
ភ្នំពេញ : ស្ថិតនៅបណ្ដោយវិថីលេខ១៧៨ ខាងជើងសាលាភូមិន្ទវិចិត្រសិល្បៈ ភោជនីយដ្ឋាន Odyssey មានការរចនាសមនឹងរដូវកាលបុណ្យគ្រិស្តស្មាស់ និងសម្បូរទៅដោយមុខម្ហូបប្លែកៗជាច្រើន។
ថ្ងៃនេះភ្នំពេញប៉ុស្ដិ៍ នឹងនាំលោកអ្នកទៅភ្លក្ស «មាន់បំពងស្ករត្នោត» ពីភោជនីយដ្ឋាន Odyssey ដែលមានរូបមន្តចម្អិនដូចខាងក្រោមនេះ។
គ្រឿងផ្សំ : ស្លាបមាន់ ស្ករត្នោត ទឹកខ្មេះ ទឹកត្រី ប្រេងឆា ល្ង ការ៉ុដ ម្រេច ខ្ទឹមស ខ្ទឹមក្រហម ទឹកម្ទេស និងម្សៅស៊ុប។ រីឯ ប៉េងប៉ោះ ស្លឹកខ្ទឹមត្រូវបានប្រើជាបន្លែលម្អចានអាហារ។
វិធីចម្អិន : ដំបូងត្រូវយកស្លាបមាន់ទៅលាងឲ្យស្អាត រួចកាត់ជាពីរកំណាត់ដោយទុកគល់ស្លាប និងចុងស្លាបដោយឡែក។ ក្រោយមកយកសាច់មាន់ទៅប្រលាក់ម្សៅស៊ុប រួចយកទៅបំពងជាមួយប្រេងឆាប្រមាណជា៧នាទី។ នៅពេលដែលឆ្អិន ស្លាបមាន់ត្រូវទុកមួយអន្លើសិន។ បន្ទាប់មកយកទឹកខ្មេះលាយជាមួយស្ករត្នោត រួចរម្ងាស់ឲ្យឡើងពងអង្ក្រង មុននឹងដាក់ស្លាបមាន់បំពងចូល ហើយដួសដាក់ចាន និងរោយល្ងពីលើ។ ដំណាក់កាលចុងក្រោយត្រូវធ្វើទឹកជ្រលក់ ដោយកិនទឹកម្ទេស ម្រេច ខ្ទឹមស និងខ្ទឹមក្រហមចូលគ្នាឲ្យសព្វសាច់ រួចយកល្បាយនេះទៅឆាមួយសន្ទុះរួចដួសដាក់ចាន។
នៅពេលទទួលទាន លោកអ្នកអាចជ្រលក់សាច់មាន់ និងចំណិតការ៉ុដស្រុះ ជាមួយទឹកជ្រលក់យ៉ាងឆ្ងាញ់ពិសា។
មាន់បំពង ស្ករត្នោតនេះមួយចានមានតម្លៃ២,៩៥ដុល្លារ។ ប្រសិនបើលោកអ្នកចាប់អារម្មណ៍ចង់ភ្លក្សរសជាតិដើមរបស់អាហារនេះ សូមអញ្ជើញទៅភោជនីយដ្ឋានOdyssey ដែលស្ថិតនៅផ្ទះលេខ ៦៧ប៊េ ផ្លូវលេខ១៧៨ (ខាងជើងសារមន្ទីរជាតិ) សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទំនាក់ទំនងលេខទូរស័ព្ទ ០១៥៧៧៦៥៥៧។ សម្រាប់ឱកាសបុណ្យគ្រិស្តស្មាស់ខាងមុខនេះ ភោជនីយដ្ឋាន Odyssey ក៏មានកម្មវិធីបញ្ចុះតម្លៃពិសេស២៥ភាគរយទៅ៥០ភាគរយសម្រាប់ភេសជ្ជៈ និងម្ហូបអាហារផងដែរចាប់ពីថ្ងៃ២៤ ដល់៣១ ខែធ្នូ៕