សៀមរាប: ស្ថិតក្នុង​បរិយាកាស​ដ៏​ផាសុកភាព​នៃ​បន្ទប់​ភោជនីយដ្ឋាន​រចនា​ប័ទ្ម​បែប​ទំនើប​ពេញ​ចិត្ដ​ទាំង​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​នៅ​កណ្ដាល​ក្រុង​នៃ​អតីត​រាជ​ធានី​អង្គរ ខ្មែរ​ថាច់ (Khmer Touch) មាន​ឈ្មោះ​ល្បី​ល្បាញ​ជា​ភោជនីយ​ដ្ឋាន​បម្រើ​មុខ​ម្ហូប​ខ្មែរ ទាំង​ឆ្ងាញ់ និង​ពោរ​ពេញ​ដោយ​សោភណ​ភាព​ច្នៃ​ប្រឌិត។

ជា​ឈ្មោះ​មុខម្ហូប​ដ៏​សាមញ្ញ ងាយស្រួល​ចាំ មាន់​អាំង​ទឹកឃ្មុំ ផ្សំ​ឡើង​ពី​រូបមន្ដ​ពិសេស​របស់​មេ​ចុងភៅ​មាន​បទ​ពិសោធ​ផ្ទះបាយ​ជាង ២០ ឆ្នាំ ជាមួយ​នឹង​ការ​តុប​តែង​ក្នុង​ចាន​យ៉ាង​ស្អាត​បែប​ម្ហូប​បស្ចិម​ប្រទេស​ពី​សណ្ឋាគារ​លំដាប់​ផ្កាយ។

លោក កែវ វុទ្ធី មេ​ចុងភៅ​ប្រចាំ​ភោជនីយដ្ឋាន ខ្មែរ​ថាច់ បាន​ប្រាប់​ពី​គ្រឿងផ្សំ​ថា មាន់​អាំង​ទឹក ឃ្មុំ មាន​ភ្លៅ​មាន់ ទឹក​ឃ្មុំ ម្រេច អំបិល ទឹកត្រី ទឹក​អយស្ទ័រ ស្លឹក​ក្រូច​សើច ខ្ទឹមស ខ្ទឹម​ក្រហម រំដេង ទឹក​ស៊ីអ៊ីវ ស្ករត្នោត និង​ម្ទេស​ដៃ​នាង។

លោក​បាន​រៀបរាប់​ពី​វិធី​ធ្វើ​ដែល​ត្រូវបាន​បែងចែកជា ២ ប្រភេទ គឺ​ប្រឡាក់​មាន់​អាំង និង​ទឹក​ជ្រលក់​សម្រាប់​ស្រោច​លើ​សាច់​ភ្លៅ​មាន់។

លោក វុទ្ធី បាន​និយាយថា៖ «ដំបូង យើង​ប្រឡាក់​ភ្លៅ​មាន់​ជាមួយ​គ្រឿងផ្សំ​ទឹកឃ្មុំ​ម្រេច អំបិល​ទឹកត្រី និង​ទឹក​អយ​ស្ទើរ​រួច​ទុក​រយៈពេល ១៥ នាទី​ទើប​យក​ទៅ​អាំង»។

មេ​ចុងភៅ​ដែល​បង្កើត​សោភណភាព​ម្ហូប​បែប​ប្រណីត​រូបនេះ​បន្ដថា៖ «យើង​ត្រូវធ្វើ​ទឹក​ជ្រលក់​មួយ​ទៀត​មាន​គ្រឿង​ផ្សំ អំបិល​ទឹក​ស៊ីអ៊ីវ​ទឹកឃ្មុំ​ទឹកត្រី និង​ស្ករ​ត្នោត​ជាមួយ​ខ្ទឹម​ស ខ្ទឹម​ក្រហម រំដេង​ស្លឹក​ក្រូច​សើច​និង​ម្ទេស​ដៃ​នាង»។

លោក​បន្ដថា៖ «ពេល​ភ្លៅ​មាន់​អាំង​ជិត​ឆ្អិន​សព្វ​ល្អ យើង​យក​វា​មក​ជ្រលក់​ទឹក​ប្រឡាក់​រួច​អាំង​ម្ដង​ទៀត ដើម្បី​ឲ្យ​ចូល​ជាតិ​កាន់​តែ​ឈ្ងុយ​ឆ្ងាញ់»។

ជាមួយ​ការ​រចនា​ចាន​ម្ហូប​ស្រស់បំព្រង​គួរ​ឲ្យ​ទាក់ទាញ ពេល​លើក​ជូន​បម្រើភ្ញៀវ លោក កែវ វុទ្ធី បាន​ប្រើ​ប្រាស់​បន្លែ​ផ្ទាប់​ជាមួយ​ដើម​ខាត់ណា និង​ការ៉ុត រំលេច​ជា​ពណ៌​ដ៏​ស្រស់​ស្អាត​ផង​ដែរ។

មាន់​អាំង​ទឹកឃ្មុំ​បែប​សាមញ្ញ តែ​ការ​រចនា​បែប​មុខម្ហូប​បស្ចិមប្រទេស​ដ៏​ល្អ​ប្រណីត​នេះ មាន​តម្លៃ ៤៨ ០០០ រៀល ក្នុង ១ ចាន។

ខ្មែរ​ថាច់ ស្ថិតនៅលើ​វិថី​ស៊ី​វុត្ថា ម្ដុំ​ផ្សារ​ចាស់ ទាក់ទង​តាម​ទូរស័ព្ទ ០៦៣ ៧៦ ៥៦ ៨៩៕