ភ្នំពេញ: នឹកដល់ភោជនីយដ្ឋាន «កាហ្វេដី» ភ្ញៀវភាគច្រើនតែងតែដឹងថាទីនោះល្បីត្រីដុតបំពង់ឫស្សី និងមាន់ដុតក្នុងពាង។
ម្ហូបទាំងពីរនេះគឺមានការពេញនិយមខ្លាំងពីភ្ញៀវមែនទែន ដល់ថ្នាក់ភ្ញៀវភាគច្រើនគឺសុខចិត្តអង្គុយរង់ចាំយូរដើម្បីបានញ៉ាំ។
លោក អ៊ឹម វីរៈ អ្នកគ្រប់គ្រងភោជនីយដ្ឋានកាហ្វេដី ឲ្យដឹងថា៖ «ថ្ងៃនេះខាងភោជនីយដ្ឋាន «កាហ្វេដី» ចង់បង្ហាញពីមុខម្ហូបពិសេសប្រចាំហាងមួយមុខគឺមាន់ដុតក្នុងពាង ជា មុខម្ហូបដែលមានការកុម្ម៉ង់ច្រើនខ្លាំង ទោះបីជាភ្ញៀវគាត់រង់ចាំយូររហូតដល់ ២៥ នាទីក៏ដោយ តែដើម្បីបានញ៉ាំមាន់ដុតក្នុងពាងនេះ គឺភ្ញៀវឥឡូវនេះគាត់មានការយល់ច្រើនពីការចម្អិនមាន់ អ៊ីចឹងគាត់មិនសូវមានការរអ៊ូរទាំនោះទេ»។

លោកបន្តថា៖ «ចំពោះរសជាតិវិញទោះបីជាយើងលក់ដាច់យ៉ាងណាក៏ដោយគឺខាងចុងភៅនៅតែរក្សារសជាតិមាន់នៅដដែល ដោយសារតែចុងភៅរបស់ខ្ញុំគាត់មានជំនាញជាង ១០ ឆ្នាំមកហើយអ៊ីចឹងគឺខាងយើងមានគ្រឿងផ្សំផ្ទាល់ខ្លួន ដែលមិនធ្វើឲ្យរសជាតិប្រែប្រួល ឬថយគុណភាពនោះទេ ដោយក្នុងមួយថ្ងៃយើងកំណត់ការលក់មាន់គឺចន្លោះពី ៦០ ទៅ ៨០ ក្បាល ដើម្បីចង់ពង្រឹងរសជាតិ និងគុណភាពរបស់វាឲ្យបានល្អ»។
យោងតាមលោក វីរៈ មាន់ដុតក្នុងពាង ជាមួយប្រហុក និងអម្ពិលខ្ចី ក្នុងមួយឈុតមានតម្លៃគឺ ៦ ម៉ឺនរៀល អាចញ៉ាំបាន ៣ នាក់ (សម្រាប់អ្នកញ៉ាំតិច ខណៈជារៀងរាល់ខែកាហ្វេដី ក៏តែងតែច្នៃមុខម្ហូបថ្មីៗជាច្រើនដើម្បីតម្រូវចិត្តអតិថិជនផងដែរ។ បច្ចុប្បន្ននេះ វេលាអាហារពេលព្រឹក កាហ្វេដីបានលក់នូវគុយទាវដីពិសេសអាហារថ្មីដល់ភ្ញៀវបន្ថែមទៀត។
កាហ្វេដី ស្ថិតនៅផ្ទះលេខ ២០ ផ្លូវ៥៩០ ទូរស័ព្ទ លេខ ០៧៧ ៨៥ ៩៩ ៥៩ និង ០១៥ ៨៥ ៩៩ ៥៩៕