សៀមរាប: ដំណើរ​កម្សាន្ត​ទៅកាន់​ទឹកដី​សៀមរាប​អង្គរ ក្រៅពី​ការ​ទស្សនា​ស្វែងយល់​ពី​ប្រាង្គ​ប្រាសាទ​ដ៏​អច្ឆរិយ ភ្ញៀវទេសចរ​ទាំង​ឡាយ ក៏​មិន​ភ្លេច​ការ​លម្ហែកាយ​ជាមួយ​នឹង​អាហារ​បែប​ខ្មែរ​ក្នុង​បរិយាកាស​ស្រុក​ស្រែ​ចម្ការ​ផង​ដែរ។

ដោយ​ចំណាយ​ពេលធ្វើ​ដំណើ​រ​ពី​ក្រុង​សៀមរាប​តែ​ប្រមាណ ១៥ នាទី ទេសចរ​អាច​ទៅដល់ «ផ្ទះ​ម៉ែ​ឡ​ន» ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ៦ ឆ្ពោះ​ទៅ​ប៉ោយប៉ែត ភូមិ​ជ័យ ឃុំ​ទឹកវិល។

កន្លែង​ទទួលទាន​អាហារ «ផ្ទះ​ម៉ែ​ឡ​ន» មាន​ក្យូ​ស​ព័ទ្ធ​ដោយ​សំណាប​ខៀវខ្ចី ឬក៏​ស្រូវ ទៅតាម​រដូវ​កាល អម​ដោយ ស្រះ​ទឹក និង​ខ្យល់​អាកាស​ក៏​ត្រជាក់​បរិសុទ្ធ។

ម៉ែ​ឡ​ន គឺជា​ម្ចាស់​កន្លែង​បាន​និយាយ​ទាំង​ដៃ​កំពុងតែ​ឆា​ខ្យង​ថា៖ «នៅ​កន្លែង​នេះ រាល់​មុខម្ហូប​ដែល​ខ្ញុំ​ធ្វើ​គឺ​ទៅ​តាម​រដូវកាល​ដូចជា​ត្រី​អាំង ឬ​មួយ​ក៏​កង្កែប​អាំង​សម្រាប់​ខែ​នេះ​គឺ​វា​សម្បូរ​ត្រី​ស្រែ​ស្រស់ៗ និង​កង្កែប​ច្រើន​គ្រាន់​បើ​គឺ​ខ្ញុំ​ប្រមូល​ទិញ​ពី​អ្នក​ស្រុក​គាត់​ដើរ​រក តាម​វាល​ស្រែ​ក្បែរៗ​ហ្នឹង»។

ម៉ែ​ឡ​ន បាន​បន្តទៀតថា៖ «ចំពោះ​បន្លែ​វិញ​គឺ​យើង​ដាំខ្លះៗនៅក្នុង​ផ្ទះ​ដូចជា ក្រូចឆ្មារ ស្លឹកគ្រៃ ត្រួយ​ល្ពៅ និង​បន្លែ​ខៀវ​ផ្សេងៗ ក្រៅ​ពី​នេះ​ក៏មាន​ចិញ្ចឹម​មាន់ ទា​ជា​លក្ខណៈ​គ្រួសារ​ផង​ដែរ»។

​ម្ជូរ​ព្រលឹត​ត្រីស្រែ តម្លៃ ២៥០០០ ទៅ ៣ ម៉ឺន​រៀល​។ ហុង មិនា

ម្ហូបល្បីៗនៅផ្ទះ​ម៉ែ​ឡ​ន​មានដូចជា មាន់​អាំង​ទឹកឃ្មុំ ជ្រលក់​បុក​ក្រសាំង តម្លៃ ៥២ ០០០ រៀល ទឹកគ្រឿង​ខ្យង ចាន​តូច ៣ ម៉ឺន​រៀល ចាន​ធំ ៤៥ ០០០ រៀល ឆា​គ្រឿង​ខ្យង ចាន​តូច ១៥ ០០០ រៀល ចាន​ធំ ២ ម៉ឺន​រៀល ម្ជូរ​ព្រលឹត​ត្រី​ស្រែ ឆ្នាំង​តូច ២៥ ០០០រៀល ឆ្នាំង​ធំ ៣ ម៉ឺន​រៀល ត្រី​ស្រែ​អាំង ចាន​តូច ១២ ០០០ រៀល និង​ចាន​ធំ ១៥ ០០០ រៀល។

លោក ចាន់ សុភា ជា​ម្ចាស់ក្យូ​ស និង​ជា​កូន​របស់​ម៉ែ​ឡ​ន បាន​ថ្លែង​ទាំង​ទឹកមុខ​រីករាយ​ថា៖ «ដោយសារ​បច្ចុប្បន្ន​នេះ​មាន​ភ្ញៀវ​ថ្មី​ចាស់​គាត់​មក​កន្លែង​ខ្ញុំ​ច្រើន ណាមួយ​នៅ​ម្តុំ​នេះ​មាន​គេ​បើក​មុខរបរ​ដូច​ខ្ញុំ​ច្រើន​ដែរ អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​ប្រឹង​ប្រែង​តុប​តែង​កន្លែង​របស់​ខ្ញុំ​ឲ្យ​មាន​ភាព​ស្អាត អនាម័យ​ខ្ពស់​ជាង​មុន ជាមួយ​ការ​ចម្អិន​ម្ហូប​ដោយ​យកចិត្ត​ទុក​ដាក់ និង​រក្សា​រស​ជាតិ​ឲ្យ​បាន​ស្មើ​គ្នា។ ជាពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ខ្ញុំ​បាន​បន្ថែម​ក្យូស​រហូត​ដល់​ទៅ ១៦ ក្យូស ដើម្បី​បំពេញ​តម្រូវការ​របស់​ភ្ញៀវ»។

លោក ចាន់ សុភា បាន​បន្តទៀតថា៖ «ខ្ញុំ​ព្យាយាម​ធ្វើ​ឲ្យ​ទី​សម្រាក​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​នេះ ទៅជា​កន្លែង​ដែល​ទាក់​ទាញ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​សម្រាក និង​អង្គុយ​ញ៉ាំ​ម្ហូប​ខ្មែរ​ពិតៗ មាន​អនាម័យ ក្រោយ​អស់​កម្លាំង​ពី​ការ​ដើរ​លេង​កម្សាន្ត​ប្រាសាទ​នានា គឺ​អាច​នឹក​ដល់ផ្ទះ​ម៉ែឡន ដើម្បី​សម្រាក​កាយ​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ»។

ផ្ទះ​ម៉ែ​ឡ​ន បើក​ពី​ម៉ោង ៩ ព្រឹក ដល់ ៩ យប់។ ទាក់ទង​តាម​លេខ ០១៧២៥៧ ៧៥៥៕