The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មាន់​ដុត​ប្រហុក​អង្ក្រង​ បាយ​សំរូប​ ស្នាដៃ​កញ្ញា​ឧត្តម




មាន់​ដុត​ប្រហុក​អង្ក្រង​ បាយ​សំរូប​ ស្នាដៃ​កញ្ញា​ឧត្តម

Content image - Phnom Penh Post
មាន់​ដុត​ទឹកឃ្មុំ​ប្រហុកអង្រ្កង​ ជាមួយ​បាយ​អង្ករ​សំរូប។​​ ហុង មិនា

មាន់​ដុត​ប្រហុក​អង្ក្រង​ បាយ​សំរូប​ ស្នាដៃ​កញ្ញា​ឧត្តម

ភ្នំពេញ: ស្ថិត​នៅជិត​វត្ត​នាគវ័ន ភោជនីយដ្ឋាន​មួយ​កន្លែង​បាន​ក្លាយជា​ចំណាប់​អារម្មណ៍​របស់​អ្នក​និយម​មុខម្ហូប​ខ្មែរ​ប្លែកៗ ជាមួយ​ការ​រចនា​យ៉ាង​ត្រជាក់​ភ្នែក មាន​រុក្ខជាតិ​បៃតង​ដាក់​តាំង​គ្រប់​ជ្រុង​តែម្ដង។

ថ្ងៃនេះ ភ្នំពេញ ប៉ុស្ដិ៍ សូម​នាំយក​មកនូវ​រូបមន្ត​ចម្អិន «មាន់​ដុត​ទឹកឃ្មុំ​ប្រហុក​ពងអង្ក្រង» ពីហាង កញ្ញា​ឧត្តម អម​ជាមួយ​បាយ​អង្ករ​សំរូប​រឹតតែ​ឆ្ងាញ់។

គ្រឿង​ផ្សំ​មុខម្ហូប​នេះ​រួម​មាន : មាន់​ស្រែ ពងអង្ក្រង​ឆៅ ខ្ទឹមស ខ្ទឹមក្រហម ទឹកឃ្មុំ​ព្រៃ ប្រហុក គល់​ស្លឹកគ្រៃ ក្រូចឆ្មារ ម្ទេស ស្លឹក​ក្រូច​សើច ការ៉ុត ត្រយូងចេក ត្រសក់ ត្រប់ស្រួយ អំបិល ស្ករស ប្រេងឆា ម្រេច ប្រេងខ្យង ទឹក​ស៊ីអ៊ីវ និង​ម្សៅ​ស៊ុប។

វិធី​ចម្អិន : ដំបូង​ត្រូវ​យក​ខ្ទឹមស និង​ខ្ទឹម​ក្រហម​ទៅ​ចិញ្ច្រាំ រួច​សឹម​បំពង​ឲ្យ​ឈ្ងុយ។ ខ្ទឹម​ដែល​បំពង​រួចត្រូវ​យក​ទៅ​ប្រឡាក់​ជាមួយ​សាច់មាន់ ដោយ​បន្ថែម​គ្រឿង​ផ្សំ​រសជាតិ​មាន​អំបិល ស្ករស ម្សៅ​ស៊ុប ម្រេច ទឹក​ស៊ីអ៊ីវ ប្រេងខ្យង និង​ទឹកឃ្មុំ ហើយ​ផ្អាប់​ទុក​មួយ​សន្ទុះ។

បន្ទាប់​មក​ទៀត​ត្រូវ​ញាត់​គល់​ស្លឹកគ្រៃ​ក្នុង​មាន់ ហើយ​សឹមដុត​ប្រមាណ​ជា ២០ ទៅ ៣០ នាទី​អាស្រ័យ​ទៅតាម​ទំហំ​មាន់​តូច ឬធំ។ ចំពោះ​វិធី​ធ្វើ​ប្រហុក​អង្ក្រង គឺ​ត្រូវយក​ប្រហុក​ចិញ្ច្រាំ​ជាមួយ​គល់​ស្លឹកគ្រៃ ដោយ​បន្ថែម​ម្ទេស​ហឹរ​បន្តិច។ នៅពេល​ដែល​ប្រហុក​ចិញ្ច្រាំ​ម៉ដ្ឋ ត្រូវ​លាយវា​ជាមួយ​ពងអង្ក្រង​ឆៅ ហើយ​ច្របាច់​ក្រូចឆ្មារ​ចូល​បន្តិច ដោយ​ច្របល់​ឲ្យ​ចូលជាតិ។

ចុងក្រោយ​រៀប​ស្លឹក​ចេក និង​បន្លែ​អន្លក់​ដាក់​កញ្ច្រែង ដួស​ប្រហុក​ពងអង្ក្រង​ដាក់​ចាន​យ៉ាង​រៀបរយ នោះ​ជាការ​ស្រេច។ មាន់ដុត​ទឹកឃ្មុំ​ប្រហុក​អង្ក្រង​នេះ ស័ក្ដិសម​ជាមួយ​បាយ​អង្ករ​សំរូប​ដែល​ល្អ​ចំពោះ​សុខភាព​ផងដែរ។

កញ្ញា​ឧត្តម ស្ថិត​នៅ​ផ្ទះ​លេខ ១៥ ផ្លូវ​លេខ ៦០៨ ផ្លូវ​ជួសជុល​ឡាន​ខាងកើត​រង្វង់​មូល​ទួលគោក ភ្នំពេញ៕

អត្ថបទគួរចាប់អារម្មណ៍