ភ្នំពេញ: ចង់ញ៉ាំមាន់អាំងស្រុកពួក (មាន់ពួក) ដែលល្បីនៅទឹកដីខេត្តសៀមរាប មិនចាំបាច់ធ្វើដំណើរឆ្ងាយទេ។
ឥឡូវនេះ អ្នកដែលនឹកនារសជាតិមាន់ពួក អាចមកកាន់ភោជនីយដ្ឋាន Best Food ទាំងពីរសាខា នៅរាជធានីភ្នំពេញ។
អ្នកលក់វ័យក្មេង សុទ្ធ វិបុត្រ ដែលកំពុងឈរគិតលុយភ្ញៀវបណ្តើរ លើកម្ហូបឲ្យភ្ញៀវបណ្តើរយ៉ាងញាប់ដៃជើង បាននិយាយទាំងទឹកមុខអឹមអៀនថា៖ «មុនដំបូងឡើយគឺខ្ញុំគ្រាន់តែបើកហាងលក់ស៊ុបក្អមធម្មតានៅសន្ធរម៉ុកតែប៉ុណ្ណោះ បន្ទាប់មកមិត្តភក្តិចេះតែផ្តល់យោបល់ឲ្យបន្ថែមនូវមុខម្ហូបប្លែក។ ខ្ញុំក៏សម្រេចចិត្តទៅរៀនធ្វើមុខម្ហូបថ្មីបន្ថែមគឺរបៀបធ្វើមាន់ពួក ដែលជាមុខម្ហូបពិសេសនិងល្បីនៅខេត្តសៀមរាបតែម្តង។ ខ្ញុំរៀនតាំងពីរបៀបធ្វើគ្រឿងផ្សំ របៀបអាំងយ៉ាងម៉េចដើម្បីឲ្យមានរសជាតិឆ្ងាញ់ដូចរសជាតិម្ចាស់ដើមអ៊ីចឹង»។
លោក វិបុត្រ បានបើកហាង Best Food នេះអស់រយៈពេលជិត ១ ឆ្នាំមកហើយ ដោយដំបូងឡើយហាងនេះមានឈ្មោះល្បីខ្លាំងហាងស៊ុបក្អម បន្ទាប់មកគឺមាន់ពួកនេះតែម្តង។ ក្នុងមួយថ្ងៃលោក វិបុត្រ អាចលក់បាន ៣០ ទៅ ៤០ ក្បាល។ ដោយសារតែមានការកុម្ម៉ង់ច្រើន អ៊ីចឹងភ្ញៀវខ្លះគាត់អាចរង់ចាំបន្តិច ឬត្រូវកុម្ម៉ង់អាហារផ្សេងមកញ៉ាំដូចជា មីតុមយ៉ាំដាក់ក្នុងឆ្នាំងដី មកទទួលទានកំដរចាំមាន់ឆ្អិន។
លោក វិបុត្រ បានបន្តថា៖ «សម្រាប់មាន់ពួកដែលដាក់ក្នុងចង្អេរទ្រាប់ស្លឹកឈូកអមដោយទឹកជ្រលក់ ៤ ប្រភេទគឺជ្រក់ស្វាយ អំពិលខ្ចីបុក ទឹកម្ទេសខៀវ និងទឹកក្រសាំង។ មាន់ពួកមួយតម្លៃ ៤៥០០០ រៀលនេះភ្ញៀវអាចញ៉ាំបានគ្នា ៤ ទៅ ៥ នាក់។
ហាង Best Food មានពីរសាខាទី ១ នៅផ្លូវលេខ ១២២ សន្ធរម៉ុក ខាងក្រោយ Tous Les Jours កម្ពុជាក្រោម និងសាខាទី ២ នៅផ្សារទំនើបអ៊ីអន ក្បែរការ៉េមតូតូ ទូរស័ព្ទលេខ ០៩៨ ៨០៩ ៧៨៩៕