ភ្នំពេញ: ជាមួយ​ទីតាំង​ភូមិសាស្ត្រ​ចម្ងាយ​ជាង​ ១ ​ម៉ឺន​គីឡូម៉ែត្រ​ពី​គ្នា ឧបនិស្ស័យ​បាន​នាំ​ជនជាតិ​ក្រិក​លោក ភីតធើរ យ៉ាឡូរ៉ូស មក​ភព​ប្រសព្វ​សាង​សុភមង្គល​នឹង​នារី​ខ្មែរ​សាង​សុភមង្គល​បង្កើត​បាន​កូនស្រី​ដ៏គួរ​ឲ្យ​ស្រឡាញ់​ ២ ​នាក់ និង​ភោជនីយដ្ឋាន​ម្ហូប​ក្រិក​ដែល​មនុស្ស​ជាច្រើន​ល្បី​ថា​ល្អ​ចំពោះ​សុខភាព​។

បុរស​ពោះម៉ាយ​វ័យ ៦១ ឆ្នាំ​លោក ភីតធើរ យ៉ាឡូរ៉ូស បាន​រៀបរាប់​ថា​៖ «​ខ្ញុំ​ជា​កូនកាត់​ក្រិក-ស៊ីប ដែល​កើត​នៅ​ទីក្រុង​ឡុងដ៍​ហើយ​បាន​រៀបការ​ជាមួយ​ភរិយា​ជនជាតិ​ក្រិក​បាន ២៣ ឆ្នាំ​ដោយ​មាន​កូនប្រុស​ ២ ​នាក់​។ នៅ​វ័យ ៤០ ​ឆ្នាំ ខ្ញុំ​សឹង​តែ​បោះបង់​ចោល​អ្វីៗ​គ្រប់យ៉ាង ព្រោះ​តែ​ខ្ញុំ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង​»​។

ក្រោយពី​លោក​ឆ្អែតឆ្អន់​នឹង​ជីវិត​នៅ​បស្ចិមប្រទេស​លោក​ក៏​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​មក​កាន់​អាស៊ី​។ លោក​បាន​ទៅ​ដល់​ម៉ាឡេស៊ី និង​ថៃ​នឹង​គ្មាន​គម្រោង​មក​កម្ពុជា​ទេ តែ​នៅ​ឆ្នាំ​ ២០១០ ពេល​កំពុង​រង់ចាំ​រថយន្តក្រុង​លោក​ក៏​បាន​ជួប​អ្នកស្រី ហ៊ីម សុខរ៉ា ហៅ សារ៉ា ដែល​ជា​ភរិយា​សព្វ​ថ្ងៃនេះ​។

ក្រុមគ្រួសារ​ក្រិក-កម្ពុជា លោក ភីតធើរ យ៉ាឡូរ៉ូស និង​អ្នកស្រី សារ៉ា ព្រមទាំង​កូនស្រី​ទាំង​ ២​។ រូបថត ហ្វេសប៊ុក

បុរស​ជនជាតិ​ក្រិក​ដែល​កំពុង​សាង​គ្រួសារ​យ៉ាង​កក់ក្ដៅ​ជាមួយ​ស្ត្រី​ខ្មែរ​រូប​នេះ បាន​រៀបរាប់​ថា​៖ «​ខ្ញុំ​ចាប់ផ្ដើម​បង្រៀន​ភាសា​អង់គ្លេស ដើម្បី​ចិញ្ចឹម​គ្រួសារ​ខ្ញុំ រីឯ​ សារ៉ា ​បាន​ចូលរៀន​នៅ​សាលា​ ខេមអេត ​។ នៅ​ឆ្នាំ​ ២០១៥ ខ្ញុំ​ក៏​ចាប់ផ្ដើម​បើក​ហាង​កាហ្វេ​ដោយ​ដាក់​ឈ្មោះ​កូនស្រី​ខ្ញុំ​ទាំង​ ២ ​នាក់​»​។

ដោយ​ហាង​កាហ្វេ​មាន​ទីតាំង​មិន​សូវ​ចំ​កន្លែង​អ៊ូអរ ទើប​លោក​សម្រេចចិត្ត​ប្ដូរ​បើក​ជា​កន្លែង​បម្រើ​ម្ហូប​ក្រិក​ដោយ​ផ្តោត​លើ​រសជាតិ អនាម័យ សុខភាព និង​ការ​ចម្អិន​ជា​គ្រួសារ​។

លោក ភីតធើរ បាន​លើក​ឡើង​ថា​៖ «​យើង​ព្យាយាម​បម្រើ​ម្ហូប​ក្រិក​រសជាតិ​ដើម​ពិតៗ​ក្នុង​បរិយាកាស​ដូច​នៅ​ក្រិក​។ យើង​បាន​ស្គាល់ និង​រាប់អាន​ភ្ញៀវ​ជាច្រើន ដែល​មក​ញ៉ាំ​អាហារ​នៅ​ហាង​យើង​។ យើង​ចូលចិត្ត​ធ្វើ​ម្ហូប​បណ្ដើរ មើល​កូន​បណ្ដើរ​តាម​ប្រពៃណី​ក្រិក​។ គ្រួសារ​ពិត​ជា​សំខាន់​ណាស់ ហើយ​ពួកយើង​បាន​ចូលរួម​ដាក់ទុន​ទាំងអស់​គ្នា​ក្នុង​ការបើកហាង​នេះ​»​។

ភរិយា​របស់​លោក អ្នកស្រី សារ៉ា បាន​លើកឡើង​ថា​ខ្មែរ​យើង​ស្គាល់​តែ​ម្ហូប​អឺរ៉ុប​ទូទៅ តែ​មិន​សូវ​ដឹង​ពី​ម្ហូប​ក្រិក​ទេ ដូច្នេះ​អ្នកស្រី​សង្ឃឹម​ថា​ភ្ញៀវ ជាពិសេស​ក្មេងៗ​នឹង​ចាប់អារម្មណ៍​ភ្លក្ស​អាហារ​សុខភាព​ជាមួយ​រូបមន្ត​មកពី​ចម្ងាយ​រាប់ពាន់​គីឡូម៉ែត្រ​។

ជា​រៀងរាល់​ថ្ងៃ​ព្រហស្បតិ៍ Greek Souvlaki មាន​បម្រើ​ម្ហូប​ ១ ​ចាន​តម្លៃ​ត្រឹម​តែ ១ ​ដុល្លារ​ដូចជា moussaka (​សាច់​ចិញ្ច្រាំ​ជាមួយ​ត្រប់ ឬ​ដំឡូងបារាំង​) សាច់ និង​បន្លែ​អាំង​ដោត​ចង្កាក់ (souvlaki) gyros (​សាច់​ខ្ចប់​) hummus (​នំប៉័ង​ជ្រលក់​ទឹក​សណ្ដែក ប្រេង​អូលីវ ខ្ទឹម​) tzatziki (​នំប៉័ង​ជ្រលក់​ទឹកដោះគោ​ជូរ អូលីវ​) papoutsakia (​ត្រប់​ញាត់​សាច់ និង​ឈីស​) pastichio (​ប៉ាស្តា​សាច់​ចិញ្ច្រាំ​) និង​ស្រា​ដ៏ល្បី​នៅ​ក្រិក​ឈ្មោះថា Ouzo​។

ថៅកែ​ស្រី​អាយុ ៣០ ​ឆ្នាំ​បាន​និយាយ​ថា​៖ «​យើង​ធ្វើ​នំ dolmades (​នំអន្សម​ក្រិក មាន​បន្លែ​ខ្ចប់​អង្ករ និង​បន្លែ​) ដោយ​ផ្ទាល់​ដៃ​។ វា​ជា​ម្ហូប​ដ៏ពេញនិយម​ក្នុង​ប្រវត្តិសាស្ត្រ​ក្រិក​តាំងពី​អាណាចក្រ​អូតូម៉ង់​នៅ​អឺរ៉ុប​»​។

ក្រោយពី​ដំណើរការ​នៅ​ទីតាំង​ថ្មី​បាន​ប្រមាណ ៦ ខែ ប្ដី​ប្រពន្ធ​ខ្មែរ-ក្រិក រីករាយ​នឹង​ស្វាគមន៍​ភ្ញៀវ​ទាំង​ខ្មែរ និង​បរទេស​មក​ទទួល​យក​នូវ​បទពិសោធ​អាហារ​ឆ្ងាញ់​ក្នុង​បរិយាកាស​ស្រស់ស្រាយ​។

អ្នកស្រី សារ៉ា បាន​និយាយ​ថា​៖ «​យើង​ចម្អិន​ម្ហូប​ក្រិក​ពី​គ្រឿងផ្សំ​ល្អៗ ថ្មី ស្រស់ៗ ជា​រៀងរាល់​ថ្ងៃ​។ រូបភាព អាហារ​នៅ​ទី​នេះ​ជា​រូប​ម្ហូប​ពិតៗ​អត់​មាន​កែកុន​អី​ទេ​។ យើង​បម្រើ​ម្ហូបអាហារ​ជូន​ភ្ញៀវ ដូច​ទៅ​នឹង​អ្វី​ដែល​គ្រួសារ​យើង​ញ៉ាំ​នៅ​ផ្ទះ​អ៊ីចឹង​ដែរ​»​។

ជា​រៀងរាល់​ ១ ​ខែ​ម្ដង Greek Souvlaki ក៏​នាំ​មក​នូវ​ការសម្ដែង​របស់​អ្នកនាង លីនដា (Linda Asha Abdalla) ដែល​ជា​គ្រូរបាំ​គ្រវី​ចង្កេះ (belly dance) និង​ធ្លាប់​បាន​អង្រួន​វេទិកា Cambodia''s Got Talent រដូវកាល​ទី​ ២ ​។ រាត្រី​ទស្សនីយភាព​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ១៥ ខែ​មីនា​។

Greek Souvlaki ស្ថិត​នៅ​ផ្ទះ​លេខ​ ៩៦ ផ្លូវ​ ៤៥៤ ម៉ោង​បើក​ដំណើរការ ១១:៣០ ​ព្រឹក-៣:០០ ​រសៀល និង ៥:៣០ ល្ងាច ១០:០០ ​យប់​៕

វីដេអូ៖