ក្រុង​ហាណូយ៖ ជាមួយ​ក្លិន​ឈ្ងុយ​ប្លែក ​មាន់​ដុត​ខ្ចប់​ដី​ឥដ្ឋ គឺ​ជា​ម្ហូប​ដ៏​ពិសេស​មួយ​ប្រចាំ​តំបន់​ភាគនិរតី ប្រទេស ​វៀតណាម​។ នេះ​បើ​យោង​តាម​អ្នក​ជំនាញ​ចម្អិន​ម្ហូប ​ឡឺ គីមជី។​

ជី បាន​តំណាល​ពី​រឿង អ្នក​សុំទាន​ម្នាក់​​បាន​លួច​មាន់​ពី​កសិដ្ឋាន​យក​ទៅ​​​បង្កាត់​ភ្លើង​ដុត​ឲ្យ​ឆ្អិន។ អ្នក​សុំទាន​នោះ​ស្រាប់​តែ​ប្រទះ​ឃើញ​ទាហាន​ដើរ​កាត់ ហើយ​ខ្លួន​ក៏​ព្យាយាម​យក​ដី​ឥដ្ឋ​ពូន​ស្រោប​មាន់​ដុត​នោះ ដើម្បី​បំបាត់​ភ័ស្ដុតាង។ ប៉ុន្តែ​ក្លិន​​មាន់​ដុត​​នៅ​តែ​ភាយ​ដល់​ស្ដេច​មួយ​អង្គ​ ដែល​យាង​​កាត់​ទីនោះ។

ដោយ​អត់​ទ្រាំ​ពុំ​បាន​ ស្ដេច​អង្គ​នោះ​ក៏​បញ្ជា​ទ័ព​ឲ្យ​ឈប់ រួច​យាង​ទៅ​សោយ​​សាច់​មាន់​ដ៏​ឈ្ងុយ​ឆ្ងាញ់​​ជា​ស្នាដៃ​បុរស​ស្មូម​ចម្អិន។ មាន់​ដុត​ខ្ចប់​ដី​ឥដ្ឋ​ក៏​បាន​ក្លាយ​ជា​ម្ហូប​រាជវាំង​ ក្នុង​រឿង​ព្រេង​និទាន​នោះ។

មេ​ចុងភៅ ជី ​បាន​រៀបរាប់​ពី​ប្រវត្តិ​​ម្ហូប​នេះ​ថា មាន់​ដុត​ខ្ចប់​ដី​ឥដ្ឋ​ ជា​ម្ហូប​ដ៏​ចំណាស់​មួយ​នៅ​វៀតណាម ហើយ​ពលរដ្ឋ​​នៅ​ភាគនិរតី​និយម​ប្រើ​ស្លឹក​ឈូក និង​ស្លឹកចេក ​ក្នុង​ការ​វេច​ខ្ចប់​សាច់​មាន់ ដើម្បី​បង្កើន​ក្លិន​ឈ្ងុយ និង​រសជាតិ​ឆ្ងាញ់​ប្លែក។

មាន់​ព្រៃ មាន់​ចិញ្ចឹម​នៅ​តំបន់​ភ្នំ ឬ​ក្នុង​ទីធ្លារ​ផ្ទះ ត្រូវ​បាន​ជ្រើសរើស​យក​ទំហំ​ប្រមាណ ១,៣ ទៅ ១,៤ គីឡូក្រាម សម្រាប់​ការ​​ចម្អិន។

មាន់​ដែល​បោច​រោម​សម្អាត​រួច ត្រូវ​បាន​យក​មក​ជ្រលក់​ទឹក​ម្រេច គ្រឿង​ប៉ូយ​កាក់ ស្លឹក​ក្រូច​សើច និង​ស្លឹក​គ្រៃ រួច​រុំ​ស្លឹក​ចេក ឬ​ស្លឹក​ឈូក មុន​នឹង​​ពាស​ដី​ឥដ្ឋ​ខ្ចប់​ឲ្យ​ជិត។ ដី​ឥដ្ឋ​ចាំបាច់​ត្រូវ​តែ​ទន់​ល្មម ហើយ​ភាគ​ច្រើន​គេ​​​ចូក​ពី​ទន្លេ ឬ​បឹងបួ យក​មក​​ដុត​មាន់​។

ដីឥដ្ឋ​ត្រូវ​មានសភាព​ទន់ល្មម ហើយ​បរិមាណ​រុំ​មាន់ មិនអាច​ក្រាស់ពេក ឬ​ស្ដើង​ពេកនោះទេ​​​។ រូបថត VNS

អ្នក​ជំនាញ​ម្ហូប​ ឡឺ គីមជី បាន​បញ្ជាក់​ថា៖ «ដំណាក់​កាល​យក​ដីឥដ្ឋ​ខ្ចប់​មាន់ ត្រូវ​ធ្វើ​ឡើង​ដោយ​​ប្រយ័ត្ន ដោយ​ស្រទាប់​ដី​ចាំបាច់​មិន​ស្ដើង​ពេក ឬ​ក្រាស់​ពេក។​ ការ​ចម្អិន​ជា​ទូទៅ​ត្រូវ​ប្រើ​ពេល ២ ម៉ោង»។

ក្រោយ​ពេល​សាច់​មាន់​ឆ្អិន​សព្វ ចុង​ភៅ​ត្រូវ​វាយ​បំបែក​ដីឥដ្ឋ​យក​មាន់​ចេញ ហើយ​ហែក​វា​ជាដុំៗ ដើម្បី​លាយ​ជាមួយ​អំបិល ម្រេច ទឹក​ក្រូច​ឆ្មារ និង​ជីរ​ពង​ទា​កូន។

ជី ​បាន​បន្ត​ថា៖ «គេ​និយម​ទទួល​ទាន​មាន់​ដុត​ដី​ឥដ្ឋ​​ជាមួយ​បាយ​ដំណើប ដែល​គេ​ដាំ​ដោយ​យក​ស្រា​​ស្រោច​លាង​អង្ករ»។

មេ​ផ្ទះ​ស្ទើរ​តែ​គ្រប់​គ្នា​សុទ្ធ​តែ​ចេះ​ចម្អិន​ម្ហូប​នេះ។

មាន់​ដុត​ដីឥដ្ឋ​ ត្រូវ​​បាន​អ្នក​ជំនាញ​ម្ហូប ក្វាន អានង៉ន ជ្រើសរើស​យក​​មក​ធ្វើ​ជា​ម្ហូប​ប្រចាំ ហាង Mon Ngon Sai Thanh នៅ​ទីក្រុង​ហាណូយ ដោយ​ពាំនាំ​​យក​រសជាតិ​ដើម​​ពី​ភាគនិរតី។ ​ម្ហូប​នេះ​ទទួល​បាន​ប្រជា​ប្រិយភាព​ពី​ភ្ញៀវ​វៀតណាម និង​ជនបរទេស ជាមួយ​វិធី​ចម្អិន និង​រឿង​តំណាល​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍។

គីម យ៉ុងស៊ុន ជា​មិត្តភក្ដិ​របស់​លោក​ ក្វាន មក​ពី​កូរ៉េ​ខាង​ត្បូង បាន​លាន់​មាត់​ថា៖ «ខ្ញុំ​ចូលចិត្ត​ម្ហូប​នេះ​ណាស់ ទោះបី​ជា​វា​ចម្អិន​ដោយ​ប្រើ​គ្រឿង​ទេស​វៀតណាម តែ​វា​ឆ្ងាញ់ និង​គួរ​ឲ្យ​ទាក់ទាញ។ ពេល​ខ្ញុំ​ត្រឡប់​ទៅ​កូរ៉េ​វិញ ខ្ញុំ​តែង​នឹក​ឃើញ​ចង់​​ញ៉ាំ​វា»។

បុរស​​កូរ៉េ​រូប​នេះ​​និយាយ​ថា៖ «​ឲ្យ​តែ​មក​លេង​វៀតណាម ខ្ញុំ​មិន​ដែល​រំលង​ មាន់​ដុត​ដី​ឥដ្ឋ​នេះ​ឡើយ»៕ Asian News Network/ VNS