថា៖ «ក្រៅ​ពី​អាហារ និង​ភេសជ្ជៈ អតិថិជន​ក៏​ចូលចិត្ត​​បរិយាកាស​ក្នុង​ហាង​ដែរ ដែល​វា​​ជួយ​​ជំរុញ​ពួក​គាត់​ឲ្យ​មាន​អារម្មណ៍​​ស្រស់​ថ្លា​សម្រាប់​ការ​ធ្វើ​ការងារ»។​

លោក សោម សំណាង ​ឲ្យ​ដឹង​​ថា ជា​​លទ្ធផល​នៃ​ការ​​ច្របាច់​បញ្ចូល​គ្នា​រវាង​វប្បធម៌​ខ្មែរ​បុរាណ និង​សហសម័យ ដើម្បី​បំផុស​ភាព​ច្នៃ​ប្រឌិត និង​អារម្មណ៍​ស្រស់ថ្លា​ដល់​ភ្ញៀវ​។

អ្នក​គ្រប់គ្រង​រូប​នេះ​​​និយាយ​ថា៖ «ជាមួយ​ការ​វិវឌ្ឍ​ ក៏​ដូចជា​ការ​ជឿនលឿន​​តាម​សម័យកាល និង​ពេលវេលា​​នាំ​ឲ្យ​មា​នការ​ផ្លាស់ប្ដូរ ក៏​ដូចជា​ការ​បង្កើត​ឡើង​នូវ​របស់​ថ្មីៗ និង​គំនិត​ថ្មីៗ​ជា​ច្រើន ជាមួយ​គ្នា​នេះ​ដែរ ទោះ​​ការ​ដុះដាល​ជឿនលឿន​នូវ​បរិបទ​ថ្មី​ ក៏​ដូចជា​ការ​កើន​ឡើង​​ទំនើបកម្ម​ផ្សេងៗ​ក៏​ដោយ​ ក៏​ការ​ថែរក្សា និង​អភិរក្ស​នូវ​អ្វី​ដែល​យើង​មាន​រួច​ស្រាប់ នៅ​តែ​ស្ថិត​នៅ​ក្នុង​គោល​គំនិត​របស់​ក្រុម​ការងារ​ទាំង​មូល​ផង​ដែរ»។

រចនាប័ទ្ម​បុរាណ​ត្រូវ​បាន​រំលេច​តាមរយៈ​បង្អួច​ឈើ​បែប​ផ្ទះ​ខ្មែរ។ រីឯ​ឈ្មោះ​ហាង ភ្លេងច័ន្ទ ​បាន​រំឭក​ពី​បទ​ចម្រៀង «លួច​ស្នេហ៍​ដួង​ច័ន្ទ» ដោយ​មិន​មែន​សំដៅ​លើ​អត្ថន័យ​ស្នេហា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប្រដូច​ ដួង​ច័ន្ទ​ទៅ​នឹង​ក្ដី​សុបិន​ដែល​មនុស្ស​គ្រប់​គ្នា​ប្រាថ្នា​​។

ព្យ៉ាណូ​តាំង​បង្ហាញ​នៅ​ភោជនីយដ្ឋាន ភ្លេងច័ន្ទ​​។ រូបថត យូរសុះ អាប់ឌុលរ៉ាស់ហ៊ីម

ក្រៅ​ពី​បរិយាកាស​បៃតង​ត្រជាក់​ចិត្ត ភ្លេងច័ន្ទ​ ក៏​មាន​ឧបករណ៍​តន្ត្រី និង​សៀវភៅ​​ ៣ ៥០០ ក្បាល ជា​ភាសាខ្មែរ បារាំង អង់គ្លេស និង​រុស្ស៊ី តម្រូវ​​ចិត្ត​អ្នក​និយម​ប្រលោម​​លោក ប្រវត្តិសាស្ត្រ និង​ប្រភេទ​អំណាន​លើក​ទឹក​ចិត្ត។

លោក ​សំណាង ​ថា៖ «ភ្លេងច័ន្ទ ​​រៀបចំ​​​សិក្ខាសាលា​ទាក់ទង​​ការ​អប់រំ ថែទាំ​សុខភាព ក៏​ដូច​ជា​ការ​ត្រៀម​ខ្លួន​ក្នុង​ឱកាស​ការងារ​ផ្សេងៗ​ទៀត​ផង ដោយ​បើក​ឲ្យ​អតិថិជន​ចូលរួម​ដោយ​សេរី មិន​គិត​ថ្លៃ​នោះ​ទេ»។

លោក​លើក​ឡើង​​​ថា៖ «ភ្លេងច័ន្ទ ក៏​មាន​​ការ​រៀបចំ​នូវ​ក្លិប​សិក្សា​មួយ​ចំនួន​ដូចជា ក្លិប​អាន ក្លិប​តន្ត្រី ក្លិប​គំនូរ និង​ក្លិប​ថតរូប»។

លោក​និយាយ​ថា៖ «ពេល​ខ្លះ​ក៏​មាន​អតិថិជន​ដែល​ជា​សិស្សានុសិស្ស​មក​លេង​ឧបករណ៍​តន្ត្រី​ដូចជា​ព្យ៉ាណូ​ជាដើម»។

ភ្លេងច័ន្ទ ស្ថិត​នៅ​ផ្ទះ​លេខ ២៣២ ផ្លូវ​លេខ ៦៣ សង្កាត់​បឹង​កេងកង ​១។ ទំនាក់​ទំនង​លេខ ០៩៣ ៧០២ ៥២៥ ឬ​ធ្វើការ​កុម្ម៉ង់​អាហារ​តាមរយៈ​កម្មវិធី​ទូរស័ព្ទ Nham24៕

វីដេអូ៖