ភ្នំពេញ: សម្រាប់អ្នកដែលចូលចិត្តគុយទាវសាច់ជ្រូកចិញ្ច្រាំ ភាគច្រើនច្បាស់ជាជាប់ចិត្តនឹងរសជាតិរបស់វានៅភោជនីយដ្ឋានបាយ័នបឹងស្នោ ដែលស្ថិតនៅបណ្ដោយផ្លូវជាតិលេខ ១ ជាពុំខាន។
ក្រៅពីល្បីគុយទាវសាច់ជ្រូកចិញ្ច្រាំដ៏ឆ្ងាញ់ប្លែកពីគេអស់រយៈពេល ៨ ឆ្នាំមកហើយនោះ បាយ័នបឹងស្នោក៏មានបម្រើនូវម្ហូបខ្មែរជាច្រើនមុខជាមួយបន្លែធម្មជាតិដាំថែទាំដោយម្ចាស់ហាងផ្ទាល់តែម្ដង។
ក្នុងចំណោមនោះ ម្ហូបប្រចាំហាងដែលធ្វើឲ្យអតិថិជនបឹងស្នោដកចិត្តមិនបានគឺមានដុតសៀង ដែលល្បីចាប់តាំងពីហាងនេះកកើតដំបូងមកម្ល៉េះ។
ម្ចាស់ភោជនីយដ្ឋាន រូបស្រស់ និងរួសរាយរាក់ទាក់អ្នកនាង ថេ ដាឡែន បាននិយាយថា៖ «ខ្ញុំបើកហាងនេះអស់រយៈពេល ៨ ឆ្នាំមកហើយ គឺមានភ្ញៀវចូលមកគាំទ្រពេញៗហាង ទាំងអាហារពេលព្រឹកនិងអាហារពេលថ្ងៃត្រង់»។
អ្នកនាងជាម្ចាស់ហាងបានឲ្យដឹងទៀតថា៖ «ចំពោះអាហារពេលព្រឹកគឺភ្ញៀវភាគច្រើនគាត់ចូលចិត្តកុម្ម៉ង់គុយទាវសាច់ជ្រូកចិញ្ច្រាំពិសេស អ្នកខ្លះទៅគាត់ចូលចិត្តកុម្ម៉ង់ការីនំបញ្ចុកព្រោះថា ការីនំបញ្ចុកក៏ឆ្ងាញ់ប្រចាំហាងដែរ ហើយឥឡូវនេះយើងបានបន្ថែមបាយទាខ្វៃបន្ថែមទៀតដើម្បីតម្រូវការរបស់អតិថិជន ហើយចំពោះទាខ្វៃនេះគឺខ្ញុំបានទៅរៀនខ្វៃទាឲ្យចេះសិន តែនៅពេលដែលយើងទៅរៀនហ្នឹង រូបមន្តដែលខាងចុងភៅខ្វៃទាបង្រៀនមកខ្ញុំមានតែ ៣ មុទេ អ៊ីចឹងខ្ញុំត្រូវបន្ថែម ៥ មុខទៀតដើម្បីឲ្យរសជាតិកាន់តែឆ្ងាញ់»។
ចំពោះអាហារថ្ងៃត្រង់វិញ អ្នកនាង ថេ ដាឡែន ក៏បានរៀបរាប់ទៀតថា៖ «ពេលថ្ងៃវិញគឺភ្ញៀវច្រើនតែពេញនិយមមាន់ដុតសៀង ជាម្ហូបពិសេសសម្រាប់ញុំាបាយថ្ងៃត្រង់តែម្តង និងមានម្ហូបជាច្រើនទៀតដូចជា ផ្អកចៀន ត្រីកែប្រឡាក់គ្រឿង បុកកាពិ អាម៉ុកត្រី សម្លម្ជូរពងត្រី និងម្ហូបខ្មែរជាច្រើនមុខទៀត»។

រឹតតែពិសេសទៀតនោះ ដោយសារតែការគិតគូរដល់សុខភាពរបស់ភ្ញៀវ ម្ចាស់ហាងបានបង្កើតសួនបន្លែចំនួន ២ កន្លែង ដើម្បីផ្គត់ផ្គង់បន្ថែមក្នុងផ្ទះបាយផងដែរ។
ម្ចាស់ភោជនីយដ្ឋាន រូបស្រស់ និងរួសរាយរាក់ទាក់អ្នកនាង ថេ ដាឡែន បាននិយាយថា៖ «ខ្ញុំបើកភោជនីយដ្ឋាននេះឡើង គឺយើងគិតពីសុខភាពរបស់ភ្ញៀវជាចម្បង។ អ៊ីចឹងហើយ រាល់មុខម្ហូបទាំងអស់ដែលយើងធ្វើគឺគិតទៅលើគុណភាព និងរសជាតិ»។
ជាមួយនឹងការជឿជាក់ថា ប្រសិនបើភ្ញៀវទទួលទានអាហារបន្លែនាំមកនូវសុខភាពល្អ រស់នៅបានអាយុវែង នឹងត្រឡប់មកគាំទ្រហាងបាយ័នបឹងស្នោយូរអង្វែងនោះ អ្នកនាង ដាឡែន បានខិតខំដាំបន្លែធម្មជាតិជាច្រើន ដោយអ្នកនាងរៀបរាប់ថា៖ «បន្លែដែលយើងដាំដើម្បីផ្គត់ផ្គង់ក្នុងហាងមានដូចជាស្លឹកខ្ទឹម ជីរគ្រប់មុខ ល្ហុង គល់ស្លឹកគ្រៃ និងស្ពៃ ខាត់ណា ជាដើម ហើយនៅពេលខាងមុខយើង នឹងដាំបន្លែឲ្យបានច្រើនមុខទៀត»។
ភោជនីយដ្ឋានបាយ័នបឹងស្នោ មានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ ១ ចម្ងាយ ៥០ ម៉ែត្រពីបុរីប៉េងហួត។ ទំនាក់ទំនងទូរស័ព្ទលេខ ០១៧ ៩៧ ៩៧៦៧ និង ០៩៦ ៩៩ ៧៩ ៧៦៧៕
