ភ្នំពេញៈ មួយ​ចាន​មាន​សរសៃ​មី​ទើប​នឹង​ស្រង់​ចេញ​ពី​ឆ្នាំង​ពុះ​ខ្ជោលៗ​មាន​បន្ថែម​សាច់​ដែល​ភ្ញៀវ​បាន​ជ្រើសរើស​រួម​ជាមួយ​គាវ បន្លែ និង​ស្លឹក​ជីរ​។ រីឯ​មួយ​ចាន​ទៀត​មាន​ទឹកស៊ុប​ជាមួយ​ឆ្អឹង​ស៊ុប​អម​ដោយ​ទឹកជ្រលក់ ២ ចាន​ទៀត ដែល​ភ្ញៀវ​អាច​រីករាយ​នឹង​ញ៉ាំ​យ៉ាង​ឆ្ងាញ់​ពិសា​។

នេះ​ជា​មីគោក​ ៤ ​រសជាតិ​ដែល​បាន​ដំណើរការ​អស់​រយៈពេល​ជាង ៣ ឆ្នាំ​កន្លង​មក​ហើយ​ក្រោយពី​ទទួល​បាន​ប្រជាប្រិយភាព​ពី​បណ្ដា​ភ្ញៀវ​គ្រប់​វ័យ​រួម​ទាំង​តារា​ល្បីៗ​ចូល​ទទួលទាន និង​កុម្ម៉ង់​ខ្ចប់ ដោយសារ​តែ​មីគោក​នេះ​មាន​រសជាតិ​បែប​ហុងកុង ហើយ​ត្រូវ​បាន​កែច្នៃ​ថ្មី​ថែម​ជាតិ​ប្រៃ​ផ្អែម​តម្រូវ​តាម​ចិត្ត​អតិថិជន​ខ្មែរ​យើង​។

លោក ចាន់ សាអូន វ័យ ២៧ ​ឆ្នាំ​ជា​ម្ចាស់​ហាង​​ដែល​ជា​កូន​នៃ​គ្រួសារ​មាន​ហាង​សាច់ខ្វៃ​ល្បី​រយៈពេល ៣០ ​ឆ្នាំ​មក​ហើយ​បាន​ឲ្យ​ដឹងថា​៖ «​អាច​ថា​មកពី​ខ្ញុំ​ជា​មនុស្ស​ដែល​ទំនេរ​ពេក​ក៏​ថា​បាន​ដែរ និង​មកពី​គ្រួសារ​ខ្ញុំ​មាន​ហាង​លក់​ជ្រូកខ្វៃ ហើយ​ជ្រូកខ្វៃ​វា​មាន​រដូវកាល​​ ៣ ​ធំៗ​មាន​សែន​ចូលឆ្នាំ​ចិន សែន​ឆេងម៉េង និង​សែន​ក្បាលទឹក ប៉ុន្តែ​រដូវកាល​នេះ​វា​ចន្លោះ​ពេល​រាង​យូរ​ដែរ​»​។

ហាង​ផ្ដោត​រសជាតិ​តម្រូវ​បែប​ខ្មែរ​ជាមួយ​ការតុបតែង​ហាង​សាមញ្ញ​ផ្ដោតលើ​អនាម័យ​។ ហុង មិនា

ដើម្បី​បំពេញ​ចន្លោះ​នោះ​លោក​បាន​បន្ត​ថា​៖ «​ខ្ញុំ និង​បងប្រុស​ខ្ញុំ​ក៏​បាន​គិតថា បើ​មាន​ហាង​មួយ​ទៀត​ប្រហែល​ជា​ល្អ ហើយ​ក៏​នាំ​គ្នា​គិតថា​លក់​អី ក៏​សម្រេច​ចិត្ត​ថា លក់​មី​ដោយសារ​តែ​មនុស្ស​ភាគច្រើន​ចូលចិត្ត​ញ៉ាំ​មី​នៅ​ពេល​ដែល​មាន​អារម្មណ៍​ថា មិន​ចង់​ញ៉ាំ​បាយ​»​។

ឈ្មោះ​ថា «​មីគោក​ ៤ ​រសជាតិ​» មិនមែន​សំដៅ​លើ​រសជាតិ​ផ្សេង​គ្នា​នោះ​ទេ ប៉ុន្តែ​ផ្តោត​ទៅ​លើ​រសជាតិ​សាច់​ដែល​ថែម​ក្នុង​ចាន​មី​ប្រភេទ​ខុស​គ្នា​មាន​សាច់​ទា សាច់​សាស៊ីវ សាច់ ផាក់ឡូវ និង​សាច់ខ្វៃ​។

ហាង​មាន​លក់​មីគាវ​សាច់​ទា​តម្លៃ ១០ ០០០ ​រៀល មី​គាវ​សាច់​សាស៊ីវ មីគាវ​សាច់​ផាក់ឡូវ និង​មីគាវ​សាច់ខ្វៃ​តម្លៃ ៩ ០០០ រៀល ចំពោះ​តម្លៃ ១៥ ០០០ រៀល​គ្រប់​រសជាតិ​ទាំងអស់​មាន​បន្ថែម​សាច់ និង​គាវ​។

លោក ចាន់ សាអូន ម្ចាស់​ហាង មីគោក​ ៤ ​រសជាតិ​។ ហុង មិនា

ក្រៅពី​ប្រភេទ​មី មីគោក​ ៤ ​រសជាតិ​ក៏​មាន​លក់​ជា​ប្រភេទ​សាច់​ទា សាច់ខ្វៃ សាច់​ផាក់ឡូវ សាច់​សាស៊ីវ​មួយ​ចាន តម្លៃ ១០ ០០០ រៀល​។ គាវ មីគាវ ស៊ុបគាវ ១ ​ចាន​តម្លៃ ៧ ០០០ ​រៀល​។ ឈាម​ ១ ​ចាន​តម្លៃ ៣០០០ រៀល និង​ភេសជ្ជៈ​ធ្វើ​ដោយ​ខ្លួនឯង​តម្លៃ​ចាប់ពី ១ ០០០ រៀល​។

ហាង​មីគោក​៤​រសជាតិ បើក​ពី​ម៉ោង ៩ ​ព្រឹក​រហូត​ដល់​ម៉ោង ៨ ​យប់ និង​ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សៅរ៍ និង​មាន​អាសយដ្ឋាន​ស្ថិត​នៅ​ក្រោយ​វិទ្យាល័យ​ព្រះយុគន្ធរ ផ្លូវ​លេខ ២៧៦ បត់​តាម​ម៉ូម៉ូ​ខារ៉ាអូខេ​ប្រហែល ៥០ ម៉ែត្រ ថែម​ទាំង​មាន​ការដឹកជញ្ជូន​ដល់​ទីកន្លែង​សូម្បី​តែ​មួយ​ប្រអប់​។ ទូរស័ព្ទ​លេខ ០៨៩ ៧១ ៨៨ ៨៧ និង ០៩៨ ៣៧ ៣២ ៣២៕

វីដេអូ៖