ភ្នំពេញ: បាយឆាក្ដាមនៅ កំពត មិនត្រឹមតែទាក់ទាញ អ្នកខេត្តដាក់ម៉ូយប្រចាំនោះទេ សូម្បីតែភ្ញៀវទេសចរទៅលេងទីនោះ ក៏តែងតែស្កាត់ចូលញ៉ាំតាមការល្បីតៗគ្នា។ ជាមួយសាច់ក្ដាម និងពងក្ដាមស្រស់ៗ បាយឆាក្ដាមល្បីនៅកំពត អ៊ឹង គឹមសែ ស្ថិតនៅប្រមាណ ១០០ ម៉ែត្រ ពីស្ពានព្រែកកំពតថ្មី ទល់មុខឆ្វេងរង្វង់មូលបំបែកទៅទឹកឈូ និងភ្នំបូកគោ។
លោក ឡាក់ ស៊ីឆាយ បានបើកហាងបាយឆានៅកំពតកាលពីជាង ៧ ឆ្នាំមុន ដោយបច្ចុប្បន្នទទួលបានពេញនិយមចំណោមអតិថិជនពីភ្នំពេញ។
ប្រជាប្រិយភាពនោះបានជំរុញចិត្ដកញ្ញា គីម សុទ្ធារី បើកហាងបាយឆារទេះមួយកាលពីដើមឆ្នាំក្នុងទីក្រុងភ្នំពេញតែម្ដង។ ដូច្នេះ អតិថិជនអាចភ្លក្សរសជាតិបាយឆាកំពតនៅក្នុងក្រុងភ្នំពេញដោយមិនចាំបាច់ទៅដល់កំពតផ្ទាល់នោះទេ។
កញ្ញាវ័យ ២៣ ឆ្នាំ ដែលពូរបស់នាងបានបើកហាងដំបូងនៅខេត្ដកំពតក្នុងឆ្នាំ ២០១០ មានកម្មសិទ្ធិខុសគ្នា និងចុងភៅផ្សេងគ្នា តែរូបមន្ដប្រចាំត្រកូលពីតំបន់ឆ្នេរដដែល។
ទីនេះមានតែបាយឆាក្ដាមគ្រប់ពេល តែគ្រឿងសមុទ្រស្រស់ៗ និងទឹកត្រីកោះកុងធ្វើឲ្យខ្លួនឯងក៏ជាភាពទាក់ទាញរបស់ហាងផងដែរ។
បាយឆាក្ដាម លក់អមមកជាមួយចំណិតត្រសក់ ស៊ុបឆ្អឹងជ្រូកមួយចានចង្កឹះ រួមទាំង ការ៉ុត ឆៃថាវ ព្រមទាំងខ្ទឹមបំពង និងស្លឹកខ្ទឹម។ ប៉ុន្ដែទឹកត្រីកោះកុង ជាទឹកជ្រក់រសជាតិផ្អែម ជូរ និងហឹរ បន្ថែមសាច់ក្ដាមស្រស់ៗ ដែលជាគ្រឿងផ្សំសំខាន់បំផុត។
ម្ចាស់ហាងបាយឆាក្ដាម សុទ្ធារី បាននិយាយថា៖ «គន្លឹះចំពោះបាយឆារបស់យើងគឺសាមញ្ញបំផុត។ យើងផ្ដោតលើរសជាតិទឹកជ្រលក់ ដែលធ្វើឲ្យអតិថិជនជក់ចិត្ដ។ គ្រឿងផ្សំគ្មានអ្វីពិបាករកនោះទេ។ វាមានទឹកក្រូចឆ្មារ ស្ករ អំបិល ម្ទេស ខ្ទឹមស និងទឹកត្រី។ ប៉ុន្ដែអ្វីដែលយើងផ្សំគ្រឿងទាំងនេះខុសប្លែកពីគេដោយយោងតាមបរិមាណត្រឹមត្រូវ»។
បាយឆាក្ដាមក្នុងក្រុងភ្នំពេញមានតម្លៃ ១២ ០០០ រៀល ខ្ពស់ជាងនៅកំពតបន្ដិចដែលថ្លៃត្រឹមតែ ១ ម៉ឺនរៀលដោយសារការដឹកជញ្ជូន។
កញ្ញា សុទ្ធារី បានបញ្ជាក់ថា៖ «យើងមិនប្រើក្ដាមនៅភ្នំពេញទេ ពីព្រោះភាគច្រើនជាក្ដាមចិញ្ចឹម។ នៅកំពត យើងអាចរកពីសមុទ្រស្រស់»។
បាយឆាក្ដាមកំពត មានទីតាំងនៅក្រោយសាលា វ៉ាន់ដា ផ្លូវលេខ ១៨៧ ដែលមានលេខទំនាក់ទំនង ០១៥/០៩២ ២៦ ៨២ ៨២។ រីឯនៅកំពត មានលេខ ០៨៥ ៦៨ ៧៨ ៦៨/០៩៨ ៣៧ ២៦ ២៦៕
អត្ថបទដោយ៖ Suntharoth Ouk