ភ្នំពេញៈ មីឆា​ម៉ុងហ្គោលី គួបផ្សំ​នឹង​សិល្បៈ​នៃ​ការ​ចម្អិន​យ៉ាង​ជំនាញ​ជាមួយ​ខ្ទះ​ធំ​ប្លែក​មាន​កម្តៅ​ក្តៅ​ខ្លាំង ដោយ​ចុងភៅ​ប្រើ​ដៃ​ម្ខាង​យក​ឈើ​មក​ប្រែ​សរសៃ​មី បន្លែ និង​សាច់​យ៉ាង​ញាប់ដៃ ហើយ​ដៃ​ម្ខាង​ទៀត​កាន់​កំប៉ុង​ទឹក​ចាំ​ស្រោច​ទឹក​ពី​លើ​ដើម្បី​ឲ្យ​ឆ្អិន​ល្អ​។

លោក កាន់ ប៊ុណ្ណា វ័យ ២៨ ឆ្នាំ ​ជា​ម្ចាស់​ហាង​មី​ម៉ុងហ្គោលី បាន​ថ្លែង​មក​កាន់ ភ្នំពេញ ប៉ុស្តិ៍ ថា​៖ «​មី​ម៉ុងហ្គោលី ដែល​ជា​អាហារ​ដែល​ខ្ញុំ​ចូលចិត្ត​ជាង​គេ ហើយ​ណាមួយ​ទៀត​ដោយសារ​តែ​ខ្ញុំ​បាន​មើលឃើញ​ថា​នៅ​ស្រុក​ខ្មែរ​យើង​មាន​គេ​នាំចូល​នូវ​អាហារ​ជាច្រើន​ចម្រុះ​ជាតិ​សាសន៍​មាន​ថៃ ជប៉ុន ចិន ឥណ្ឌូនេស៊ី និង​ជាច្រើន​ប្រទេស​ទៀត​នៅ​មិន​ទាន់​មាន​តែ​អាហារ​ម៉ុងហ្គោលី​ទេ​»​។

សរសៃ​មី​មាន​រសជាតិ​ឆ្ងាញ់​ដូច​នៅ​អាមេរិក​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

GK Mongolian Noodles មាន​លក់​តែ​មី​ម៉ុងហ្គោលី​តែ​មួយ​ប្រភេទ​ប៉ុណ្ណោះ ដែល​ក្នុង​ ១ ​ចាន​មាន​តម្លៃ ៦,៨០ ដុល្លារ​ យើង​អាច​រើស​តាម​ចិត្ត​នូវ​ប្រភេទ​សាច់ និង​បន្លែ​ដែល​មាន​សាច់ ៣ ​ប្រភេទ​គឺ​សាច់មាន់ សាច់ជ្រូក និង​សាច់គោ រួម​ជាមួយ​បន្លែ​រហូត​ទៅ​ដល់ ១១ មុខ​សម្រាប់​ជ្រើសរើស​មាន​ឃិនឆាយ ននោង​បារាំង ស្ពៃក្តោប ផ្កាខាត់ណា (​ស និង​បៃតង​) ប៉េងប៉ោះ ម្ទេស​ប្លោក ខ្ទឹមបារាំង ផ្សិត ស្នៀតពោត និង​ការ៉ុត​។ ចំណែកឯ​ភេសជ្ជៈ​មាន​ទឹក​សុទ្ធ​តម្លៃ ០,៥០ ​ដុល្លារ និង​ប្រភេទ​ទឹកក្រូច (​កូកាកូឡា ស្ព្រៃត៍ និង​ទឹកក្រូច​) ​មាន​តម្លៃ​ ០,៧៥ ​ដុល្លារ​។

បើក​ពី​ម៉ោង ១០:៣០ ព្រឹក​រហូត​ដល់​ម៉ោង ៩ ​យប់ GK Mongolian Noodles ដែល​ទើប​សម្ពោធ​ពី​ខែ​ឧសភា​កន្លង​ទៅ​នេះ​ក្នុង​ ១ ​ថ្ងៃ​មាន​ភ្ញៀវ​ពី ១៥០ ទៅ ២០០ ​នាក់​។

ម្ចាស់​ហាង​ជា​អាណិកជន​ខ្មែរ​អាមេរិក​រូប​នេះ​បាន​ប្រាប់​ពី​គោលការណ៍​ក្នុង​ហាង​បន្ថែម​ទៀត​ដែរ​ថា​៖ «​សម្រាប់​ហាង​ខ្ញុំ​មាន​លក្ខណៈ​ខុស​ពី​ហាង​ដទៃ​ដោយសារ​របៀបរបប​នៃ​ហាង​ខ្ញុំ​តម្រូវ​ឲ្យ​ភ្ញៀវ​បង់លុយ​មុន​នឹង​ទទួល​បាន​អាហារ ហើយ​លក្ខណពិសេស​វិញ​គឺ​អតិថិជន​អាច​ទិញ​តែ ១ ចាន​ហើយ​ញ៉ាំ​បាន​គ្នា​ ២ ​នាក់ បើ​សិន​ជា​គិត​ថា​ខ្លួន​ញ៉ាំ​មិន​អស់​តែ​ម្នាក់ឯង​ដោយសារ​តែ​ភ្ញៀវ​គឺជា​អ្នកដើរ​ចាប់​អាហារ​ដោយ​ខ្លួនឯង​ចង់​យក​ប៉ុន្មាន​ក៏​បាន​តាម​តម្រូវការ​ភ្ញៀវ និង​នៅ​ពេល​ញ៉ាំ​មិន​អស់​គឺ​អាច​ខ្ចប់​ទៅ​ផ្ទះ​បាន​យ៉ាង​ងាយស្រួល​»​។

ភ្ញៀវ​អាច​ចាប់​បន្លែ និង​សាច់​ដាក់​ចាន​តាម​ចិត្ត​ចង់ សម្រាប់​ឆា​ជាមួយ​មី​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

លោក កាន់ ប៊ុណ្ណា បាន​បញ្ជាក់​ដែរ​ថា​រសជាតិ​មីឆា​ដែល​លោក​កំពុង​តែ​ដាក់លក់​នេះ​គឺជា​រសជាតិ​ដើម​ដូច​ទៅ​នឹង​រសជាតិ​នៅ​អាមេរិក​ដែរ ដោយសារ​តែ​ប្រភេទ​សាច់ និង​សរសៃ​មី​គឺជា​ផលិតផល​ពី​អាមេរិក រីឯ​បន្លែ​ជា​ផលិតផល​កសិកម្ម​សរីរាង្គ​ក្នុង​ស្រុក​។

GK Mongolian Noodles មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ OCIC ក្រុង​រណប​ថ្មី​ជ្រោយចង្វារ​ជាប់​វិមាន​អាហារ និង​អាច​ទំនាក់ទំនង​មក​កាន់​ទូរស័ព្ទ​លេខ ០៧៨ ៤៩៩ ២៨៩៕

វីដេអូ៖