ភ្នំពេញ : គ្រាន់តែឈានជើងចូលភោជនីយដ្ឋាននេះភ្លាម ខ្ញុំមានអារម្មណ៍ស្រស់ស្រាយមែនទែន ដោយវត្តមាននារីពីរនាក់ស្លៀកពាក់រ៉ូបក្រហមបែបចិនលើកដៃ សំពះដោយក្ដីរួសរាយរាក់ទាក់។ នៅខាងក្នុងហាង ផ្ទាំងគំនូរចិនធំៗត្រូវបានដាក់តាំងតាមជញ្ជាំងជិតតុមូល ដែលអាចអង្គុយបានគ្នាប្រមាណជា១០នាក់ រីឯនៅជ្រុងម្ខាងទៀតពន្លឺភ្លើងបានជះចំទូស្រាដែលមានដបយីហោជាច្រើនប្រភេទ។
តាមការលេចឮតៗគ្នាមក យ៉ីសាង គឺជាភោជនីយដ្ឋានបម្រើអាហារចិន ដែលចម្អិនដោយចុងភៅចំណាន និងមានបទពិសោធជាយូរឆ្នាំ។ ដោយមិនបង្អង់យូរ ខ្ញុំក៏បានកុម្ម៉ង់មុខម្ហូបមួយហៅថា មាន់ចំហុយទឹកខ្ញី ដែលមានតម្លៃ៨ដុល្លារ ក្នុងមួយចាន។ បុគ្គលិកមិនទាន់ទាំងលើកមាន់មកផង គឺខ្ញុំបានស្រង់ក្លិនដ៏ឈ្ងុយឆ្ងាញ់របស់វាពីចម្ងាយរួចទៅហើយ។
ផ្សែងហុយៗចេញពីមាន់ដែលមានស្បែកពណ៌លឿងដ៏រលើបរលោងនោះ ពិតជាធ្វើឲ្យក្រពះរបស់ខ្ញុំកូរ និងទឹកមាត់សឹងតែហូរចេញពីមាត់ ដោយចំណង់ស្រេកឃ្លាន។ ខ្ញុំក៏បានប្រញាប់ប្រញាល់កាច់សាច់មាន់យកមកញ៉ាំ។
គ្រាន់តែទំពាភ្លាម ក្លិនឈ្ងុយហឹរប្រហើរនៃខ្ញីបានជ្រាបចេញពីសាច់មាន់ដែលផុយ ទន់ ងាយស្រួលក្នុងការទទួលទាន។ ដើម្បីឲ្យរសជាតិកាន់តែមុត ខ្ញុំក៏បានយកសាច់ដុំទីពីរនោះទៅជ្រលក់ជាមួយទឹកខ្ញី ដែលរឹតតែផ្ដល់នូវរសជាតិហឹរប្រហើរ និងកាន់តែជាប់ចិត្តជាងមុនទៅទៀត។
ក្រៅពីមុខម្ហូបនេះ ភោជនីយដ្ឋានយ៉ីសាងក៏មានបម្រើមុខម្ហូបចិនជាច្រើនទៀតផង ជាពិសេសគឺអាហារសម្រន់ពពួកឌីមសាំ ដូចជា គាវបង្គា គាវបន្លែសុទ្ធ និងគាវសាច់ផ្សេងៗដែលមានតម្លៃសមរម្យចាប់ពី២ដុល្លារឡើងទៅ។ យ៉ីសាងស្ថិតនៅតាមបណ្តោយផ្លូវសុធារស កាច់ជ្រុងស្ថានទូតរុស្ស៊ី ទំនាក់ទំនងទូរស័ព្ទលេខ០១២៨១៤៤៨៨៕