ភ្នំពេញ: គ្រាន់តែឃើញឈ្មោះហាង អ្នកប្រាកដជាចង់ចូលជាមិនខាន! ស្ថិតនៅលើផ្លូវកម្ពុជាក្រោម ១២៨ ម្ដុំសាលាសន្ធរម៉ុក ហាងមីក្រហម តែងមានសភាពអ៊ូអរ។
នៅក្នុងការរចនាម៉ូដតុបតែងបែបសម័យថ្មីជាមួយគំនូរតាមជញ្ជាំង បន្ថែមសោភ័ណភាពដល់កន្លែងអង្គុយក្នុងហាង បំពាក់សង្ហារិមតុឈើជ្រុងសម្រាប់ឲ្យភ្ញៀវអង្គុយ។
តារាសម្ដែង និងម៉ូដែលធ្មេញច្រពើស កញ្ញា មាន សូនីតា ដែលជាម្ចាស់ហាង មីក្រហម បាននិយាយទាំងទឹកមុខញញឹម និងដៃកំពុងតែកាន់ចង្កឹះចាប់សរសៃមី ថា៖ «ខ្ញុំចូលចិត្តញ៉ាំមី អ៊ីចឹងហើយបានជាសម្រេចចិត្តបើកហាងលក់មីនេះឡើង។ ណាមួយចង់ញ៉ាំមីដែលមានគុណភាពល្អ មានរសជាតិឆ្ងាញ់ជាមួយអនាម័យផងដែរ»។
មិនខុសពីឈ្មោះហាងទេ មីក្រហមមានពណ៌ក្រហមប្លែក ជាពិសេសជាងនេះទៅទៀតគឺសរសៃមីត្រូវបានធ្វើភ្លាមៗ សម្រាប់លក់មួយថ្ងៃ។
ពណ៌ក្រហមនៃសរសៃមី ត្រូវបានរំលេចឡើងដោយសារគ្រឿងផ្សំពីធម្មជាតិរួមមានមើមឆៃថាវក្រហម ស្ពៃក្តោបស្វាយ និងខ្ទឹមបារាំងក្រហម យកទៅកិនយកទឹក លាយជាមួយម្សៅ ដើម្បីឲ្យវាមានពណ៌ស្អាតរឹតតែទាក់ទាញ និងមានក្លិនឈ្ងុយ។
រាជិនីក្រមា កញ្ញា មាន សូនីតា បានបន្តថា៖ «ក្រៅពីក្រហមដែលយើងធ្វើដោយខ្លួនឯងហើយនោះ គឺយើងបានធ្វើប្រហិតសាច់គោខ្លួនឯងផងដែរ ដោយជ្រើសរើសយកសាច់គោល្អៗ ផ្សំជាមួយគ្រឿងផ្សំពិសេសប្រចាំហាង ធ្វើឲ្យប្រហិតនេះមានរសជាតិឆ្ងាញ់មិនស្វិត ជាពិសេសយើងក៏បានធ្វើប្រហិតយក្សដែលមានគ្រឿងផ្សំដូចជា សាច់គោចិញ្ច្រាំ ម្រេចបៃតង ផ្លែសារី និងការ៉ុត។ ចំពោះប្រហិតយក្សនេះគឺមានចំនួនកំណត់ អ៊ីចឹងប្រសិនជាភ្ញៀវចង់ញ៉ាំគឺអាចតេមកកក់មុនបាន ពីព្រោះថា ប្រហិតដែលយើងធ្វើគឺសម្រាប់តែលក់មួយថ្ងៃៗប៉ុណ្ណោះ»។
តោះ! សាកមីក្រហមស្នាដៃកូនខ្មែរតម្លៃត្រឹមតែ ១១០០០ រៀល។ ចៃដន្យអាចបានជួប ម្ចាស់ហាងតារាស្រស់ស្អាតទៀត។ ទាក់ទងតាមទូរស័ព្ទលេខ ០៩៨ ២០១១៧០៕